ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក កោសា ទីប្រឹក្សាផ្ទាល់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ និងជា អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងឱកាសដែល ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ អនុញ្ញាតឲ្យ ឯកឧត្តម Robert Scher ឧបការីរង រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ចូលជួបសម្តែងការគួរសម
 

          កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១១ វេលាម៉ោង ០៩:០០ នាទីព្រឹក ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក កោសា ទីប្រឹក្សាផ្ទាល់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ និង ជាអគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស បានអញ្ជើញចូលរួមជា កិត្តិយស ក្នុងឱកាសដែល ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ អនុញ្ញាតឲ្យ ឯកឧត្តម Robert Scher ឧបការីរង រដ្ឋមន្ត្រីក្រសួងការពារ ជាតិអាមេរិក ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងការពារជាតិ ។

          នាឱកាសនោះដែរ ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានមានប្រសាសន៍ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ លើគ្រប់វិស័យ រវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក ដែលកន្លងមកភាគីអាមេរិក បានជួយឧបត្ថម្ភគាំ ទ្រដល់កម្ពុជាលើវិស័យការពារជាតិ វិស័យសេដ្ឋកិច្ច វិស័យអប់រំ សុខាភិបាល និងវិស័យ ផ្សេងៗជាច្រើនទៀតសំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា រួមមាន សន្តិសុខលម្ហ សមុទ្រ ការសង្រ្គោះគ្រោះមហន្តរាយ សកម្មភាពប្រឆាំងភេរវកម្ម ប្រតិបត្តិការរក្សាសន្តិភាព ដែលកន្លងមកទទួលបានជោគជ័យដ៏ត្រចៈត្រចង់ ។ ទាក់ទងទៅនិងកម្ពុជា ដែលធ្វើជាប្រធាន អាស៊ាន នៅឆ្នាំក្រោយ ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានលើកឡើងថា កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធនានា តែក៏ទាមទារឲ្យមានការចូលរួមគាំទ្រផងដែរពីសំណាក់សហរដ្ឋអាមេរិក ពិសេសគឺ ការចូលរួមផ្តល់ទស្សនាទាន (Concept Paper) ដល់កម្ពុជា ។

          ជាការឆ្លើយតប ឯកឧត្តម Robert Scher បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ ឯកឧត្តម នាង ផាត ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួល ស្វាគមន៍ ឯកឧត្តម ព្រមទាំងគណៈប្រតិភូ ហើយក៏បានលើកឡើងថា ដំណើរទស្សនកិច្ច របស់ឯកឧត្តម នាពេលនេះ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា ឲ្យ កាន់តែមានភាពរឹងមាំថែមទៀតពិសេសគឺដើម្បីពិភាក្សាអំពីបញ្ហាអាស៊ាន២០១២ (ASEAN12) និង អាមេរិក ក្នុងការគាំទ្រកំណែទម្រង់កងទ័ព និងការបង្កើនកិច្ចពិភាក្សាកម្រិតខ្ពស់ រវាងប្រ ទេសទាំងពីរ ។ លើសពីនេះទៀត ឯកឧត្តម Robert Scher បានបន្តថានឹងចូលរួមគាំទ្រដល់ កម្ពុជា ក្នុងការរៀបចំនូវរាល់បណ្តាកិច្ចប្រជុំអាស៊ាននានា នៅឆ្នាំក្រោយឲ្យទទួលបានជោគ ជ័យ៕