ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល អ្នកសង្កេតការណ៍បទឈប់បាញ់កម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីកែសម្រួលកងទ័ពចេញពីតំបន់គ្មានកងទ័ពបណ្តោះអាសន្ន (PDZ)

       កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ នៅទីបញ្ជាការសន្តិភាព៥មករា ជាប់ជើងភ្នំប្រាសាទព្រះវិហារ ឯកឧត្តម ឧបនាករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើ្ជញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីកែ សម្រួលកងទ័ពកម្ពុជា ៤៨៥នាក់ ចេញពីតំបន់ភ្នំប្រាសាទព្រះវិហារ ជាជំហានទី១ តាមដីកាបង្គាប់របស់តុលាការ អន្តរជាតិទីក្រុងឡាអេ ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការភូមិភាគ មេបញ្ជាការកងពល នាយទាហានជាន់ខ្ពស់ នាយទាហាន នាយទាហានរង តំណាងរាជរដ្ឋាភិបាល សមាជិកសភា ព្រឹទ្ធសភា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ក្រុមសេនា នុព័ន្ធយោធាប្រមាណជាង១០ប្រទេស និងក្រុមអ្នកសារព័ត៌មាន ជាង ១០០ ស្ថាប័ន ចាំយកព័ត៌មានក្នុងពិធីដកកងទ័ពដែលមានអត្ថន័យជាប្រវត្តិសាស្រ្តនេះផងដែរ ។

       កងទ័ពទាំងនេះធ្លាប់តែបានឈរជើងប្រឈមជាមួយនឹងកងទ័ពថៃចាប់តាំងពី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ឥឡូវពួកគេត្រូវបានដកចេញពីលើភ្នំ ដោយមានរថយន្តកាំមីញ៉ុងដឹកទាហានជាង៣០គ្រឿង បានចុះពីលើផ្លូវភ្នំ ប្រាសាទឆ្ពោះទៅកាន់បន្ទាយរបស់ពួកគេរៀងៗខ្លួនវិញ ។ កងទ័ពដែលត្រូវបានដកចេញគេសង្កេតឃើញមានអាវុធធុនស្រាល និងធ្ងន់គ្រប់ប្រភេទរួមទាំងមានអាវុធបាញ់យន្តហោះផង។ ជាមួយគ្នានោះដែរ ក្រុមទាហានទាំងអស់មានខ្លះស្ពាយសាក់កាដូ ពីក្រោយខ្នងយ៉ាងសំពីងសំពោងក្នុងនោះក៏មានខ្លះទៀតរែកចាន ឆ្នាំង កន្ទេល ជញ្ជូនឡើងឡាន ចុះពីលើភ្នំតាមក្បួនរថយន្តជាជួរយ៉ាងវែង។

      នៅក្នុងពិធីកែសម្រួលកងទ័ពនេះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានថ្លែងថា នេះជាការកែ សម្រួលកងទ័ពក្នុងជំហានទី១ តាមដីកាបង្គាប់របស់តុលាការក្រុងឡាអេ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ ។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ជម្លោះតានតឹងនៅព្រំដែនកម្ពុជា-ថៃ ដែលកើតឡើងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ មិនមែនមូលហេតុមកពីកម្ពុជាចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកទេ តែជម្លោះនេះកើត ចេញពីភាគីថៃប្រើប្រាស់ផែនទីជាឯកតោភាគី បំពានទៅលើផែនទីអន្តរជាតិ ។ ពិភពលោកគេបាន ដឹងគ្រប់គ្នាថា ប្រាសាទព្រះវិហារត្រូវបានតុលាការអន្តរជាតិកាត់ក្ដីឲ្យកម្ពុជាឈ្នះថៃ ចាប់តាំងពីឆ្នាំ១៩៦២មកម្ល៉េះ។ ដូច្នេះនៅពេល នេះបើទោះបីយើងចាប់ផ្ដើមកែសម្រួលកងទ័ពពីតំបន់ប្រាសាទព្រះវិហារក៏ពិតមែន តែយើងនៅតែប្រកាន់ខ្ជាប់នូវការ ការពារយ៉ាងម៉ឺងម៉ាត់នូវបូរណភាពទឹកដីរបស់ខ្លួនជានិច្ច ។ នេះជាការចាប់ផ្ដើមទី១ ភាគីទាំង២សម្រេចកែសម្រួលកងទ័ពកុំឲ្យប្រឈមមុខគ្នាតទៅទៀត រួចហើយយើងផ្ដល់ឱកាសងាយស្រួលឲ្យគណៈកម្មការព្រំដែនចាប់ផ្ដើមវាស់ វែងខ្សែបន្ទាត់ព្រំដែនឲ្យបានត្រឹមត្រូវ ។ នៅពេលនេះកងទ័ពចាប់ផ្ដើមដកចេញពីតំបន់មានជម្លោះតែយើងដាក់កងនគរបាលជាតិនិងភ្នាក់ងារពាក់ព័ន្ឋជំនួសវិញដើម្បីការពារតំបន់អភិរក្សប្រាសាទ។

       ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់ទៀតថា នេះជាការបង្ហាញឲ្យឃើញពីរដ្ឋឯករាជ្យមួយគោរពតាមច្បាប់អន្តរជាតិ ហើយជម្លោះដែលកើតឡើងកន្លងមក ព្រោះតែមានអ្នកនយោបាយថៃមួយចំនួនតូច គាត់កេងចំណេញនយោបាយញុះញង់ឲ្យមានបញ្ហានៅតាមព្រំដែន ។ ឥឡូវនេះយើងចាប់ផ្ដើមសំរួលកងទ័ពចេញពីតំបន់ដី ១៧,៣គីឡូម៉ែត្រការ៉េ ដែលជាតំបន់ហាមឃាត់មិនឲ្យមានកងទ័ពបណ្ដោះអាសន្នតាមដីកាបង្គាប់តុលាការអន្តរ ជាតិក្រុងឡាអេ។

       តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារសម្របសម្រួលបទឈប់បាញ់កម្ពុជាស្តីពីការកែសម្រួលកងទ័ព កម្ពុជាជំហានទី១ ចេញេពីតំបន់គ្មានកងទ័ពបណ្តោះអាសន្នដែលកំណត់ដោយតុលាការយុត្តិធម៌អន្តរជាតិ(ICJ) បាន ឱ្យដឹងថាដើម្បីសម្រេចបាននូវទស្សនវិស័យនៃដំណើរឆ្ពោះទៅកាន់សហគមន៍អាស៊ានឆ្នាំ២០១៥ ដើម្បីធ្វើឱ្យមាន សន្តិភាពនិងវិបុលភាព ព្រមទាំងគោរពបាននូវអនុសញ្ញាឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារទ្រព្យសម្បត្តិវប្បធម៌ ក្នុង ពេលមានជម្លោះប្រដាប់អាវុធ និងអនុសញ្ញាបេតិកភណ្ឌវប្បធម៌ពិភពលោក និងធម្មជាតិ រាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើការកែសម្រួលកងទ័ពជំហានទី១ ចំនួន៤៨៥នាក់ របស់កងពលធំអន្តរាគមន៍លេខ៣ និងកងពលតូច អន្តរាគមន៍លេខ៧ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ ចេញពីតំបន់គ្មានកងទ័ពបណ្តោះអាសន្ន (PDZ) តាមដីកា បង្គាប់របស់តុលារការយុត្តិធម៌អន្តរជាតិ(ICJ) ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ ។

       ឯកឧត្តម រដ្ឋលេខាធិការក្រសួងការពារជាតិ បាននិយាយថា ពេលនេះកងទ័ពបានដកចេញ តែក្រុមនគរ បាលដាក់ជំនួសវិញ។ យើងកែសម្រួលកងទ័ពជំហានទី១នេះចេញពីតំបន់៤ចំណុចគឺទី១ ចេញពីផ្សារជណ្ដើរនាគ ទី២-មុខជណ្ដើរបុរាណខាងជើង ទី៣-ជណ្ដើរបុរាណខាងកើត និងទី៤- ក្បែរវត្តកែវសិក្ខាគិរីស្វរៈ ។ ឯកឧត្តម បានបន្តថា កម្លាំងនគរបាលដែលដាក់ជំនួសមានចំនួន២៥៥នាក់ និងកងសន្តិសុខអភិរក្សនៃអាជ្ញាធរជាតិព្រះវិហារចំនួន១០០នាក់ ផ្សេងទៀត។ កងទ័ពកម្ពុជាដែលបានដកចេញនេះនៅក្នុងកងពលលេខ៧មួយផ្នែក និងកងពលធំលេខ៣ មួយផ្នែក ។ ចំណែកឯកងទ័ពភាគីថៃ ត្រូវបានឲ្យដឹងថា ដកចេញក្នុងកងពលលេខ៦។ រហូតមកដល់ពេលនេះស្ថានភាពនៅតំបន់ប្រាសាទព្រះវិហារមានសភាពស្ងប់ស្ងាត់ជាធម្មតាទេ ។

       សូមបញ្ជាក់ថា ព្រឹត្តិការណ៍នៃការកែសម្រួលកងទ័ពនេះ គឺស្របទៅនឹងពិធីអបអរសាទរខួបលើកទី៤ឆ្នាំ នៃ ការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក២០០៨-២០១២ ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដោយមានការអបអរសាទរយ៉ាងគគ្រឹកគគ្រេងពីភ្ញៀវជាតិ និងអន្តរជាតិ ហើយការសម្រេចចិត្តរបស់រាជ រដ្ឋាភិបាល នៅក្នុងការកែសម្រួលកងទ័ពជាឯកតោភាគីជំហានទី១ នេះគឺជាកត្តាចាំបាច់បំផុតដើម្បីរក្សាសន្តិភាពយូរ អង្វែងតាមបណ្តោយព្រំដែន និងការពារបាននូវបេតិកភណ្ឌពិភពលោកដែលជាសម្បត្តិរបស់មនុស្សជាតិប្រកប ដោយចីរភាព ៕