ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អនុញ្ញាតឲ្យ លោកវរសេនីយ៍ឯកពិសេស Zhang Jianlin អនុព័ន្ធកងទ័ព ជើងគោក ជើងទឹក និងជើងអាកាស ចូលជួបសម្តែងការគួរសម និងជម្រាបលា ខណៈដែល ឯកឧត្តម បានបញ្ចប់បេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា

        កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១១ វេលាម៉ោង ០២:៣០ នាទីរសៀល នៅទីស្តីការ ក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការពារជាតិ បានអនុញ្ញាតឲ្យ លោកវរសេនីយ៍ឯកពិសេស Zhang Jianlin អនុព័ន្ធកងទ័ព ជើងគោក ជើងទឹក និងជើងអាកាស ចូលជួបសម្តែងការគួរសម និងជម្រាបលា ខណៈដែល លោក បានបញ្ចប់បេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា ។

        នាឱកាសនោះដែរ លោកវរសេនីយ៍ឯកពិសេស Zhang Jianlin បានមានប្រសាសន៍ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ដែលបានឆ្លៀតពេល វេលាដ៏មមារញឹកអនុញ្ញាតឲ្យរូបលោក ចូលជួបសម្តែងការគួរសម និងជម្រាបលា នាពេលនេះ។ លោក Zhang Jianlin ក៏បានលើកផងដែរអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស ទាំងពីរកម្ពុជា-ចិន ដែលមានតាំងពីយូរលង់ណាស់មកហើយ ពិសេសខាងវិស័យការពារជាតិ និង ទំនាក់ទំនងការទូត ដោយលោកបានកត់សម្គាល់ឃើញថា ក្នុងរយះពេល២ឆ្នាំដែលលោកបាន មកបំពេញបេសកកម្មជាអនុព័ន្ធយោធានៅប្រទេសកម្ពុជា កម្ពុជាមានការរីកចម្រើនឈានឡើង ជាលំដាប់ ទាំងវិស័យយោធា សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំបណ្តុះបណ្តាល ក៏ដូចជា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្សេងៗផងដែរ សំដៅរឹតបណ្តឹងចំណងមិត្តភាព សាមគ្គីភាព ភាពជាអ្នកជិតខាងល្អ ដើម្បីលើកស្ទួយសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ម៉្យាង វិញទៀត ក៏សូមជូនពរឲ្យកម្ពុជាទទួលបានជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០១២ ខាងមុខនេះ ។

        ជាការឆ្លើយតប ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ដែល តែងតែបានចាត់ទុកថាជាប្រទេសមហាមិត្តរបស់កម្ពុជា។ លើសពីនេះទៀត ឯកឧត្តម ឧបនាយក រដ្ឋមន្រ្តី ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចបានល្អប្រសើរ ក្នុងការផ្តល់ និងបញ្ជូនព៌ត័មានឲ្យគ្នាទៅវិញទៅមក សំដៅរឹតបណ្តឹងចំណងសាមគ្គីភាព ពង្រីកកិច្ចសហប្រតិ បត្តិការល្អទ្វេឡើងជាលំដាប់ ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តទៀតថា តាមរយះ លោកវរសេនីយ៍ឯកពិសេស Zhang Jianlin ខ្ញុំសូមថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនចិន ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា លើគ្រប់វិស័យ ហើយសន្យាថា នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិល្អជាមួយអនុព័ន្ធយោធា ថ្មីចិននៅពេលខាងមុខជាបន្តបន្ទាប់ ឲ្យកាន់តែមានភាពរឹងមាំថែមទៀត ៕