ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៌ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ បាញ់គ្រាប់ពិត ដែលធ្វើឡើងនៅជើង ភ្នំម្រះព្រៅ ស្ថិតនៅ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
(នៅព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០១២)
 

          ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាង ដ៌ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចូលជាអធីបតី នៅក្នុងពិធីបិទវគ្គបាញ់គ្រាប់ពិត ដែលធ្វើឡើងនៅជើងភ្នំម្រះព្រៅ ស្ថិតនៅឃុំក្រាំងអំពិល ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ។

         ពិធីបិទវគ្គហ្វឹកហ្វឺនបាញ់គ្រាប់ពិត ថ្នាក់កងអនុសេនាតូច រថក្រោះ រថពាសដែក សហការជាមួយកងទ័ព ថ្មើរជើង ប្រយុទ្ធវាយបកគាំទ្រដោយកាំភ្លើងត្បាល់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ មូលដ្ឋានទីលានបាញ់គ្រាប់ពិត ដែលធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែឧសភា នេះ គឺមានការចូលរួមពីកម្លាំងយោធាមកពីអង្គភាព ង-៧០ រួម សហការជាមួយកងកម្លាំងយោធាមកពីអង្គភាពផ្សេងទៀត ដែលបានបញ្ចប់ការហ្វឹកហាត់អស់ជាច្រើនថ្ងៃមក ហើយនោះ ។ នៅក្នុងពិធីនេះ ក៏មានការចូលរួមពីថ្នាក់ឧត្តមសេនីយ៍ និងមន្រ្តីយោធាជាន់ខ្ពស់នៃកងយោធពល ខេមរភូមិន្ទជាច្រើននាក់។

        ឯកឧត្តម ឧត្ដមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងពលតូច ង-៧០ បានមានប្រសាសន៍ថា ការធ្វើ សមយុទ្ធបាញ់គ្រាប់ពិតនៅពេលនេះ ទទួលបានលទ្ធផលល្អប្រសើរ បើទោះបីសិក្ខាកាមបានហ្វឹកហាត់តែក្នុង រយៈពេល៣សបា្ដហ៍ក៏ដោយ ។ ឯកឧត្តម បានបន្ដថា អង្គភាពដែលលេចធ្លោជាងគេ គឺមកពីយោធភូមិ ភាគពិសេស និងយោធភូមិភាគទី២ ។ ឯកឧត្តម បានបញ្ជាក់ថា បើទោះបីសិក្ខាកាម បានចូលរួមហ្វឹកហាត់បាញ់ គ្រាប់ពិត ក្នុងរយៈពេលខ្លីមែន ប៉ុន្ដែសិក្ខាកាមទាំងអស់បានតស៊ូទាំងថ្ងៃទាំងភ្លៀង ហ្វឹកហាត់សមយុទ្ធ រៀនសូត្រ និងដកស្រង់បទពិសោធន៍ពីគ្នា ទៅវិញទៅមក ។

       ថ្លែងក្នុងពិធីនោះដែរឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារ ជាតិបានមានប្រសាសន៍ថា ការរៀបចំសមយុទ្ធបាញ់គ្រាប់ពិតនាពេលនេះ មិនមែនធ្វើឡើងដើម្បីត្រៀមធ្វើ សង្គ្រាមនោះទេ ប៉ុន្ដែធ្វើដើម្បីទប់ទល់នូវការឈ្លានពានរបស់សត្រូវមកលើប្រទេសកម្ពុជា។ ឯកឧត្តម ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបន្ដថា ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនេះជាការបង្កើនសមត្ថភាពរបស់ កងទ័ពក្នុងការពង្រឹងខឿនការពារជាតិ ហើយក៏មិនមែនជាការបង្ហាញសាច់ដុំរបស់កងទ័ពឡើយ ប៉ុន្ដែជាការ បង្កើនសាច់ដុំនៃកងកម្លាំងយោធា ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសង្កត់ធ្ងន់ថា កម្ពុជាមិនចង់បានសង្គ្រាមនោះទេ គឺចង់បានសន្ដិភាពសម្រាប់ប្រទេសជាតិទាំងមូល ហើយសង្គ្រាមគឺមានន័យ ថា ជាការកំទេចគោលដៅសត្រូវរបស់ខ្លួន និងជាការធ្វើឱ្យថមថយ និងរលាយគោលដៅរបស់សត្រូវ ។

      ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជំរុញឱ្យកង កម្លាំងទាំងអស់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានខ្លាំង ដើម្បីបន្ដការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ជា ពិសេស ការការពារបូរណភាពទឹកដីឱ្យបានគង់វង្ស ៕