បទឧទ្ទេសនាមស្តីពី ការអនុវត្តន៍នយោបាយឈ្នះ ឈ្នះ និងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ ទីប្រឹក្សា នាយកខុទ្ទកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជា អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៅសាលាភូមិន្ទរដ្ឋបាល
 

          កាលពីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១១ នៅសាលាភូមិន្ទរដ្ឋបាល មានរៀបចំធ្វើបទឧទ្ទេស នាមមួយស្តីពី ការអនុវត្តន៍នយោបាយ ឈ្នះ ឈ្នះ និងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា បង្ហាញដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ ទីប្រឹក្សា នាយកខុទ្ទកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជា អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ច ការបរទេស ដែលមានការចូលរួមពីសំណាក់អស់លោកដែលជា សិស្ស និសិ្សត និងកម្មសិក្សាការី វគ្គមធ្យម និង ជាន់ខ្ពស់ មកពីសាលាភូមិន្ទរដ្ឋបាល ព្រមទាំងនាយទាហាន នាយទាហានរង ប្រមាណ ៣០០នាក់ ។

          នាឱកាសនោះដែរ ឯកឧត្តម ណឹម សុវត្ថិ បានមានប្រសាសន៍ថា ឯកឧត្តម បាន និពន្ធសៀវភៅនេះឡើងក្នុងគោលបំណង បង្ហាញជូននូវព្រិត្តិការណ៍សំខាន់ៗ របស់ប្រមុខដឹកនាំ កំពូលៗនៃរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង និងនាំមកនូវសុខ សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍ជូនប្រទេសជាតិ។ ឯកឧត្តម បានបញ្ជាក់ ទៀតថា ដោយមើលឃើញពីទុក្ខវេទនារបស់ប្រជាជនដែលទទួលរងគ្រោះដោយសារសង្គា្រមកាប់ សម្លាប់បង្ហូរឈាមអស់ជាច្រើនទសវត្ស ទើបរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ម៉ឺង ម៉ាត់ប្រកបដោយគតិបណ្ឌិត បានខិតខំប្រឹងប្រែងរិៈរកគ្រប់មធ្យោបាយ ដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត ទទួលបានជោគជ័យជាបន្តបន្ទាប់។

         គួររំលឹកផងដែរថា នេះគឺជាលើកទី២ហើយដែល ឯកឧត្តម បានរៀបចំពិធីនេះឡើង លើក ទី១ គឺប្រព្រឹត្តទៅនៅវិទ្យាស្ថានភាសាបរទេស កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១១ កន្លងទៅនេះ ដែលមានការចូលរួមគាំទ្រយ៉ាងច្រើនកុះករពីសំណាក់និស្សិត មកពីវិទ្យាស្ថានភាសាបរទេស និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ឯកឧត្ត ក៏បានរំលឹកផងដែរថា យើងមិនភ្លេចទេចំពោះគុណបំ ណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន របស់គណបក្សប្រជាជនកម្ពុជាដែលបានរំដោះប្រទេសជាតិឲ្យ រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។ ការដាក់ចេញនូវ នយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល ដើម្បីកសាងប្រទេសជាតិពីបាតដៃទទេ រហូតដល់ មានការរីកចម្រើនលើគ្រប់វិស័យពិតជាមានការលំបាកខ្លាំងណាស់ ប៉ុន្តែដោយមានការចូលរួមគាំទ្រ និងអនុវត្តន៍យ៉ាងសកម្មពីសំណាក់ប្រតិបត្តិករ ដែលមានទឹកចិត្តស្មោះត្រង់វាងវៃ និងមាន សមត្ថ ភាពខ្ពស់ ជាពិសេស គឺកងយោធពលខេមរភូមិន្ទ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ ស្កាត់នូវរាល់អំពើអសកម្មទាំងឡាយ បានធ្វើឲ្យនយោបាយ ឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាល បោះជំហានឆ្ពោះទៅមុខប្រកបដោយភាពជោគជ័យ ហើយបានលើកស្ទួយកិត្យានុភាព និង ឧត្តមភាពកម្ពុជា ទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិជាពិសេសឯកឧត្តម ណឹម សុវត្ថិ ក៏បានលើកឡើងពីភារកិច្ច ស្នូលរបស់កងយោធពលខេមរភូមិន្ទក្នុងប្រតិបត្តិការការពារសន្តិសុខលម្ហសមុទ្រ ការប្រឆាំងអំពើភេរវ កម្មការជួយសង្គ្រោះគ្រោះមហន្តរាយ សុខាភិបាលយោធា ប្រតិបត្តិការរក្សាសន្តិភាព និងសកម្មភាព មនុស្សធម៌ផ្សេងៗទៀត។ ជាក់ស្តែងកងកម្លាំងរក្សាសន្តិភាពនៃកងយោធពលខេមរភូមិន្ទរបស់ យើងតែងតែទទួលបាននូវស្នាដៃឆ្នើម និងការកោតសរសើរក្នុងការបំពេញបេសកកម្មរក្សាសន្តិភាព ក្របខ័ណ្ឌអង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់ ប្រទេសឆាដ ប្រទេសលីបង់ និងប្រទេសអាហ្វិកកណ្តាលជាដើម ។

          ជាទីបញ្ចប់ ឯកឧត្តម ក៏បានប្រគល់សៀវភៅ ការបញ្ចប់សង្គ្រាមស៊ីវិល ប្រភពសន្តិភាពពេញលេញនៅកម្ពុជា ជូនដល់សិស្ស និស្សិត និងកម្មសិក្សាការីទាំងអស់នៃសាលាភូមិន្ទរដ្ឋបាលផងដែរ ៕