ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិ និង លោកជំទាវ តៅ តឿន អញ្ជើញកាន់បិណ្ឌវេណទី៩ នៅវត្តបុទុមវតី រាជធានីភ្នំពេញ
 

           កាលពីថ្ងៃអង្គារ ៩រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១២ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ តៅ តឿន ព្រមទាំងគ្រួសារ អមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ផាន់ ងួន រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ ទីប្រឹក្សា នាយកខុទ្ទកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហានជាន់ខ្ពស់នៃក្រសួងការពារជាតិជាច្រើនរូបទៀត បានអញ្ជើញទៅដាក់បិណ្ឌវេណទី៩ នៅវត្តបុទុមវតី រាជធានីភ្នំពេញ។

          នៅក្នុងឱកាសអញ្ជើញទៅដាក់បិណ្ឌនៅក្នុងទីអារាមវត្តបុទុមវតី នាឱកាសនោះ ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ តៅ តឿន ព្រមទាំងក្រុមគ្រួសារ បាននាំយក បច្ច័យចំនួន ១១,១០០,០០០រៀល និង១៩៦០ដុល្លា អង្ករចំនួន ៤០០គីឡូក្រាម មី ៥០កេស ទឹកក្រូច ៤០កេស ទឹកបរិសុទ្ធចំនួន ៥០កេស ត្រីខ ២កេស ប្រគេនដល់ព្រះសង្ឃចំនួន ៤៤៦អង្គ ក្នុងមួយអង្គៗ សាដក១ បច្ច័យ ២០,០០០រៀល ហើយបានជូនបច្ច័យដល់តាជី យាយជី ក្នុងម្នាក់ៗ ១០,០០០រៀល សិស្ស និស្សិត បម្រើការងារក្នុងវេណទី៩នេះក្នុងម្នាក់ ៥,០០០រៀល ។ ដោយឡែក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ និងលោកជំទាវ តៅ តឿន ក៏បានប្រគេនបច្ច័យដល់ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១,២០០,០០០រៀល និង ១៤១៥ ដុល្លារ ផងដែរ ។ ពីធីបុណ្យនេះបានប្រារព្វធ្វើឡើងទៅតាមបវេណីព្រះពុទ្ធសាសនា ដោយមានការបង្សុកូលឧទ្ទិសកងការមហា កុសលដែលជាសន្ធាដ៏ជ្រះថ្លារក្រៃលែងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ និងលោកជំទាវ តៅ តឿន ព្រមទាំងក្រុមគ្រួសារ និងបានឧទ្ទិសមគផលមួយផ្នែកជូនដល់វិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងមួយផ្នែកទៀតជូនដល់វិញ្ញាណក្ខន្ធមាតា បិតា ជីដូន ជីតា ញាតកាទាំងប្រាំពីរសន្តាន ដែលលោកបានទទួលមរណភាពអស់កាលដ៏យូរមកហើយក្តី ឬថ្មីៗនេះក្តី សូម ទទួលយកដោយក្តីសោមនស្សរីករាយ ។

          ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ តៅ តឿន បានសំណេះសំណាលសាកសួរសុខទុក្ខ ចំពោះព្រះសង្ឃ តាជី យាយជី ព្រម ទាំងពុទ្ធបរិស័ទទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេណទី៩នេះ និងសូមឱ្យទទួល បាននូវកុសលផលបុណ្យស្មើៗគ្នា ឯកឧត្តម ក៏បានបួងសួងសូមឱ្យប្រជាជនកម្ពុជាទូទាំងប្រទេស កងទ័ពដ៏ អង្គអាចក្លាហានដែលការពារនៅតាមខ្សែបន្ទាត់ព្រំដែន សូមឱ្យប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន ទទួល បានជ័យជំនះគ្រប់ភារកិច្ច និងប្រទេសជាតិទទួលបានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យគ្រប់ៗដំណាក់ កាលតរៀងទៅ ៕