ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស អញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំសាកល្បងត្រៀមរៀបចំសម្រាប់ កិច្ចប្រជុំក្រុមការងារមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ាន (ADSOM WG) និង កិច្ចប្រជុំក្រុមការងារមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ានបូក (ADSOM Plus WG)

 

      កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ នៅសាលប្រជុំអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការ បរទេស មានរៀបចំកិច្ចប្រជុំសាកល្បងដើម្បីត្រៀមរៀបចំសម្រាប់ កិច្ចប្រជុំក្រុមការងារមន្រ្តីជាន់ខ្ពស់ការ ពារជាតិអាស៊ាន (ADSOM WG) និងកិច្ចប្រជុំក្រុមការងារមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ាន បូក (ADSOM Plus WG) ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទស ។

      នាឱកាសនោះដែរ បន្ទាប់ពីទទួលបានការអនុញ្ញាតពីគណៈអធិបតីរួចមក ឯកឧត្តម ឧត្តមសេនីយ៍ ទោ ឡៃ ចិន្តា នាយក នាយកដ្ឋានអាស៊ាន បានមានប្រសាសន៍លើកឡើងពីការប្រុងប្រៀបត្រៀមរៀបចំ រួចជាស្រេចនូវរាល់ឯកសារនានា ក៏ដូចជាក្រុមការងារទាំងអស់សម្រាប់បម្រើឱ្យដំណើរការនៃការទទួល រៀបចំកិច្ចប្រជុំក្រុមការងារមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ាន (ADSOM WG) ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០១២ និងកិច្ចប្រជុំក្រុមការងារមន្រ្តីជាន់ខ្ពស់ការពារជាតិ អាស៊ានបូក (ADSOM Plus WG)ថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០១២ នៅសណ្ឋាគារ SUNWAY Phnom Penh ។

      បន្ទាប់ពីបានស្តាប់នូវការលើកឡើង ស្តីពីការប្រុងប្រៀបត្រៀមរៀបចំកិច្ចប្រជុំ ADSOM WG និង កិច្ចប្រជុំ ADSOM Plus WG របស់ក្រុមការងារ ដែលនឹងត្រូវធ្វើជាប្រធាន និងជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំទាំងនេះរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ ក៏បានអនុញ្ញាតឱ្យក្រុមការងារហាត់ អនុវត្តសាកល្បងដើម្បីវាស់ស្ទង់នូវកម្រិតនៃការទទួលខុសត្រូវក្នុងតួនាទី និងភារកិច្ចរបស់ខ្លួន ថែមទាំងធ្វើ ឱ្យប្រសើរឡើងនូវរាល់ចំណុចខ្វះខាត សំដៅពង្រឹងសមត្ថភាព និងភាពជឿជាក់ក្នុងការដឹកនាំ ក៏ដូចជា ដំណើរការនៃកិច្ចប្រជុំទាំងមូល ។ ជាលទ្ធផលក្នុងការវាយតម្លៃអំពីសមត្ថភាពក្នុងការប្រុងប្រៀបត្រៀម រៀបចំសម្រាប់កិច្ចប្រជុំ ADSOM WG និងកិច្ចប្រជុំ ADSOM Plus WG នាពេលខាងមុខនេះ ឯកឧត្តម ណឹម សុវត្ថិ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចបានល្អ និងមានការទទួលខុសត្រូវខ្ពស់ ។ ព្រមជាមួយនេះផងដែរ ឯកឧត្តម ណឹម សុវត្ថិ ក៏បានផ្តល់ អនុសាសន៍បន្ថែមមួយចំនួន ដល់ក្រុមការងារទាំងអស់ថា នេះគឺជាបញ្ហាមុខមាត់ និងកិត្តិយសរបស់ប្រទេសជាតិយើងទាំងមូល ដូច្នេះទាមទារឱ្យមានកិច្ចខិតខំអនុវត្តបន្ថែមទៀតដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ព្រមទាំងមានកិច្ចសហការល្អជាមួយ សមាជិក ក្រសួង ស្ថាប័នពាក់ព័ន្ធនានា សំដៅធ្វើយ៉ាងណាជម្រុញឱ្យកិច្ចប្រជុំទាំងអស់មានដំណើរការទៅមុខប្រកបដោយភាពជោគជ័យ ៕