ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និង កិច្ចការបរទេស អញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយស្តីពីការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០១២ នៅព្រះរាជាណាចក្រកម្ពុជា និង នយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

       កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ នៅបញ្ជាការដ្ឋានយោធភូមិភាគពិសេស មានការរៀបចំពិធី ផ្សព្វផ្សាយ ស្តីពីការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០១២ នៅព្រះរាជាណាចក្រកម្ពុជា និងនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ដោយមានការចូលរួមពីសំណាក់ នាយទាហានជាន់ ខ្ពស់ នាយទាហានរងប្រមាណជាង ៣០០នាក់ ។

       នាឱកាសនោះដែរ បន្ទាប់ពីបានទទួលការអនុញ្ញាតពីគណៈអធិបតីរួចមក ឯកឧត្តម ឧត្តមសេនីយ៍ទោ ពូ សាប៊ុតឌី មេបញ្ជាការរង និងជានាយសេនាធិការភូមិភាគ បានថ្លែងសុន្ទរកថាស្វាគមន៍ ដោយបានលើកឡើង ថា ថ្ងៃនេះនៅបញ្ជាការដ្ឋានយោធភូមិភាគពិសេសយើងខ្ញុំមានកិត្តិយសយ៉ាងធំធេងក្រៃលែង ដែលបានទទួល បដិសណ្ឋាកិច្ចនូវវត្តមានដ៏ខ្ពងខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ ព្រមទាំងគណៈប្រតិភូ អមដំណើរទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ដ៏មានអត្ថន័យនេះ គោលដៅសំខាន់ចង់ឱ្យនាយទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែក ចំពោះនាយទាហានទាំងអស់នៅក្នុងបញ្ជាការដ្ឋានយោធភូមិភាគពិសេស បានយល់ ជ្រួតជ្រាបអំពីគោលការណ៍សំខាន់ៗ ក្នុងការប្រុងប្រៀបរៀបចំសម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ រដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០១២ នៅព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមនឹងនេះ ក៏ សិក្សាស្វែងយល់នូវគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្រួបបង្រួមជាតិ ដែលបានបញ្ចប់ជម្លោះប្រដាប់អាវុធទាំងស្រុងនៅទូទាំង ប្រទេស ហើយបាននាំមកនូវសុខសន្តិភាពជូនជាតិមាតុភូមិ និងឈាន់ទៅរកការកសាង និងអភិវឌ្ឍន៍ប្រទេស រីកចម្រើនលើគ្រប់វិស័យ ។

       ថ្លែងទៅកាន់អង្គពិធីទាំងមូលនាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ បានវាយ តម្លៃខ្ពស់ចំពោះ នាយទាហាន នាយទាហានរងទាំងអស់នៃបញ្ជាការដ្ឋានយោធភូមិភាគពិសេសដែល បានចូល រួមយ៉ាងច្រើនកុះករសំដៅក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍នានា ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុង ការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅរកភាពជោគជ័យ ។ ឯកឧត្តម ក៏បានរំលឹកផងដែរថា យើងចងចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន របស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះ ប្រទេសជាតិឲ្យរួចចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។ ឯកឧត្តម ណឹម សុវត្ថិ ក៏បានបញ្ជាក់ទៀតថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ម៉ឺងម៉ាត់ម៉ត់ចត់ប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានការដាក់ចេញ នូវនយោបាយឈ្នះ-ឈ្នះ ក្នុងគោលបំណងបង្រួបបង្រួមជាតិ សំដៅបច្ចប់ទាំងស្រុងនូវសង្គា្រមស៊ីវិលដែលបាន អូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ ដែលជាឧបសគ្គក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ប៉ុន្តែដោយ មានការចូលរួមគាំទ្រយ៉ាងពេញទំហឹង និងអនុវត្តន៍យ៉ាងសកម្មពីសំណាក់ប្រតិបត្តិករដែលមានទឹកចិត្តស្មោះ ត្រង់វាងវៃ និងមានសមត្ថភាពខ្ពស់ ជាពិសេស គឺកងយោធពលខេមរភូមិន្ទ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់នូវរាល់អំពើអសកម្មទាំងឡាយ បានធ្វើឲ្យនយោបាយ ឈ្នះ-ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាល បោះជំហានឆ្ពោះទៅមុខប្រកបដោយភាពជោគជ័យ ទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ក្នុងប្រតិបត្តិការ ការពារសន្តិសុខលម្ហសមុទ្រ សកម្មភាពប្រឆាំងអំពើភេរវកម្ម ការជួយសង្គ្រោះគ្រោះមហន្តរាយ សុខាភិបាល យោធា ប្រតិបត្តិការរក្សាសន្តិភាព និងសកម្មភាពមនុស្សធម៌ផ្សេងៗទៀត ។ ព្រមជាមួយនេះ ស្របពេលដែល និងគណៈកម្មការ ADMM 2012 ប្រទេសជាតិយើងមានកិត្តិយសក្នុងការទទួលសិទ្ធធ្វើជាប្រធានអាស៊ាន ក្រសួងការពារជាតិកម្ពុជា ក៏បានទទួល ភារកិច្ចយ៉ាងសំខាន់ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនា នា ហើយយើងមានយុទ្ធសាស្រ្តនៃការប្រុងប្រៀបរៀបចំចាប់តាំងពីឆ្នាំ២០០៦ មកម្ល៉េះ គឺចាប់តាំងពីមានការ រៀបចំលើកដំបូងនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន នៅប្រទេសវៀតណាម ហើយមានការសម្របសម្រួល យោបល់ការផ្លាស់ប្តូរទស្សនទាន ក៏ដូចជាការប្រុងប្រៀបរៀបចំផ្សេងៗទៀត ដើម្បីតាមដាននូវរាល់សភាព ការណ៍វិវត្តន៍ប្រែប្រួលទាំងក្នុងតំបន់ និងអន្តរជាតិ ។ លើសពីនេះទៀត កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក ដែលចូលរួមដោយប្រទេសមហាអំណាចនានា ដូចជា សហរដ្ឋអាមេរិក ជប៉ុន អូស្រ្តាលីជាដើម ក៏បានផ្តោតការ យកចិត្តទុកដាក់លើបញ្ហាសន្តិសុខលម្ហសមុទ្រ សកម្មភាពប្រឆាំងភេរវកម្ម ប្រតិបតិ្តការសង្គ្រោះគ្រោះមហន្តរាយ ប្រតិបតិ្តការរក្សាសន្តិភាព សុខាភិបាលយោធា និងសកម្មភាពមនុស្សធម៌ផ្សេងៗទៀត ដែលទាមទាឱ្យកម្ពុជា យើងត្រូវយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងឡើងថែមទៀត ចំពោះបញ្ហាទាំងអស់នេះ ។ ឯកឧត្តម ណឹម សុវត្ថិ បានបន្តទៀតថា វេទិកាថ្ងៃនេះ គឺជាជោគជ័យដ៏ធំធេងថ្មីមួយទៀត បន្ទាប់ពីមានការរៀបចំប្រកបដោយ ជោគ ជ័យនូវវេទិកាយុទ្ធសាស្រ្តភ្នំពេញលើកទី១ ស្តីពីតួនាទីរបស់កម្ពុជាក្នុងការជម្រុញកិច្ចសហប្រតិបត្តិការសន្តិសុខ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ឆ្នាំ២០១២ ក្រោម អធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១២ នៅសណ្ឋាគារ កាំបូឌីយ៉ាណា និងនៅសាលប្រជុំធំក្រសួងការពារជាតិកាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១២ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស ។ ជាចុងក្រោយ ឯកឧត្តម ណឹម សុវត្ថិ បានផ្តល់អនុសាសន៍មួយចំនួនដល់ អង្គពិធីទាំងមូលថា ត្រូវបន្តខិតខំបំពេញភារកិច្ចរបស់ខ្លួន និងមានកិច្ចសហការល្អជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសិក្សា ស្វែងយល់ពីអាស៊ាន ហើយត្រូវចងចាំនូវគោលការណ៍ជាអាទិភាពទាំង ០៨ ចំណុច ដែលក្រសួង ការពារជាតិ និងគណៈកម្មការ ADMM 2012 ធ្វើជាម្ចាស់ផ្ទះ ដូចមានក្នុងសុន្ទរកថារបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តី ក្រសួងការពារជាតិ ដែលក្រុមការងារបានចែកជូន ៕