កិច្ចប្រជុំវាយតម្លៃសកម្មភាព និង លទ្ធផលការងាររៀបចំកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ ការពារជាតិអាស៊ាន និង កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ាន បូក និងត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋ មន្រ្តីការពារជាតិអាស៊ាន លើកទី៦ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ ADMM 2012

       កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ នៅទីស្តីការក្រសួងការពារជាតិ ឯកឧត្តម ឧបនាយក រដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មការ ADMM 2012 បានអញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃសកម្មភាព និងលទ្ធផលការងាររៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ការពារជាតិអាស៊ាន (ADSOM) និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន-បូក (ADSOM-Plus) ដែល បានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២៣-២៧ ខែមេសា នៅខេត្តសៀមរាប ដើម្បីជា បទពិសោធន៍សម្រាប់ត្រៀម រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៦ (The 6th ADMM) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨-៣០ ខែឧសភា ឆ្នាំ២០១២ ខាងមុខនេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

       នាឱកាសនោះដែរបន្ទាប់ពីទទួលបានការអនុញ្ញាតពីគណៈអធិបតី និងអង្គពិធីរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាសមា ជិកប្រចាំការគណៈកម្មការ ADMM 2012 បានរាយការណ៍ជូនអង្គពិធីទាំងមូលនូវសកម្មភាព និងលទ្ធផល នៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ការពារជាតិអាស៊ាន និងកិច្ចប្រជុំមន្ត្រីការពារជាតិអាស៊ានបូក ដែលបានប្រារព្វធ្វើនៅខេត្តសៀមរាបនាពេលកន្លងមក ថាបានទទួលលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់ ដោយសារតែមាន ការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានការដឹក នាំកិច្ចប្រជុំដោយផ្ទាល់ពី ឯកឧត្តម រដ្ឋលេខាធិការប្រធានកិច្ចប្រជុំ ព្រមទាំងមានការសហការគ្នាបានយ៉ាង ល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់អនុគណៈកម្មការជំនាញនីមួយៗ ដែលធ្វើឱ្យ កិច្ចប្រជុំនេះ ទទួលបានជោគជ័យ និងមានការកោតសរសើរពីសំណាក់ប្រតិភូនៃបណ្តាប្រទេស ដែលបានមកចូលរួមផង ដែរ ។ ឯកឧត្តម ណឹម សុវត្ថិ បានបន្តទៀតថា ទន្ទឹមនឹងភាពជោគជ័យនេះ ក៏មានបញ្ហាចោទមួយចំនួន ផងដែរ ដូចជា ការប្រែប្រួលកម្មវិធី បន្ទប់ក្នុងសណ្ឋាគារមិនសូវត្រជាក់ ជាដើម ។

       នៅក្នុងឱកាសនោះដែរ អង្គប្រជុំទាំងមូល ក៏បានតាមដានស្តាប់នូវរបាយការណ៍សង្ខេប នៃការត្រៀមលក្ខណៈរបស់អនុគណៈកម្មការនានា រួមមាន៖ អនុគណៈកម្មការ តាក់តែងឯកសារ អនុគណៈកម្មការ សន្តិសុខ អនុគណៈកម្មការព័ត៌មាន អនុគណៈកម្មការពិធីការ អនុគណៈកម្មការទទួលទស្សនកិច្ច ពិព័ណ៌ និងកីឡា អនុគណៈកម្មការ ធានា ក៏ដូចជាក្រុមការងារលេខាធិការដ្ឋាន ក៏បានលើកឡើងនូវការត្រៀមរៀបចំស្របទៅតាមជំនាញនីមួយៗ ដើម្បីចូលរួមបំរើដល់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី៦ នៅកម្ពុជាឱ្យសម្រេចបានជោគជ័យ។ កិច្ចប្រជុំក៏បានធ្វើការត្រួតពិនិត្យ និងឆ្លងនូវឯកសារនានា វិឌីអូពិសេសរបស់កងយោធពលខេមរភូមិន្ទសម្រាប់ ដាក់បញ្ចូលក្នុង DVD ឆ្លងអាលប៊ុម កាតាប សៀវភៅ ប៉ិច វត្ថុអនុ ស្សាវរីយ៍ និងសម្ភារៈផ្សេងៗជាច្រើនទៀត សម្រាប់ជូនភ្ញៀវ ។

      ថ្លែងទៅកាន់អង្គពិធីទាំងមូលនាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រ សួងការពារជាតិ បានសំដែងការកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះសកម្មភាព និងលទ្ធផលការងារ នៃការរៀបចំកិច្ចជាបន្តបន្ទាប់នាពេលកន្លងមក ហើយទទួលបានជោគជ័យគួរជាទីមោទនៈ ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបន្តទៀតថា ទាំងនេះគឺជាបទពិសោធន៍ល្អៗ ដែលបង្ហាញពីសមត្ថភាព និងការទទួលខុសត្រូវខ្ពស់របស់ ឯកឧត្តម អស់លោក ដែលជានាយទាហាននៃកងយោធពល ខេមរភូមិន្ទ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ។ បន្ទាប់មក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានផ្តល់អនុសាសន៍បន្ថែមមួយ ចំនួនថា ចំពោះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៦ ដែលនឹងត្រូវប្រារព្វធ្វើនៅថ្ងៃទី ២៨-៣០ ខែឧសភា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ នាពេលខាងមុខនេះ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដែលទាមទារឱ្យអនុគណៈកម្មការជំនាញគ្រប់ផ្នែក ត្រូវបន្តពង្រឹង នូវរាល់ការងាររបស់ខ្លួនឱ្យបានកាន់តែខ្លាំងក្លាឡើងថែមទៀត សំដៅធ្វើយ៉ាងណាជម្រុញឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៦ មានដំណើរការ ឆ្ពោះទៅមុខដោយ រលូននឹងសម្រេចបានជោគជ័យ៕