ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងពិធី បញ្ចុះបឋមសិលាសាងសង់មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ

        កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២ មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ កងទ័ពជើងគោក ត្រូវបានបញ្ចុះបឋមសិលាសាងសង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយក រដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកង យោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំង ឯកឧត្តម អគ្គមេបញ្ជាការរងកងទ័ព ជើងគោក មេបញ្ជាការ មេបញ្ជាការរងយោធភូមិភាគ កងពល និង ឯកឧត្តម អគ្គនាយក អគ្គនាយកដ្ឋាន នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទជាច្រើនរូប ។

        នាឱកាសនោះដែរបន្ទាប់ពីទទួលបានការអនុញ្ញាតពីគណៈអធិបតីរួចមក ឯកឧត្តម នាយឧត្តម សេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាកងទ័ពជើងគោក បានមានបតិស្វាគមន៍ ដោយសម្តែងនូវមោទនភាព និងការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែ បានគិតគូយកចិត្តទុកដាក់ ជួយឧបត្ថម្ភ ចិញ្ចឹមបីបាច់ ចំពោះកងទ័ពទាំងមូល និងនិយាយដោយឡែក ចំពោះយោធិនពិការ ដែលកន្លងមក សម្តេច បានសាងសង់មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ចំនួន ០២ គឺ មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោកោះស្លា និងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ គូលេន សៀមរាប ក្នុងគោលបំណងឱ្យយោធិនពិការគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យទទួលបានការបណ្តុះ បណ្តាលវិជ្ជាជីវៈ ព្រមទាំងចែកដីសម្បទានសម្រាប់គ្រួសារនិមួយៗបង្កបង្កើនផល និងចិញ្ចឹមជីវិត ។

        នៅក្នុងរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានបញ្ជាក់ថា៖ មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោ ភ្នំឆ័ត្រនេះ ត្រូវបានសាងសង់លើគំរោងផ្ទៃដី១ពាន់ហិកតា ដោយសាងសង់ហេដ្ឋារចនាសម្ពន្ធ័ អគារស្នាក់ នៅសម្រាប់យោធិនពិការ ស្រះទឹក ក្លោងទ្វារ និងសំណង់ផ្សេងៗទៀត ដោយប្រើរយៈពេល ០៣ ឆ្នាំ(ឆ្នាំ២០១២-២០១៤) ក្នុងការសាងសង់ ដែលចែកចេញជា៣តំណាក់កាល ហើយក្នុងឆ្នាំ២០១២នេះ គម្រោងសាងសង់មានអាគារស្នាក់នៅចំនួន ២៦០ ខ្នង ក្នុងនោះដែរអំណោយដ៏ថ្លៃថ្លារបស់ សម្តេច តេ ជោនាយករដ្ឋមន្ត្រី មានចំនួន ១០០ ខ្នង មានទឹកប្រាក់ស្មើនឹង៤សែនដុល្លា ស្រះទឹក១ និងក្លោងទ្វារ១ ដោយប្រគល់ភារកិច្ចឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោកជាអ្នកអនុវត្តន៍ ។

        សូមបញ្ជាក់ថា សម្រាប់ផែនការឆ្នាំ២០១២នេះ កងកងកម្លាំងវិស្វកម្មកងទ័ពជើងគោក និងការស្ថាបនានៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ រួមមាន៖ ការដោះបំផ្លាញមីន លើផ្ទៃដីសំរាប់សាងសង់អគារ និងដីបង្កបង្កើនផលចំនួន ២០០ ហិកតា ស្ថាបនាផ្លូវប្រវែង ២៤០០០ ម៉ែត្រ ស្ថាបនាសំណង់រំដោះទឹក ដាក់លូ សាងសង់អគារ ១០២ ខ្នង ដងទង់ជាតិ១ និងសាងសង់ក្លោងទ្វារចូលមណ្ឌល១កន្លែង ។

មានមតិសំណេះសំណាលទៅកាន់ នាយទាហានជាន់ខ្ពស់ នាយទាហានរង និងពលទាហាន ទាំងអស់ដែលមានវត្តមាន ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រនាឱ្យកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បាន សង្កត់ធ្ងន់ថា សក្ខីភាពនៃសមិទ្ធផលនៅទីនេះគឺជានិមិត្តរូបនៃបេះដូងមនុស្សធម៌របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និង លោកជំទាវកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ថ្លៃថ្លា ដែលបានមកពីការរួមចំណែកដ៏ធំធេងនៃការធ្វើពលិកម្មដ៏លំបាកលំបិន មិនអាចកាត់ថ្លៃបានពីសំណាក់វរៈយុទ្ធជន យុទ្ធនារីដ៏អង់អាចក្លាហានៃយើង ក្នុងបុព្វហេតុការពារមាតុភូមិប្រជាជន ព្រមទាំងធ្វើឱ្យមានការអភិវឌ្ឍន៍ដល់សព្វថ្ងៃនេះ ហើយក៏ជាក្តីសង្ឈឹមប្រកបដោយភាពរុងរឿង ទៅថ្ងៃ អនាគត ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ទៀតថា ការកសាងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រនាពេលនេះ គឺជាសមិទ្ធផលទី៣ ហើយ បន្ទាប់ពីភូមអភិវឌ្ឍន៍យោធិនពិការ ៣១៧ គូលេននៅសៀមរាប ដែលជាសមិទ្ធផលដ៏មានសារៈសំខាន់ចំពោះយោធិនពិការនៃកងយោធពលខេមរភូមិន្ទ ដែលបានកើតចេញពីការចង្អុលបង្ហាញ និងការផ្តើមគំនិតប្រកបដោយគតិបណ្ឌិត និងពុទ្ធិ ព្រមទាំងការជួយឧបត្តម្ភគាំទ្រ ទាំងខាងស្មារតី សម្ភារៈ ថវិកា ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង លោកជំទាវកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ ដែលជានិច្ច កាល សម្តេច និង លោកជំទាវ តែងតែបានគិតគូជានិច្ចដល់ជីវភាពរស់នៅ និងសុខទុក្ខរបស់យោធិនពិការគ្រប់កាលៈទេសៈ ក្នុងតួនាទីជាថ្នាក់ដឹកនាំមនុស្សធម៌របស់ប្រជាជនកម្ពុជា ក៏ដូចជាកងយោធពលខេមរភូ មិន្ទ ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក៏បានអំពាវនាវដល់សប្បុរសជននានាអោយបន្តជួយឧបត្តមដល់ការកសាង មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រនេះ ដើម្បីជាការឆ្លើយតបទៅនឹងគុណបំណាច់របស់បងប្អូនយោធិនពិការ ដែលជាអ្នកមានគុណចំពោះជាតិមាតុភូមិ ។

        ក្នុងឱកាសនោះបន្ទាប់ពីបានបំពាក់គ្រឿងឥស្សរយសនៃព្រះរាជាណាចក្រកម្ពុជាដល់សប្បុរសជននានា ដែលបានជួយឧបត្តមដល់ការកសាង មណ្ឌលអភិវឌ្ឍន៍ យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្ររួចមក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ក៏បានទៅបញ្ជាគ្រឿងចក្រដើម្បីសាងសង់មណ្ឌល អភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ចាប់ពីពេលនេះតទៅ ៕