ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញវិស្វកម្មសំណង់ស៊ីវិល អាវុធហត្ថ និងពេទ្យកំរិត២ ដល់កងកម្លាំងត្រៀមបំពេញបេសកកម្មរក្សាសន្តិភាពក្របខ័ណ្ឌ អង្គការសហប្រជាជាតិ នៅវិទ្យាស្ថាន ហ្វឹកហ្វឺន បណ្តុះបណ្តាល កងកម្លាំងរក្សា សន្តិភាព បោសសំអាតមីន និង កាកសំណល់សង្គ្រាម

       កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១១ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺន ជំនាញវិស្វកម្មសំណង់ស៊ីវិល អាវុធហត្ថ និងពេទ្យកំរិត២ ដល់កងកម្លាំងត្រៀមបំពេញបេសកកម្ម រក្សាសន្តិភាពក្របខ័ណ្ឌអង្គការសហប្រជាជាតិ នៅវិទ្យាស្ថានហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំង រក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម ស្ថិតក្នុងភូមិគ្រាំងពន្លៃ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីសំណាក់ ឯកឧត្តម នាយទាហានជាន់ខ្ពស់ នាយទាហានរង និងពលទាហាន ជាច្រើនរូបនៅក្នុងវិទ្យាស្ថាននេះ និងមកពីស្ថាប័នពាក់ព័ន្ធ ផ្សេងៗទៀត ។

       នាឱកាសនោះដែរ បន្ទាប់ពីទទួលបានការអនុញ្ញាតពី ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សែម សុវណ្ណនី ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់ គ្រងកងកម្លាំងរក្សាសន្តិភាព ក៏បានមានប្រសាសន៍ សម្តែងនូវកត្តញ្ញូតាធម៌ដឹងគុណដ៏ជ្រាលជ្រៅ បំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ជាលើកទី១៩ របស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ដែលសរបញ្ជាក់ ឲ្យឃើញពីទឹកចិត្តប្រកបដោយមនោសញ្ចេតនាយ៉ាងកក់ក្តៅ និងការយកចិត្តទុកដាក់ខ្ពស់ ចំពោះ នាយទាហាន នាយទាហានរងទាំងអស់ នៃកងយោធពលខេរភូមិន្ទ ។ បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក សែម សុវណ្ណនី ក៏បានគោរពរាយការណ៍ជូនអង្គពិធីទាំងមូល ដោយសង្ខេបអំពី ខ្លឹមសារវគ្គហ្វឹកហ្វឺនបំប៉នជំនាញទាំងបីខាងលើ ដែលមានសិក្ខាកាមសរុបចំនួន ៣៩៣នាក់ ក្នុង នោះរួមមានៈ ផ្នែកសំណង់ស៊ីវិល ចំនួន ២២៨នាក់ ផ្នែកអាវុធហត្ថ ចំនួន ៨១នាក់ និងផ្នែកពេទ្យ កំរិត២ ចំនួន ៨៤នាក់ លើសពីនេះ មជ្ឈមណ្ឌលក៏មានសិក្ខាកាមសិក្សាភាសាបារាំង០២ថ្នាក់ មាន ចំនួន ៤៦នាក់ និងយោធិនថ្មីកំពុងហ្វឹកហាត់ ចំនួន ៥៥នាក់ទៀត ដែលខ្លឹមសារ នៃការហ្វឹកហ្វឺន គឺប្រមូលផ្តុំលើកត្តាសំខាន់ៗចំនួន ០៤ មានដូចខាងក្រោមនេះ ៖

            ១. ការអប់រំចិត្តសាស្រ្ត សិក្សាយល់ដឹងអំពីចំណោះដឹងទូទៅស្តីពីច្បាប់បទបញ្ញត្តិនានា របស់ ព្រះរាជាណាចក្រកម្ពុជា និងបេសកកម្មមនុស្សធម៌ របស់អង្គការសហប្រជាជាតិ

            ២. ទ្រឹស្តីនិងយុទ្ធសាស្រ្តយោធារបស់កងយោធពលខេរភូមិន្ទ (សៀវភៅសការពារជាតិ)

            ៣. ការសិក្សាមុខវិជ្ជានីមួយៗតាមជំនាញ ដោយសិក្សាតាមប្រព័ន្ធ និងបទដ្ឋានបច្ចេក ទេស មានដូចជាបទដ្ឋានបច្ចេកទេស SOP ជាដើម

            ៤. ការសិក្សាមុខជំនាញផ្សេងៗទៀត មានជាអាទិ៍ វិទ្យុទាក់ទង បណ្តាញអគ្គិសនី បែប បទរដ្ឋបាល និងព័ត៌មានវិទ្យា ជាដើម។

       មានមតិសំណេះសំណាលទៅកាន់ ឯកឧត្តម នាយទាហានជាន់ខ្ពស់ នាយទាហាន នាយទាហានរង ពលទាហាន ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងសិក្ខាកាមទាំងអស់ ដែលមាន វត្តមាននាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិ និងមជ្ឈមណ្ឌលជាតិ គ្រប់ គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ដែលបានបង្កើតឲ្យ មានពិធី ដ៏អធិកអធម្មនេះឡើង សំដៅលើកកម្ពស់សមត្ថភាព លទ្ធភាព និងចំណេះដឹង ដែល ជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យ ហើយក្នុងពេលកន្លងមកនេះ កងយោធពលខេរភូមិន្ទ បាន ចូលរួមយ៉ាងសកម្មក្លៀវក្លា ក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ចូលរួមក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ និងការសង្គ្រោះគ្រាអាសន្នជាដើម ។ ជាមួយគ្នានេះ កងយោធពលខេរភូមិន្ទយើងបានចូលរួមក្នុងកិច្ចការតំបន់ និងអន្តរជាតិទៀតផង ។ សមត្ថភាព និងលទ្ធភាពទាំងនេះ មិនត្រឹមតែស្ថិតក្នុងលំដាប់ជាតិប៉ុណ្ណោះទេ តែក៏បានក្លាយខ្លួនឈានឡើង បន្តិចម្តងៗដល់កម្រិតអន្តរជាតិ ដែលវិជ្ជាជីវៈបែបថ្មីនៃកងយោធពលខេរភូមិន្ទ បានពង្រឹងឲ្យ ស្របទៅតាម និយាមកាមអង្គការសហប្រជាជាតិ ។ អ្វីដែលមានមោទនភាព និង កិត្តិយស បំផុតជាមួយការដឹកនាំ គឺចំពោះកម្ពុជាទាំងមូលនិយាយជារួម និងចំពោះកងយោធពលខេរភូមិន្ទ និយាយដោយឡែកបានក្លាយជាចំណុចសំខាន់ ស្ថិតក្នុងទស្សនៈវិញ្ញាណរបស់ ប្រទេសជាមិត្ត ទាំងក្នុងតំបន់ ក៏ដូចជាក្នុងសកលលោក ដែលបានយកចិត្តទុកដាក់ទទួលស្គាល់ និងផ្តល់តម្លៃដ៏ ធំធេង ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានបន្តទៀតថា ទោះបីជាបច្ចុប្បន្នកម្ពុជា នៅមាន ការងារច្រើនអនេក ដើម្បីអផិវឌ្ឍជាតិឲ្យរំដោះខ្លួនរួចផុតពីភាពក្រីក្រ ជាអាទិ៍ៈ ការត្រៀមលក្ខណៈ សំដៅជំនះរាល់ផលវិបាកនានា ដែលអាចកើតចេញពីភាពមិនច្បាស់លាស់នៃ សេដ្ឋកិច្ចពិភព លោក និងការខាតបង់ដ៏ធ្ងន់ធ្ងរពីគ្រោះ ទឹកជំនន់ ឆ្នាំ២០១១ ក៏កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការ សន្យា ចូលរួមតាមសំណូមពររបស់អង្គការសហប្រជាជាតិ ក្នុងការរួមចំណែកថែរក្សាសន្តិភាព ពិភពលោក ក្នុងន័យមនុស្សធម៌ ។

       គួរកត់សម្គាល់ផងដែរថា រយៈពេលកន្លងទៅនេះ កម្ពុជាបានបញ្ជូនកងកម្លាំងដ៏អង់អាច ក្លាហាន នៃកងយោធពលខេរភូមិន្ទ ទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការ សហប្រជាជាតិ សរុបចំនួន ៩០០នាក់ ។ ហើយដោយសារកងកម្លាំងរបស់កម្ពុជាទទួលបាននូវ ស្នាដៃឆ្នើម ទាំងការបំពេញភារកិច្ចស្នូល ទាំងការងារមហាជន ក៏ដូចជាការគោរពវិន័យ និងក្រម សីលធម៌ល្អ ទើបយើងទទួលបានកិត្តិយស កេរ្តិ៍ឈ្មោះ ហើយក៏ទទួលបានសំណូមពរជាបន្ត បន្ទាប់ទៀតពីអង្គការសហប្រជាជាតិ ឲ្យយើងជួយចូលរួមក្នុងបេសកកម្មទាំងនេះតទៅទៀត ។

       ជាចុងក្រោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើ និងជូនពរចំពោះ នាយទាហាន នាយទាហានរងគ្រប់ជាន់ថ្នាក់ ព្រមទាំងសិក្ខាកាមទាំងអស់ឲ្យ ខិតខំសិក្សារៀន សូត្រ ក្រេបជញ្ជក់យកចំណេះដឹង និងពង្រឹងខ្លូនឲ្យក្លាយជានាយទាហានជំនាញ ប្រកបដោយ សម្ថភាពខ្ពស់ ដើម្បីបំពេញភារកិច្ចបំរើជាតិមាតុភូមិ និងប្រជាជនឲ្យទទួលបានជោគជ័យ ។

       ជាទីបញ្ចប់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តប្រគល់អំណោយមាន មី ទឹកដោះគោ អង្ករ ជូនដល់នាយទាហាន នាយទាហានរង ដែលជាសិក្ខាកាមទាំងអស់នៅក្នុង មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់ សង្គ្រាម ហើយក៏បានអញ្ជើញពិនិត្យ គ្រឿងចក្រ រថយន្ត អាគារសិក្សា និងអាគារផ្សេងៗទៀតផងដែរ ៕