ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឆ្លងគម្រោងថវិកាការពារជាតិ ឆ្នាំ២០១៣

       កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២ នៅទីស្តីការក្រសួងការពារជាតិ មានរៀបចំកិច្ចប្រជុំឆ្លងគម្រោង ថវិកាការពារជាតិ ឆ្នាំ២០១៣ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយមានការចូលរួមពីសំណាក់មន្រ្តីយោធាជាន់ខ្ពស់នៃក្រសួងការពារជាតិជាច្រើនរូប ។

       នាឱកាសនោះបន្ទាប់ពីទទួលបានការអនុញ្ញាតពីគណៈអធិបតីរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ុំ សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានរាយការណ៍ជូនអង្គពិធីនូវកម្មវិធីកំណែទម្រង់កងទ័ព តាមគោល នយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ បានកំណត់នូវផែនការយុទ្ធ សាស្រ្តសំខាន់ៗ និងមានគោលបំណងគោលនយោបាយអាទិភាព ចំនួន៥ តាមលទ្ធភាពជាក់ស្តែងនៃថវិកាជាតិគឺ៖

          ទី១-ធានាជីវភាពរស់នៅ ថែទាំសុខភាព ត្រៀមប្រយុទ្ធ ប្រយុទ្ធការពារបូរណភាពទឹកដី ថែរក្សា សន្តិសុខ ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ។

          ទី២-បន្តផ្ទេរចេញយោធិនប្រភេទ២ តាមសន្ទស្សន៍ផែនការ និងកសាងកម្លាំងបន្តវេន ។

          ទី៣-បង្កើនការហ្វឹកហាត់ពង្រឹងសមត្ថភាពឯកទេសជំនាញអប់រំស្មារតីតស៊ូស្មោះត្រង់ធ្វើពលីកម្មជូនជាតិមាតុភូមិ ។

          ទី៤-កែលម្អជួសជុលមធ្យោបាយគ្រឿងបំពាក់ និងឈានទៅទំនើបកម្មយុទ្ធោបករណ៍តាមការចាំបាច់ ។

          ទី៥-ពង្រឹងមូលដ្ឋានបង្អែក ថែទាំជួសជុលជំរំបន្ទាយតាមកងឯកភាពព្រំដែនគោក-ដែនសមុទ្រ ។

       ឯកឧត្តម បានបន្តទៀតថា ថវិកាការពារជាតិទាំងនោះគឺប្រើសម្រាប់ចំណាយទៅលើ ប្រាក់បៀរវត្សរ៍ បំណាច់ ផ្សេងៗ អាហារបំប៉ន អង្ករ និងស្បៀងក្រៀម ឯកសណ្ឋាន ប្រេងឥន្ទនៈ ឱសថ និងបរិក្ខាពេទ្យ ថែទាំគ្រឿងបំពាក់ ជំរំបន្ទាយ បណ្តាញអគ្គិសនី ទឹក ហ្វឹកហ្វឺន ការបរទេស និងវេជ្ជទេយ្យ សង្គមកិច្ចផ្សេងៗ របបអាហារអ្នកជម្ងឺ និងប្រភេទ២ ឧបត្ថម្ភធនដល់អង្គការសាធារណៈ និងបរិភោគទាន ។

       ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ក្រសួងការពារជាតិគឺជាស្ថាប័នចំណុះរាជរដ្ឋាភិបាល មានសមត្ថកិច្ចដឹកនាំគ្រប់គ្រងលើវិស័យការពារជាតិនៃព្រះរាជាណា ចក្រកម្ពុជា និងអនុវត្តតាមបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល ជ្រើសរើស តែងតាំង និងគ្រប់គ្រង ចំនួនកងទ័ពទូទាំង កងយោធពលខេមរភូមិន្ទឱ្យបានត្រឹមត្រូវតាមការកំណត់ គ្រប់គ្រងការផ្គត់ផ្គង់ ត្រួតពិនិត្យ ថែទាំជួសជុលគ្រឿងបំពាក់ សម្ភារៈបច្ចេកទេស ចលនវត្ថុ អចលនវត្ថុ សំណង់អាគារជំរំ បា្រក់របបផ្គត់ផ្គង់ជីវភាពរស់នៅ និងរក្សាការពារសុខមាល ភាពរបស់យោធិន និងហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងទ័ព និងធ្វើវិក្រិតការមុខជំនាញឯកទេសជូនដល់ មន្រ្តីយោធាគ្រប់ជាន់ថ្នាក់ក្នុងកងយោធពលខេមរភូមិន្ទ អនុវត្តរាល់សន្ធិសញ្ញាសហប្រតិបត្តិការលើវិស័យយោធាជាមួយ បណ្តាប្រទេសដែលមានកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាល និងសហការជាមួយអន្តរក្រសួង ដើម្បីអនុវត្តភារកិច្ចដែលរាជ រដ្ឋាភិបាលបានប្រគល់ជួន ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបន្តទៀតថា បើទោះបីជាប្រទេសជាតិមាន សុខសន្តិភាពហើយក៏ដោយ វិស័យការពារជាតិក៏ត្រូវមានការយកចិត្តទុកដាក់ ពង្រឹងនិងពង្រីក ទាំងធន់ធានមនុស្ស ជំនាញ បច្ចេកទេស ក៏ដូចជាគ្រឿងបំពាក់ឱ្យបានគ្រប់គ្រាន់ លើសពីនេះក៏ទាមទារឱ្យមានការហ្វឹកហាត់ឱ្យបានស្ទាត់ជំនាញផងដែរ តែទោះជាយ៉ាងណាថវិការបស់យើងគឺមានកំណត់ ដូច្នេះក៏តម្រូវឱ្យយើងមានការសន្សំសមចៃខ្ពស់ផងដែរ ៕