ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញជាអធិបតី ក្នុងពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ៥៨ ថ្ងៃកំណើតកងយោធពលខេរភូមិន្ទ ០៩ វិច្ឆិកា ១៩៥៣ - ០៩ វិច្ចិកា ២០១១ នៅសាលប្រជុំធំ ក្រសួងការពារជាតិ

       កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១១ នៅសាលប្រជុំក្រសួងការពារជាតិ បានប្រារព្វ ពិធីមិទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៥៨ ទិវាកំណើតកងយោធពលខេរភូមិន្ទ ០៩ វិច្ឆិកា ១៩៥៣ - ០៩ វិច្ឆិកា ២០១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តម សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងមានការចូលរួម ពីសំណាក់ នាយទាហានជាន់ខ្ពស់ អញ្ជើញមកពីបណ្តាភូមិភាគ និងក្រសួងស្ថាប័នពាក់ព័ន្ធ ជាច្រើនរូបទៀត ។

       ស្ថិតឱកាសនោះដែរ បន្ទាប់ពីទទួលបានការអនុញ្ញាតពីគណៈអធិបតីរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេរភូមិន្ទ បានធ្វើការ គោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ព្រមទាំងនាយទាហាន ជាន់ខ្ពស់ទាំងអស់ដែលបានចូលរួមក្នុងពិធីដ៏វិសេសវិសាលនេះ ហើយក៏បានអាននូវ ប្រវត្តិ សង្ខេប នៃកំណើតកងយោធពលខេរភូមិន្ទ ដែលមានខ្លឹមសារដូចខាងក្រោម៖

          កងយោធពលខេរភូមិន្ទ បានចាប់ផ្តើមកំណើតដំបូងចេញពីអនុសញ្ញាយោធា បារាំង-ខ្មែរ នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៤៦ ដែលអនុសញ្ញានេះបានបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវមាន កម្លាំងយោធាដែលសុទ្ធតែជាខ្មែរ ។ ឯកឧត្តម បានបន្តទៀតថា កងយោធពលខេរភូមិន្ទ បានរីកចម្រើនខាងបរិមាណ និងគុណភាព ក្នុងដំណាក់កាល ៣ ដាច់ពីគ្នា ៖

               ដំណាក់កាលទី១ ពីថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៤៦ មកដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៥៣ គឺជាកាលបរិច្ឆេទនៃការចាប់ផ្តើមដំណាក់កាលផ្ទេរសមត្ថកិច្ចយោធា រវាងប្រទេសបារាំង និង ប្រទេសកម្ពុជា ។

               ដំណាក់កាលទី២ ពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៥៣ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៥៤ ជារយៈកាលបញ្ចប់អរិភាពលើទឹកដីអតីតឥណ្ឌូចិន របស់អាណានិគមនិយមបារាំងសែស ។

               ដំណាក់កាលទី៣ ចាប់ពីខែឧសភា ឆ្នាំ១៩៩៣ គឺជាដំណាក់កាលនៃការកសាង កង យោធពលខេរភូមិន្ទឡើងវិញ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ។

       ដោយឡែកលើការកែទម្រង់កងយោធពលខេរភូមិន្ទ ពុះពារអនុវត្តទទួលបានលទ្ធផល យ៉ាងល្អប្រសើរគួរឲ្យកត់សម្គាល់ ជាពិសេសក្នុងការកែទម្រង់អំពីបរិមាណ ការកាត់រំសាយ កងទ័ព ការកែទម្រង់រចនាសម្ព័ន្ធក្បាលអង្គភាព ស្ថាប័ន ការកាត់បន្ថយ និងការស្កាត់ អតិផរណាស័ក្តិ ។ល។ ទន្ទឹមនោះដែរការកែទម្រង់ អំពីផ្នែកគុណភាពកងយោធពលខេរភូមិន្ទ ក៏បានពង្រឹងនិងពង្រីកប្រព័ន្ធការងារហ្វឹកហ្វឺន តាមរូបភាពបង្កើនសាលាហ្វឹកហ្វឺន វិទ្យាស្ថាន សកលវិទ្យាល័យគ្រប់ជំនាញតាមលំដាប់ថ្នាក់ ចាត់បញ្ជូននាយទាហាន ពលទាហាន ឲ្យទៅ ហ្វឹកហ្វឺនរៀនសូត្របំប៉ន បណ្តុះបណ្តាលអំពីជំនាញបច្ចេកទេសវិទ្យាសាស្រ្តទាំងក្នុង និងក្រៅ ប្រទេស ដើម្បីបង្កើនសមត្ថភាពក្នុងការសម្រេចភារកិច្ចស្នូល ប្រកបដោយប្រសិទ្ធភាព ប្រែ ក្លាយកងយោធពលខេរភូមិន្ទ ឲ្យទៅជាកងទ័ពរៀបរយរឹងមាំស្តង់ដារអន្តរជាតិ ។

       មានប្រសាសន៍ទៅកាន់ នាយទាហានជាន់ខ្ពស់ នាយទាហានរង យុទ្ធជន យុទ្ធនារី នៃកងយោធពលខេរភូមិន្ទទាំងអស់ ដែលមានវត្តមាននៅក្នុងអង្គមិទ្ទិញនាពេលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាសបួន ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក៏បានធ្វើការសម្តែងមនោសញ្ចេតនាគោរពដឹងគុណប្រកបដោយមោទនភាព របស់ប្រជាជាតិ ខ្មែរយើង នៅក្នុងកម្លាំងមហាសាមគ្គីជាតិទាំងមូល ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លា នៃ ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ជាទីសក្ការៈនៃយើង និងក្រោមការដឹកនាំដ៏ភ្លឺស្វាងត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចទាំងបី គឺសម្តេច អគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេច អគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជា មគ្គុទ្ទេសក៍ដ៏ឆ្នើម និងជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់របស់ប្រជាជនកម្ពុជា ។ ទន្ទឹមនឹងនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវការគោរពដឹងគុណដ៏ស្មោះចំពោះបងប្អូនជនរួម ជាតិទាំងអស់ ដែលបានលះបង់កូនចៅ ប្តីសី និងសាច់ញាតិជាទីស្រលាញ់របស់ខ្លួនឲ្យចូល បម្រើក្នុងជួរកងទ័ព ដើម្បីការពារមាតុភូមិនៅគ្រប់ជំនាន់ និងសូមផ្តាំផ្ញើការសាកសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាគោរពស្រលាញ់ និងដឹងគុណដ៏ជ្រាលជ្រៅ ចំពោះគ្រួសារ យោធិនគ្រប់រូប រួមមានយោធិនពលី ពិការ ចូលនិវត្តន៍ ចូលបាត់បង់សមត្ថភាពការងារ យោធិនរំសាយ និងយោធិនរបួស ជម្ងឺ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងនៅ គ្រប់ទីកន្លែង សូមឲ្យបានឆាប់ជាសះស្បើយ និងមានសុខភាពល្អបរិបូរណ៍ ។

       ដោយឡែកនៅក្នុង បរិបទនៃដំណើរវិវត្តន៍ សភាពការណ៍សំខាន់ៗក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះបានបង្ហាញឲ្យឃើញថា កម្ពុជាបានឆ្លងកាត់ដំណាក់កាលប្រែប្រួលយ៉ាង ឆាប់រហ័ស ទាំងក្នុងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ចសង្គម ទំនាក់ទំនងផ្លូវច្បាប់អន្តរ ជាតិ និងការទូត ដែលបាននឹងកំពុងបោះជំហានយ៉ាងខ្លាំងក្លា ។ ជាមួយគ្នានេះ ភារកិច្ចជា អាទិភាពរបស់កងយោធពលខេរភូមិន្ទយើង គឺការកសាង និងពង្រឹងខឿនការពារជាតិ ការពារ អធិបតេយ្យភាព បូរណភាពទឹកដីដ៏បរវរុងរឿងមិនឲ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រឡើយ ។ ដោយឡែក បណ្តាប្រទេសក្នុងតំបន់អាស៊ាន ក៏កំពុងបង្កើនប្រសិទ្ធភាព និងកិច្ចសហប្រតិបត្តិ ការនៅផ្ទៃក្នុងខ្លួន ដើម្បីដំណើរការកសាងសហគមន៍អាស៊ាន នៅឆ្នាំ២០១៥ ខាងមុខ ។ រីឯ សភាពការណ៍ជាតិវិញ ឃើញថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យយ៉ាងធំធេង ជាអាទិ៍ៈ ការថែរក្សានិងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមទូទាំងប្រទេស ធានាបាននូវភាពអនុគ្រោះជាមូលដ្ឋាន ដើម្បី បន្តជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការកែលម្អជីវភាព កាត់បន្ថយភាពក្រីក្ររបស់ ប្រជាជន ។ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព កំពុងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធ ភាព និងការគាំទ្រចូលរួមយ៉ាងសកម្មពីប្រជាជន និងពីគ្រប់មជ្ឈដ្ឋាន រួមចំណែកយ៉ាងច្រើន ដល់ការកាត់បន្ថយបទល្មើសនានា ធានាសន្តិសុខមូលដ្ឋានបានល្អប្រសើរ ។ ជាក់ស្តែង វីរកង កម្លាំងដ៏អង់អាចក្លាហាននៃកងយោធពលខេរភូមិន្ទ បានការពារយ៉ាងរឹងមាំ ចំពោះការរំលោភ បំពានដែលមានលក្ខណៈជាសង្គ្រាមទ្រង់ទ្រាយធំ ដូចជា នៅតំបន់ប្រាសាទព្រះវិហារ កាលពី ថ្ងៃទី ០៤ ដល់ទី ០៧ ខែកុម្ភៈ ឆ្នាំ២០១១ និងនៅតំបន់ប្រាសាទតាមាន់ និងតាក្របី កាលពីថ្ងៃទី ២២ ខែមេសា ដល់ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១១ ដែលបានធ្វើឲ្យមហិច្ឆិតារំលោភបំពានមក លើបូរណភាពទឹកដី និងប្រាង្គប្រាសាទរបស់កម្ពុជាពីសំណាក់មជ្ឈដ្ឋានអ្នកដឹកនាំ និងអ្នក នយោបាយរបស់អតីតនាយករដ្ឋមន្រ្តី អាភីស៊ីត និងក្រុមអាវលឿងផងនោះ ទទួលរងនូវការ បរាជ័យ ទាំងនៅលើសមរភូមិយោធា នយោបាយការទូត និងផ្លូវច្បាប់ តុលាការយុត្តិធម៌អន្តរ ជាតិទីក្រុងឡាអេ ក៏ដូចជាការសម្រេចនានារបស់អង្គការសហប្រជាជាតិ នាពេលកន្លងមក ។

       គួរកត់សម្គាល់ថា ក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ២០១១ គណបក្ស ភឿថៃ របស់ លោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា បានឈ្នះការបោះឆ្នោតក្លាយជានាយករដ្ឋមន្ត្រីស្រ្តី ជាលើកដំបូង នៃព្រះរាជាណាចក្រថៃ និងក្រោយពីមានដំណើរទស្សនកិច្ចមកកម្ពុជារបស់ នាយករដ្ឋមន្រ្តីថ្មីរបស់ថៃ ក៏ដូចជាក្រោយពីមានព្រឹត្តិការណ៍ នៃការប្រកួតបាល់ទាត់មិត្តភាព របស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា និងថៃ ព្រមទាំងការជួបប្រជុំថ្នាក់មេបញ្ជាការកងទ័ពព្រំដែន ជួរមុខ កម្ពុជា-ថៃ ជាមន្តបន្ទាប់រួចមក សភាពការណ៍យោធា និងសន្តិសុខនៅតាមតំបន់ព្រំដែន មានភាពធូរស្រាល និងស្ងប់ស្ងាត់ល្អប្រសើរ ។ ទន្ទឹមនឹងនេះចំណងមិត្តភាព រវាងប្រទេសទាំង ពីរ កម្ពុជា-ថៃ ក៏កំពុងមានភាពរីកចម្រើនប្រសើរឡើងជាបន្តបន្ទាប់ផងដែរ ។ ដោយឡែកនៅ ក្នុងសភាពការណ៍ នៃគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនាចុងឆ្នាំ២០១១នេះ វីរកងយោធពលខេរភូមិន្ទ យើង បានចាត់វិធានការបានទាន់ពេលវេលាក្នុងការចុះជួយអន្តរាគមន៍ ដោយប្រើគ្រប់មធ្យោ បាយ សម្ភារៈ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តនានា ព្រមទាំងភ្ញៀវបរទេស នៅខេត្តសៀមរាបផងដែរ ។ ទទឹមនឹងនេះ យើងបានត្រៀមលក្ខណៈ និងចូលរួមយ៉ាងសកម្ម ក្នុងការកសាងហេដ្ឋារចនាសម័្ពន្ធផ្លូវថ្នល់ បោសសំអាតមីន ព្រមទាំងបានចូលរួមសកម្មភាព ជាលក្ខណៈអន្តរជាតិនានានៅក្នុងលំហាត់ហ្វឹកហ្វឺន ក៏ដូចជាការធ្វើសមយុទ្ធនៅលើទីលាន ភូមិសាស្រ្តទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់ផ្នែកមនុស្សធម៌ និងការថែរក្សា សន្តិភាពជាមួយបណ្តាប្រទេសក្នុងតំបន់ និងប្រទេសជាដៃគូនៅលើសកលលោក ។ លើសពី នេះទៀត ការចូលរួមនៅក្នុងបេសកកម្មកងកម្លាំងរក្សាសន្តិភាពក្របខ័ណ្ឌអង្គការសហប្រជា ជាតិ បានលើកកម្ពស់មុខមាត់របស់ប្រទេសជាតិ ក៏ដូចជាកិត្យានុភាព និងសេចក្តីថ្លៃថ្នូរ របស់ កងយោធពលខេរភូមិន្ទនៅលើឆាកអន្តរជាតិ ព្រមទាំងធ្វើឲ្យកម្លាំងរបស់យើងកាន់តែមាន បទ ពិសោធន៍ល្អៗ ក្នុងការជួយសង្គ្រោះផ្នែកមនុស្សធម៌អន្តរជាតិ ដោយទទួលបាននូវការកោត សរសើរ និងវាយតម្លៃខ្ពស់ពីសំណាក់អន្តរជាតិនានា ជាពិសេសលើផ្នែកវិស្វកម្ម ការបោស សំអាតគ្រាប់មីន និងកាកសំណល់សង្គ្រាម នៅប្រទេសស៊ូដង់ និងលីបង់ នាពេលកន្លងមក ។

       ឆ្លៀតក្នុងឱកាសនេះ ដើម្បីចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៥៨ ទិវា កំណើតកងយោធពលខេរភូមិន្ទ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ ជំនួសមុខ ឲ្យអគ្គបញ្ជាការ នៃកងយោធេពលខេរភូមិន្ទ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានធ្វើការផ្តាំផ្ញើ និងផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដើម្បីពិនិត្យឡើងវិញ និងបន្តអនុវត្តភារកិច្ច ចំពោះមុខ របស់កងយោធពលខេរភូមិន្ទ ដូចតទៅ៖

               ១-បន្តគាំទ្រ និងចូលរួមអនុវត្ត នូវគោលដៅជាអាទិភាពនៃយុទ្ធសាស្រ្តចតុកោណ ដំ ណាក់កាលទី២ របស់រាជរដ្ឋាភិបាល ជាពិសេសការធានាសន្តិភាព ស្ថិរភាព សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ សំដៅការពារជីវភាពរស់នៅដ៏សុខសាន្តរបស់ប្រជាជន និងឧត្តម ប្រយោជន៍របស់ប្រទេសជាតិ ។

               ២-បន្តកសាង និងពង្រឹងខឿនការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ឲ្យមានសមត្ថ ភាពគ្រប់គ្រាន់ ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី នៅគ្រប់កាលៈទេសៈ ។

               ៣-ត្រូវបន្តយកចិត្តទុកដាក់ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារពង្រឹងស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ ជាន់ថ្នាក់ រួមចំណែកកសាង ភូមិ-ឃុំមានសុវត្ថិភាព ។

               ៤-ត្រូវបន្តយកចិត្តទុកដាក់អនុវត្តឲ្យបានល្អប្រសើរថែមទៀត លើការកែទម្រង់ កង យោធពលខេរភូមិន្ទ ជាអាទិ៍ៈ ការលើកកម្ពស់ការហ្វឹកហ្វឺន បណ្តុះបណ្តាលវិជ្ជាជីវៈ យុទ្ធវិធី ប្រយុទ្ធ និងជំនាញបច្ចេកទេស ឯកទេសរបស់កងទ័ពទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បន្ត យកចិត្តទុកដាក់លើការងារ ធានាផ្គត់ផ្គង់ សម្ភារៈយោធបរិក្ខា ក៏ដូចជាមធ្យោបាយសម្ភារៈ សម្រាប់បម្រើឲ្យការងារប្រយុទ្ធ ត្រៀមប្រយុទ្ធ ធានាការផ្គត់ផ្គង់ស្បៀងអាហារ ក៏ដូចជាការថែ ទាំសុខភាពរបស់កងទ័ពឲ្យកាន់តែប្រសើរឡើង អនុវត្តការងារដោះស្រាយគោលនយោបាយ ចំពោះកងទ័ព រួមមានយោធិនពិការ គ្រួសារយោធិនពលី មរណៈ ចូលនិវត្តន៍ ចូលបាត់បង់ សមត្ថភាពការងារ ព្រមទាំងការផ្តល់សម្បទានដីសង្គមកិច្ចផងដែរ ។ បន្តចូលរួមជាមួយរាជ រដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ អភិបាលកិច្ចល្អ ជាពិសេសក្នុងការប្រយុទ្ធ ប្រឆាំងអំពើពុករលួយ ។

                ៥-ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយអនុវត្តខ្ជាប់ខ្លួនតាម គោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយបណ្តាកងទ័ពជាមិត្តជិតឆ្ងាយ លើសកលលោក និងក្នុងតំបន់ ជាពិសេសជាមួយកងទ័ពនៃបណ្តាប្រទេសជាមិត្តជិតខាង ដែលមានព្រំដែនជាប់ជាមួយនឹងកម្ពុជា ។ ទន្ទឹមនឹងនេះនៅពេលខាងមុខ ក្រសួងការពារជាតិ កងយោធពលខេរភូមិន្ទ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តី ការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀតនៅឆ្នាំ២០១២ ។

               ៦-បន្តលើកកម្ពស់យកចិត្តទុកដាក់ដល់ការបំពេញតួនាទី ភារកិច្ចរបស់ កងយោធពល ខេរភូមិន្ទ នៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ខិតខំបណ្តុះបណ្តាល ធនធានកងកម្លាំងរបស់យើងសម្រាប់ចេញទៅបំពេញភារកិច្ចនៅក្រៅប្រទេស ជាពិសេសនៅ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីទាញយកបទិសោធន៍ល្អៗ សម្រាប់អភិវឌ្ឍន៍ ក៏ដូច ជាការធ្វើសមាហរណកម្ម កងយោធពលខេរភូមិន្ទនៅក្នុងពិភពលោក និងក្នុងតំបន់អាស៊ាន ។

       ទន្ទឹមនឹងនេះ ត្រូវបន្តពង្រឹង និងពង្រីកស្នាដៃ និងជោគជ័យដែលកងកម្លាំងដោះមីន របស់យើងសម្រេចបានក្នុងការបំពេញបេសកកម្មអន្តរជាតិ នៅប្រទេសស៊ូដង់ និងប្រទេស លីបង់ នាពេលកន្លងមកឲ្យបានល្អប្រសើរ ដើម្បីជាគំរូសម្រាប់នាំមកនូវស្នាដៃធំធេងថ្មីៗទៀត របស់កងយោធពលខេរភូមិន្ទយើងនាំមកនូវកិត្យានុភាពជូនជាតិមាតុភូមិ និងបង្ហាញឲ្យឃើញ ពីស្មារតីចូលរួមយ៉ាងសកម្មនៅក្នុងបុព្វហេតុមនុស្សធម៌ និងសន្តិភាពពេញបរិបូរណ៍នៅលើ ពិភពលោកទាំងមូល ៕