ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និង កិច្ចការបរទេស អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលា ស្តីអំពី ការធ្វើបច្ចុប្បន្នភាពឯកសារវិវេចនាយុទ្ធសាស្ត្រការពារជាតិ

        សិក្ខាសាលាមួយដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១២ ស្តីអំពី ការធ្វើបច្ចុប្បន្នភាពឯកសារវិវេចនាយុទ្ធសាស្រ្តការពារជាតិ ដែលប្រារពធ្វើឡើងនៅសណ្ឋាគារ អលសុនអង្គរប៉ារ៉ាឌី ក្រុងសៀមរាប ត្រូវបានបញ្ចាប់ និងបិទអង្គសិក្ខាសាលា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១២ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស ដែលមានការចូលរួមពីសំណាក់នាយទាហានជាន់ខ្ពស់ ដែលមកពី ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងប្រទេសជាដៃគូសន្តិសុខមួយចំនួនរួមមាន សហរដ្ឋអាមេរិក អូស្រ្តាលី ជាដើម ...។

        នាឱកាសនោះដែរ បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ស្តីពីលទ្ធផលនៃអង្គសិក្ខាសាលារួចមក ឯកឧត្តម ឧត្តម សេនីយ៍ឯក ណឹម សុវត្ថិ បានមានប្រសាសន៍កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិការទាំងអស់ ដែលឈានទៅដល់ការសម្រេចភារកិច្ច ក្នុងការចងក្រងតាក់តែងឯកសារសៀវភៅសការពារជាតិ ដែលជាយន្តការបម្រើឱ្យយុទ្ធសាស្រ្តការពារ ជាតិទាំងមូល ។

        ឯកឧត្តម ណឹម សុវត្ថិ បានបន្តទៀតថា វិស័យទាំងប្រាំដែលអង្គសិក្ខាសាលា បានដាក់ ចេញ រួមមាន៖ ប្រតិបតិ្តការរក្សាសន្តិភាព សកម្មភាពប្រឆាំងអំពើភារវកម្ម សន្តិសុខលម្ហសមុទ្រ ជំនួយ មនុស្សធម៌ និងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ និងសកម្មភាពការពារព្រំដែន សុទ្ធសឹងតែជា វិស័យអាទិភាព ដែលប្រទេសកម្ពុជា ក៏ដូចជាប្រទេសនានានៅលើសកលលោកកំពុងតែមានការយក ចិត្តទុកដាក់ខ្ពស់ ដូច្នេះទាមទាឱ្យយើងខិតខំសិក្សាស្វែងយល់ដោយយកចិត្តទុកដាក់ ចំពោះការវិត្តន៍នៃ សភាពការណ៍ និងព្រឹត្តិការណ៍ថ្មីៗ ទាំងក្នុងតំបន់ ក៏ដូចជា អន្តរជាតិ ។ ជាការពិតណាស់ ការការពារ និងអភិវឌ្ឍន៍ប្រទេសនិមួយៗ ទាមទាឱ្យមានកិច្ចសហប្រតិបត្តិការជាមួយដៃគូប្រទេសជាមិត្ត ដើម្បីឆ្លើយ តបទៅនឹងការផ្សាភ្ជាប់ទំនាក់ទំនងការទូត ទប់ស្កាត់អំពើភារវកម្ម និងសកម្មភាពរួមគ្នាផ្សេងៗទៀត ។ ឯកឧត្តម បានបន្ថែមទៀតថា វិស័យជាអាទិភាពទាំងនេះ នឹងត្រូវបានលើកយកទៅពិក្សាផងដែរ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ អាស៊ាន នៅខែឧសភា ឆ្នាំ២០១២ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តី ការពារជាតិអាស៊ាន ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនានាក្នុងឆ្នាំ២០១២ នេះ ៕