ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អនុញ្ញាតឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ Zhang Youxia មេបញ្ជាការ យោធភូមិភាគ ស៊ិនយ៉ាង ចូលជួបសម្តែងការគួរសម
 

          កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១១ វេលាម៉ោង ០៣:០០ នាទីរសៀល ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ Zhang Youxia មេបញ្ជាការ យោធភូមិភាគ ស៊ិនយ៉ាង (shen yang) ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងការពារជាតិ ក្នុងឱកាសដែល ឯកឧត្តម ដឹកនាំគណៈប្រតិភូយោធភូមិភាគ ស៊ិនយ៉ាង (shen yang) នៃកងរំដោះប្រជាជនចិន មកបំ ពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។

          នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ Zhang Youxia បានមានប្រសាសន៍ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបតិ្តការល្អ រវាងប្រទេស ទាំងពីរ កម្ពុជា-ចិន ដែលមានជាយូរលង់ណាស់មកហើយ ហើយបានបន្តទៀតថា នេះគឺជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងមកកាន់ប្រទេសកម្ពុជា របស់ឯកឧត្តម ក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ លើវិស័យការ ពារជាតិ ការបណ្តុះបណ្តាលសិក្ខាកាម នៃកងយោធពលខេមរភូមិន្ទ ដំដៅលើកកម្ពស់ចំណេះ ដឹង និងសមត្ថភាពសម្បូរបែប ក្នុងការបំពេញភារកិច្ចបំរើជាតិមាតុភូមិ។ លើសពីនេះទៀត ឯកឧត្តម Zhang Youxia ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម រដ្ឋមន្រ្តី ការពារជាតិចិន ចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ និង សូមចូលរួមរំលែកទុក្ខចំ ពោះប្រជាជនកម្ពុជាដែលទទួលរងគ្រោះដោយសារទឹកជំនន់ ហើយដើម្បីជួយសម្រាលនូវគ្រា អាសន្ននេះ ប្រទេសចិនបានសន្យាថា នឹងនៅតែបន្តផ្តល់ជំនួយឧបត្ថម្ភបន្ថែមទៀតដល់កម្ពុជា ដើម្បីបង្ហាញពីទឹកចិត្តស្រលាញ់រាប់អាន និងការអាណិតអាសូរចំពោះប្រជាជននៃប្រទេស ទាំងពីរ។ ឯកឧត្តម Zhang Youxia ក៏បានជូនពរដល់កម្ពុជាឲ្យទទួលបានជោគជ័យ ក្នុងការ ធ្វើជាប្រធានអាស៊ាន នៅឆ្នាំក្រោយ។

          ជាការឆ្លើយតប ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានមានប្រសាសន៍ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម Zhang Youxia រដ្ឋាភិបាល និងប្រជាជនចិន ដែលកន្លងមក កម្ពុជាបានចាត់ទុកប្រទេសចិនថាជាមហាមិត្តរបស់កម្ពុជា ហើយជានិច្ចកាល ចិន បានជួយឧបត្ថម្ភគាំទ្រកម្ពុជាលើគ្រប់វិស័យ ដូចជាវិស័យការពារជាតិ ការអប់រំបណ្តុះ បណ្តាលសិក្ខាកាម នៃកងយោធពលខេមរភូមិន្ទ ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ថ្នល់ ស្ពាន ព្រមទាំងអាគារសិក្សា និងស្នាក់នៅ ជាច្រើនទៀតដល់កងយោធពលខេមរភូមិន្ទ។ ហើយបានបន្តទៀតថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម នាពេលនេះគឺរឹតតែធ្វើឲ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ កម្ពុជា-ចិន កាន់តែមានភាពរឹងមាំទ្វេ ឡើង។

          ទាក់ទងទៅនិងកិច្ចប្រជុំអាស៊ាននានា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយ នោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានលើកឡើងថា កម្ពុជាមានកិត្តិយសដ៏ឧត្តុង្គ ឧត្តម ក្នុងការទទួលស្វាគមន៍ រដ្ឋមន្រ្តីជាន់ខ្ពស់នៃបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ ហើយកម្ពុជា បានត្រៀមរួចជាស្រេច ក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធនានា ឲ្យមានភាពរលូន នឹងទទួលបានជោគជ័យ៕