ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ុំ សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភា-ហិរញ្ញាវត្ថុ ក្រសួងការពារជាតិ ដំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដឹកនាំប្រតិភូមន្រ្តីយោធាជាន់ខ្ពស់ក្រសួងការពារជាតិ ចុះសាកសួរសុខទុក្ខយោធិនរបួស ជម្ងឺ នៅមន្ទីរពេទ្រព្រះកេតុមាលា

       កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ០៨:៣០ នាទីព្រឹក ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ុំ សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភា-ហិរញ្ញវត្ថុក្រសួងការពារជាតិ ដំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូមន្រ្តីយោធាជាន់ខ្ពស់ក្រសួង ការពារជាតិ អញ្ជើញចុះសួរសុខទុក្ខយោធិនរបួស-ជម្ងឺ នៅមន្ទីរពេទ្យព្រះកេតុមាលា ដោយមានការចូលរួមពី សំណាក់ថ្នាក់ដឹកនាំមន្ទីពេទ្យ វេជ្ជបណ្ឌិត គ្រូពេទ្យ បុគ្គលិក យោធិនរបួស-ជម្ងឺប្រមាណ ៣៣០នាក់ ។

       បន្ទាប់ពីបានទទួលការអនុញ្ញាតិពីគណៈអធិបតីរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក លី សុវណ្ណ នាយក មន្ទីពេទ្យកេតុមាលា បានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃមួយដែលប្រកបដោយសិរីមង្គលបវរមហាប្រសើរបំផុត ដែលយើងទាំងអស់គ្នា ជាថ្នាក់ដឹកនាំ បុគ្គលិក យោធិនរបួស-ជម្ងឺ នៃមន្ទីពេទ្យព្រះកេតុមាលាទាំងមូលមាន កិត្តិយស និងក្តីរំភើបរីករាយយ៉ាងក្រៃលែងដោយបានទទួលការអនុញ្ញាតឱ្យធ្វើបដិសណ្ឋារកិច្ចស្វាគមន៍អបអសារ ទ ចំពោះគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិ ដែលដឹកនាំដោយ ឯកឧត្តម ស៊ុំ សំណាង តំណាងដ៏ខ្ពង់ ខ្ពស់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខដល់បុគ្គលិក យោធិនសំរាក់នៅមន្ទីពេទ្យក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលឈានចូលមកដល់ក្នុងថ្ងៃខាងមុខនេះ ។

     ស្ថិតក្នុងបរិយាកាសដ៏បវរមហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំបុគ្គលិក យោធិន កំពុងសំរាកព្យាបាលទាំងអស់ សូមសម្តែងនូវមនោសញ្ចេតនារំភើបរីករាយឥតឧបមា ប្រកបដោយក្តីមោទនភាពសុទិដ្ឋិនិយម អបអរយ៉ាងក្លៀវក្លាចំពោះវត្តមានដ៏ថ្លៃថ្លារបស់ ឯកឧត្តម គណៈអធិបតី សមាជិកប្រតិភូទាំងអស់ដែលបានឆ្លៀតឱកាសមមាញឹក ចុះសួរសុខទុក្ខដល់យើងខ្ញុំទាំងអស់គ្នាដែលហេតុការណ៍នេះ សបញ្ជាក់ឱ្យ ឃើញ កាន់តែច្បាស់នូវស្មារតីផ្សារភ្ជាប់ជាប្រចាំនូវមនោសញ្ចេតនាសាមគ្គីភាព ភាតរភាព គិតគូយកចិត្តទុកដាក់ ដល់សុខភាព សុខទុក្ខ ជីវភាពរស់នៅរបស់យើងខ្ញុំទាំងអស់គ្នា ធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាគ្រប់លំដាប់ថ្នាក់គ្រប់ ជំនាញ ឯកទេសកោតសរសើរ និងយកចិត្តទុកដាក់ពង្រឹងវិន័យកងទ័ព ក្រមសីលធម៌គ្រូពេទ្យបង្កើននូវការរៀន សូត្រជំនាញបច្ចេកទេស ដើម្បីធ្វើឱ្យសមត្ថភាពព្យាបាលជម្ងឺ ជូនយោធិនគ្រប់ជាន់ថ្នាក់កាន់តែមានប្រសិទ្ធភាព ។ ក្នុងនាមថ្នាក់ដឹកនាំ បុគ្គលិក យោធិនសំរាកនៅមន្ទីពេទ្យទាំងអស់សូមគោរពថ្លែងអំណរគុណ និងគោរពជូនពរគណៈអធិបតី ឯកឧត្តមអស់លោក លោកស្រី ក្នុងជួរប្រតិភូអង្គពិធីទាំងមូលសូមមានសុខុមាលភាពល្អបរិបូណ៌ កម្លាំងខ្លាំងក្លាទទួលបានជ័យជំនះរាល់ភារកិច្ច ។

     ឯកឧត្តម លី សុវណ្ណ បានបញ្ជាក់ថា ក្រោមការជួយជ្រោមជ្រែង និងសហការពីសំណាក់នាយកដ្ឋាន ដែលមានការពាក់ព័ន្ធ ពិសេសក្រោមការដឹកនាំ និងផ្តល់អនុសាសន៍ផ្ទាល់ពីសំណាក់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើឱ្យមន្ទីពេទ្យព្រះកេតុមាលាមានការអភិវឌ្ឍន៍រីកចម្រើនជាបន្ត បន្ទាប់ ពីមួយថ្ងៃទៅមួយថ្ងៃទាំងវិស័យឯកទេសជំនាញ និងហេដ្ឋារចនាសម្ព័ន្ធ ដូចនៅក្នុងឆ្នាំ ២០១២នេះ យើង បានទទួលជំនួយពីក្រសួងការពារជាតិនៃសាធារណៈរដ្ឋប្រជាមានិតុចិន នូវសំភារៈបច្ចេកទេសពេទ្យដែលមាន ទឹកប្រាក់សរុបប្រហែល ៨៥ម៉ឺនដុល្លា ។ ល ។ ឯផ្នែកហេដ្ឋារចនាសម្ព័ន្ធសំណង់យើងបានធ្វើការជួលជុលអាគារ នាយទាហានមធ្យមជាន់ខ្ពស់ អាគារពិសោធន៍ និងរបងមន្ទីពេទ្យ ហើយនឹងមានទិសដៅធ្វើការជួសជុលបន្ត អាគារពិនិត្យ ធ្វើរបងផ្នែកខាងកើតប្រវែង ៣៤ម៉ែត្រ ថែមទៀតផង ។ ល ។ មានប្រសាសន៍សំណេះសំណាលសាកសួរសុខទុក្ខចំពោះ បុគ្គលិក យោធិនរបួស-ជម្ងឺ នៃមន្ទីពេទ្យ ព្រះកេតុមាលាទាំងមូលនាឱកាសនោះ ឯកឧត្តម ស៊ុំ សំណាង បានមានប្រសាសន៌ ឯកភាពទាំងស្រុង ចំពោះ របាយការណ៍ដែលបានលើកឡើងដោយ ឯកឧត្តម ប្រធានមន្ទីរពេទ្យកេតុមាលា និងបានថែ្លងថា នេះជាទម្លាប់មួយដ៏ប្រពៃរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានដែលតែងតែយកចិត្តទុកដាក់ចុះសួរសុខទុក្ខបងប្អូនយោធិនរបួស-ជម្ងឺ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខែ្មរ ជួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ និង អគ្គបញ្ជាការដ្ឋាន ឯកឧត្តម សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អស់លោក លោកស្រីដែលបានបំពេញភារកិច្ចជូនជាតិ និងមាតុភូមិ ។

     ជាចុងក្រោយ ឯកឧត្តម សូមជូនពរដល់បងប្អូនយោធិនរបួស-ជម្ងឺឲ្យឆាប់ជាសះស្បើយ ដើម្បីវិលត្រឡប់ ទៅបន្តបំពេញភារកិច្ចតាមបណ្តាអង្គភាពរៀងៗខ្លួនវិញ ហើយថែមទាំងបានពាំនាំយកអំណោយចែកជូនដល់បង ប្អូនយោធិនរបួស-ជម្ងឺ ប្រមាណ ៣៣០ នាក់ មានដូចជា មី ទឹកគោ ស្ករស ត្រីខកំប៉ុង និងថវិកាចំនួន មួយ ម៉ឺនរៀលក្នុងម្នាក់ៗ ៕