ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារហ្វឹកហ្វឺន កងយោធពលខេមរភូមិន្ទ ឆ្នាំ២០១១ និងផែនការហ្វឹកហ្វឺន ឆ្នាំ២០១២ នៅបញ្ជាការដ្ឋានអង្គរក្ស (ទួលក្រសាំង)
 

         កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១២ នៅបញ្ជាការដ្ឋានអង្គរក្ស មានរៀបចំពិធីបិទសិក្ខាសាលាបូកសរុប លទ្ធផលការងារហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១១ និងផ្សព្វផ្សាយផែនការហ្វឹកហ្វឺន ឆ្នាំ២០១២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិ ដែលមានការចូលរួមពីសំណាក់ ឯកឧត្តម អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ និង ឯកឧត្តម ជាមេបញ្ជាការ មេបញ្ជាការរង កងពលធំ កងពលតូច កងវរសេនាធំ កងវរសេនាតូច ប្រតិបតិ្តការសឹករង ភូមិភាគ ព្រមទាំងនាយទាហានជាន់ខ្ពស់ នាយទាហានរង មកពីបញ្ជា ការដ្ឋាន ប្រភេទទ័ព បណ្តាកងឯកភាព បណ្តាទ័ពជំនាញ និង បណ្តាសាលា ទូទាំង២៤ ខេត្ត រាជធានី ជាច្រើនរូប ។

        នាឱកាសនោះដែរ បន្ទាប់ពីទទួលបានការអនុញ្ញាតពីគណៈអធិបតី និងអង្គពិធីរួចមក ឯកឧត្តម ឧត្តម សេនីយ៍ឯក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា នាយកទីចាត់ការហ្វឹកហ្វឺន បានសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញជាអធិបតី ព្រមទាំង ឯកឧត្តម អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង និង ឯកឧត្តម អស់លោកទាំងអស់ដែលមានវត្តមានក្នុងពិធីដ៏អធិកអធមនេះ បន្ទាប់មក ឯកឧត្តម ក៏បានអានរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងារហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១១ និងផែនការហ្វឹកហ្វឺន ឆ្នាំ២០១២ ជូនគណៈអធិបតី និងអង្គពិធី ដោយបានលើកឡើងថា ឆ្នាំ២០១១ កន្លង ទៅនេះការងារហ្វឹកហ្វឺនបណ្តុះ បណ្តាល-បំប៉ន់សំខាន់ៗ តាមបណ្តាសាលាមានចំនួន ៤,៨៦៣នាក់ ស្មើនឹង ៥៧វគ្គ ហ្វឹកហ្វឺនតាមបណ្តាកងឯកភាពមានចំនួន ១៤,៣១៧នាក់ ស្មើនឹង ២២៩វគ្គ ហ្វឹកហ្វឺនថវិកាពិសេស បានចំនួន ៣,៣១៨នាក់ ស្មើនឹង ១១វគ្គ ហ្វឹកហ្វឺនចំណេះដឹងទូទៅ (កុំព្យួទ័រ+ភាសា) ចំនួន ១,៨៦៤នាក់ ស្មើនឹង ៣២វគ្គ ហ្វឹកហ្វឺននៅហ្នឹងកន្លែងបានចំនួន ៥២,៩២៣នាក់ ស្មើនឹង ១,៩៥៣លើក ហ្វឹកហ្វឺនក្រៅ ប្រព័ន្ធចំនួន ១៥,៤០០នាក់ ស្មើនឹង ១៥១លើក ក្នុងនោះដែរ ការងារហ្វឹកហ្វឺនក្រៅប្រទេសបានចំនួន ៥១៨ នាក់ ។ ជាមួយគ្នានោះដែរ ឯកឧត្តម ឥត សារ៉ាត់ ក៏បានលើកឡើងពីផែនការហ្វឹកហ្វឺន ឆ្នាំ២០១២ របស់ កងយោធពលខេមរភូមិន្ទ ជូនអង្គសិក្ខាសាលាជ្រាបថា ទីចាត់ការហ្វឹកហ្វឺន មានផែនការហ្វឹកហ្វឺនបណ្តុះ បណ្តាលដល់ទូទាំងកងយោធពលខេមរភូមិន្ទ ក្នុងនោះសាលាចំណុះក្រសួងការពារជាតិ មានចំនួន ៤៣វគ្គ មានចំនួនសិស្ស ២៦៤៤នាក់ មានគ្រូចំនួន ៣៣៥នាក់ សរុបមានចំនួន ២៩៧៩នាក់ សាលា ស្ថាប័ន កងឯកភាពចំណុះអគ្គបញ្ជាការដ្ឋាន ៤០ វគ្គ មានចំនួន សិស្ស ១១៤៥៥ នាក់ ចំនួនគ្រូ ១១២៥នាក់ សរុប ១២៥៨០នាក់ សាលា ស្ថាប័នកងឯកភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក មានចំនួន ៣៧ វគ្គ មាន សិស្សចំនួន ៤០៩៤នាក់ គ្រូចំនួន ៤៣០នាក់ សរុបមានចំនួន ៤៥២៤នាក់ សាលា ស្ថាប័នកងឯកភាព ចំណុះបញ្ជាការដ្ឋានកងទ័ពជើងទឹក មានចំនួន ៩ វគ្គ មានសិស្សចំនួន ៤៩០នាក់ គ្រូចំនួន ៤៥នាក់ សរុប ចំនួន ៥៣៥នាក់ សាលា ស្ថាប័នកងឯកភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងអាកាសមាន ៨វគ្គ មានសិស្ស ចំនួន ១៧៦នាក់ គ្រូចំនួន ៧០នាក់ សរុបមានចំនួន ២៤៦នាក់ សាលា ស្ថាប័នកងឯកភាពចំណុះបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថ មានចំនួន ១២វគ្គ សិស្សចំនួន ១៣៧៥នាក់ គ្រូចំនួន ៣២៦នាក់ សរុបមានចំនួន ១៧០១នាក់ ពីការគិតគូយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែបាន អញ្ជើញទៅសាកសួរសុខទុក្ខកងទ័ព ប្រជាពលរដ្ឋ សាងសង់សំណង់អាគារ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ ស្រះទឹក ។ល។ ដល់បណ្តាកងឯកភាព ដែលឈរជើងការពារខ្សែបន្ទាត់ ព្រំដែន ។ លើសពីនេះ សម្តេច និង លោកជំទាវ បានជួយឧបត្ថម្ភ ទាំងសម្ភារៈ ថវិកា ធ្វើឱ្យការងារហ្វឹកហ្វឺន សម្រេចបានជោគជ័យតាមផែនការហ្វឹកហ្វឺនដែលបានដាក់ចេញ និងមានប្រសិទ្ធភាពខ្ពស់ដែលឆ្លើយតបទៅ នឹងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិខ្មែរ ។

          ថ្លែងក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារហ្វឹកហ្វឺកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១១ និងផ្សព្វផ្សាយផែនការហ្វឹកហ្វឺនឆ្នាំ២០១២ នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តី ក្រសួងការពារជាតិ បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែង របស់អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង មេបញ្ជាការ មេបញ្ជាការរងគ្រប់ជាន់ថ្នាក់ នៅតាមស្ថាប័នចំណុះ ក្រសួងការពារជាតិ ស្ថាប័នកងឯកភាពចំណុះអគ្គបញ្ជាការដ្ឋាន បណ្តាប្រភេទទ័ព-ទ័ពជំនាញ បណ្តាសាលា និងកងឯកភាពទាំងអស់ ដែលបានយកអស់ស្មារតី ទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកប ដោយប្រសិទ្ធភាពខ្ពស់គ្រប់សកម្មភាពហ្វឹកហ្វឺន ឆ្លើយតបយ៉ាងសមស្រប និងទាន់ពេលវេលាទៅនឹងសេចក្តី ត្រូវការចាំបាច់ចំពោះមុខ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពកងទ័ព ដើម្បីធានានូវកិច្ចការ ពារប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវអធិបតេយ្យភាព បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងឧត្តម ប្រយោជន៍ជាតិ និងប្រជាជន ព្រមទាំងខិតខំពង្រឹងសីលធម៌សង្គម សីលធម៌វិជ្ជាជីវៈ ដើម្បីបង្កើនជំនឿថែម ទៀតមកលើកងទ័ព ។ ព្រមជាមួយនេះ ត្រូវជំរុញកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ដើម្បីរួម ចំណែកក្នុងការការពារ និងថែរក្សាសន្តិភាព ប្រតិបតិ្តការសង្គ្រោះគ្រោះមហន្តរាយ និង សន្តិសុខជាអន្តរជាតិ ជាពិសេសដើម្បីបង្ការទប់ស្កាត់អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់រូបភាព មានជាអាទិ៍៖ ការជួញដូរ គ្រឿងញៀន ការជួញដូរមនុស្ស និងបទល្មើសផ្សេងៗទៀត ។ ទន្ទឹមនឹងនេះ អ្វីដែលយើងមិនអាចបំភ្លេច បាននូវគុណបំណាច់ដ៏ធំធេង គឺការយកចិត្តទុកដាក់ជួយទំនុកបំរុងគ្រប់បែបយ៉ាងពីសំណាក់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ជំទាវកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្តល់កញ្ចប់ថវិកាពិសេសសម្រាប់ការងារហ្វឹកហ្វឺនបំប៉នបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈដល់កងយោធពលខេមរភូមិន្ទទាំងមូល ហើយអ្វីដែលយើងមានមោទនភាពនោះ គឺកងរក្សា សន្តិភាពនៃកងយោធពលខេមរភូមិន្ទ ដែលបានបញ្ជូនទៅបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជា ជាតិ នៅប្រទេសស៊ូដង់ ប្រទេសឆាត អាហ្វ្រិកកណ្តាល និងប្រទេសលីបង់ ជាដើម បានដំណើរការទៅមុខ យ៉ាងរលូន និងបានលើកកម្ពស់កិត្យានុភាពរបស់កងយោធពលខេមរភូមិន្ទ នៅលើឆាកអន្តរជាតិដែលបង្ហាញ ពីសមត្ថភាព និងប្រសិទ្ធភាពកងទ័ពកម្ពុជា ។

         ជាទីបញ្ចប់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសូងការពារជាតិ ក៏បានផ្តល់អនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់មួយចំនួនបន្ថែមទៀតថា ត្រូវខិតខំប្រឹងប្រែងបន្តការងារហ្វឹកហ្វឺនដល់កងយោធពលខេមរភូមិន្ទទាំង អស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសមស្រប ចំពោះការវិវត្តន៍នៃសភាពការណ៍ក្នុងតំបន់ និងអន្តរជាតិ ។ លើសពីនេះទៀត នៅឆ្នាំនេះប្រទេសកម្ពុជាមានកិត្តិយសដ៏ធំធេងណាស់ដោយបានទទួលសិទ្ធិធ្វើជា ប្រធាន អាស៊ាន ហើយក្រសួងការពារជាតិ ក៏បានទទួលភារកិច្ចដ៏សំខាន់ដែរ ក្នុងការទទួលរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តី ការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ដូច្នេះទាមទារឱ្យមានកិច្ចសហការល្អជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធទាំងអស់ ដើម្បីជម្រុញឱ្យកិច្ចប្រជុំអាស៊ានទាំងឡាយនៅឆ្នាំ២០១២ នេះ មានដំណើរឆ្ពោះទៅមុខ ប្រកបដោយភាពជោគជ័យ ៕