គណៈកម្មការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០១២ (ADMM 2012 ) បានអញ្ជើញទៅកាន់សណ្ឋាគារ INTER CONTINENTAL
 

           កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១២នេះ លេខាធិការដ្ឋាន និងអនុគណៈកម្មការចំណុះ របស់គណៈកម្មការ ADMM 2012 ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាសមាជិកប្រចាំការគណៈកម្មការ ADMM 2012 បានអញ្ជើញទៅសណ្ឋាគារ INTER CONTINENTAL ដើម្បីពិនិត្យ និងវាយតម្លៃលើការងារត្រៀម រៀបចំគ្រប់ផ្នែកសម្រាប់បម្រើឱ្យកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី ៦ ដែលគ្រោងនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៨-៣០ ខែឧសភា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។

          ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ បានមានប្រសាសន៍ថា ការចុះមកពិនិត្យទីតាំងបន្ទប់ នៅក្នុងសណ្ឋាគារ Inter Continental នាព្រឹកនេះ ចំណុចសំខាន់គឺផ្តោតការយកចិត្តទុកដាក់ពិនិ្យទៅលើ ការងារធានាលើស្នាក់នៅ ការរៀបចំពិធីជប់លៀង និងពិធីជួបសម្តែងការគួរសមនានា ។ ឯកឧត្តម បានបន្ត ទៀតថា ដោយឡែកក្នុងកិច្ចដំណើរការជាក់ស្តែងជារួមនៅក្នុងរយៈពេលចាប់ពីថ្ងៃទី២៨ ដល់ ៣០ ឧសភា គឺយើងមានកិច្ចការងារចំនួន០៣ គឺ ទី១. ថ្ងៃទី២៨ រដ្ឋមន្រ្តីការពារជាតិនៃបណ្តាប្រទេសសមាជិកអាស៊ាន ទាំង០៩ និងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ហើយនៅពេលរសៀល ថ្ងៃដដែលនោះដែរ នឹងមានជំនួបសម្តែងរវាង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការ ពារជាតិ និងជាប្រធានគណៈកម្មការ ADMM 2012 ជាមួយនឹងបណ្តារដ្ឋមន្រ្តីការពារជាតិនៃប្រទេសសមា ជិកអាស៊ាន ។ រីឯនៅព្រឹកថ្ងៃទី២៩ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូរដ្ឋមន្រ្តីជាន់ខ្ពស់ការពារជាតិ អាស៊ាន ចូលជួបសម្តែងការគួរសមជាមួយនឹងសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅឯវិមានសន្តិភាព ទីស្តី ការនាយករដ្ឋមន្រ្តី ។ កម្មវិធីទី២ គឺ កម្មវិធីបើកជាផ្លូវការកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី ៦ ហើយកម្មវិធីបន្ទាប់គឺជាដំណើរការនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី ៦ ។ ដោយឡែកនៅពេល រសៀលប្រតិភូទាំងអស់នៃបណ្តាសមាជិកអាស៊ាន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាលាហ្វឹកហ្វឺន ឧដ្តុង្គ ពេលត្រឡប់មកវិញមានរៀបចំកម្មវិធីជប់លៀង ។ ចំពោះថ្ងៃទី៣០ គណៈប្រតិភូរដ្ឋមន្រ្តីការពារជាតិ អាស៊ាន នឹងមានកម្មវិធីលេងកីឡាផងដែរ ៕