ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំគណ:ប្រតិភូចូលរួមក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន ក្រៅផ្លូវការ នៅកោះបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី
 

          កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១១ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកជំទាវ បានដឹកនាំគណៈប្រតិភូក្រសួង ការពារជាតិ ទៅចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការ ចំនួន ១០ប្រទេស ដែលបានប្រារព្វធ្វើឡើង នៅសណ្ឋាគារហ៊្គ្រែនហៃយ៉ាត (Grand Hyatte) កោះបាលី សាធារណរដ្ឋ ឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១១ ។

          ថ្លែងបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការ នាឱកាសនោះ ឯកឧត្តម ពួរណូម៉ូ យ៉ូស ហ្សីយ៉ង់តូរ៉ូ រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងនាមជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងក្នុងនាមរដ្ឋាភិបាលប្រជាជនឥណ្ឌូនេស៊ី បានសម្តែងនូវការគោរពស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះរដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំនេះ ។ ឯកឧត្តម រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី ក៏បានចូលរួមចំណែករំលែកទុក្ខ និងសម្តែងនូវក្តីអាណិតអាសូ យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល ប្រជាជន ដែលជាសមាជិកប្រទេសអាស៊ាន រួមមាន កម្ពុជា ឡាវ ហ្វីលីពីន ថៃ វៀតណាម និងសហភាពមីយ៉ាន់ម៉ា ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់យ៉ាងធ្ងន់ធ្ងរក្នុងរយ:ពេលកន្លងមក ។ ឯកឧត្តម រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី បានបន្តទៀតថា៖ តាមរយ:ដំណើរការនៃកិច្ចប្រជុំអាស៊ានចំនួន ០៣ ជាបន្តបន្ទាប់ នៅក្នុងឆ្នាំ២០១៥ ខាងមុខ យើងនឹងសម្រេចបង្កើតឲ្យបានសហគមន៍អាស៊ានមួយ ដែលក្នុងនោះរួមមានទាំងសហគមន៍នយោបាយសន្តិសុខអាស៊ានផងដែរ ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ ដើម្បីសម្រេចឲ្យបាននូវគោលដៅនេះ យើងត្រូវតែខិតខំប្រឹងប្រែងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងចំណោមបណ្តាសមាជិកអាស៊ានទាំងអស់ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ នៃបណ្តាប្រទេសអាស៊ាន ដែលជាកត្តាមួយដ៏ចំបងសំរាប់ភាពជាទូទៅ នៃសមាគមន៍អាស៊ានទាំងមូល ។

          នៅក្នុងឱកាសនោះដែរ បណ្តា ឯកឧត្តម រដ្ឋមន្ត្រី អនុរដ្ឋមន្រ្តី និងតំណាងរដ្ឋមន្រ្តីការពារជាតិនៃបណ្តាប្រទេសអាស៊ានទាំងអស់ ក៏បានចូលរួមផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការខាងវិស័យការពារជាតិអាស៊ាន ដើម្បីសម្រេចឲ្យបាននូវសហគមន៍នយោបាយសន្តិសុខអាស៊ាន ក្នុងឆ្នាំ២០១៥ ខាងមុខ ក៏ដូចជាការគ្រប់គ្រងគ្រោះមហន្តរាយ ការផ្តល់ជំនួយមនុស្សធម៌ និងអំពីតួនាទីរបស់កងទ័ព ក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីជួយសង្គ្រោះគ្រោះមហន្តរាយ និងការទប់ស្តាត់ការរីកសាយភាយអាវុធប្រល័យលោក ដើម្បីកុំអោយកើតមាននៅក្នុងតំបន់ ។

          អញ្ជើញចូលរួមក្នុងការផ្លាស់ប្តូរទស្សនៈគ្នានាឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានថ្លែងថា៖ ដើម្បីសម្រេចនូវសហគមន៍នយោបាយសន្តិសុខអាស៊ាន ឲ្យបានជោគជ័យ នៅឆ្នាំ២០១៥ ប្រទេសដែលជាសមាជិកអាស៊ានទាំងអស់ ត្រូវពង្រីកកិច្ចសហប្រតិបត្តិ ការក្នុងភាពជាដៃគូរល្អ ទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ព្រមទាំងត្រូវពិនិត្យការងារផ្សេងៗទៀតរួមមាន ការងារស្រាវជ្រាវវិទ្យាសាស្រ្តស្តីពីសន្តិសុខតំបន់ ដែលជាការចាំបាច់ ដើម្បីឆ្លើយតបចំពោះសន្តិសុខ និងស្ថិរភាពជូនប្រជាជនក្នុងសហគមន៍អាស៊ានទាំងមូល ។

          គួរកត់សំគាល់ផងដែរថា៖ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការ នៅកោះបាលី នាឱកាសនោះដែរ កិច្ចប្រុជុំក៏បានធ្វើការពិភាក្សាឡើងវិញដើម្បីបន្ថយពេលវេលា នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដែលត្រូវប្រជុំរៀងរាល់៣ឆ្នាំម្តង ឲ្យមកនូវត្រឹម ២ឆ្នាំម្តងវិញដែលគំនិតផ្តួចផ្តើមនេះ នឹងត្រូវលើកយកទៅពិភាក្សាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅឆ្នាំ២០១២ ខាងមុខ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ។

         បន្ទប់ពីកិច្ចប្រជុំនេះបានដំណើរការចប់សព្វគ្រប់ជាស្ថាពរ ទៅតាមរបៀបវីរៈដែលបានគ្រោងទុករួចមក ឯកឧត្តម ពួរណូម៉ូ យ៉ូស ហ្សីយ៉ង់តូរ៉ូ រដ្ឋមន្រ្តីការពារជាតិនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ក៏បានប្រគល់សិទ្ធធ្វើម្ចាស់ផ្ទះ ជូនដល់ ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ដែលត្រូវធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ នៃបណ្តាប្រទេសអាស៊ាន ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនានាមួយចំនួនទៀតនៅឆ្នាំក្រោយ ។

         ថ្លែងទៅកាន់ពិធីទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក្នុងឆ្នាំ២០១២ ខាងមុខនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានមានប្រសាសន៍ថា៖ កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន នៅកម្ពុជាក្នុងឆ្នាំ២០១២ គឺជាកិច្ចប្រជុំលើកទី៦ និងជាឆ្នាំទី៦ ដែលប្រទេសក្នុងអាស៊ានបានបង្កើនកិច្ចព្យាយាម សំដៅកសាងសហគមន៍អាស៊ានមួយ ដែលមានសន្តិសុខ និងកិច្ចសហប្រតិបត្តិការល្អប្រសើរ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់ថា តាមស្មារតីនេះកម្ពុជាបានសម្រេចថា៖ ប្រធានបទនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅឆ្នាំ២០១២ ខាងមុខនេះ គឺការលើកកំពស់ការឯកភាពរបស់អាស៊ាន ដើម្បីសហគមន៍ដែលមានភាពសុខដុមរមនា សន្តិសុខ និងស្ថិរភាព ។

          ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០១២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានអញ្ជើញ ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ាន និងសហការីទាំងអស់ ដែលមានវត្តមានក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការនៅកោះបាលី នាពេលនេះឲ្យទៅចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើក ទី៦ នៅកម្ពុជាក្នុងឆ្នាំ២០១២ ខាងមុខនេះ ៕