នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១១ នៅខេត្ដកោះកុង ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣២ ទិវាជ័យជំនះ៧មករា ។ នៅក្នុងពិធីនេះ ក៏មានវត្ដមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្ដម ព្រឹទ្ធាចារ្យ សាយ ភូថង ឧត្ដមទីប្រឹក្សាព្រះមហាក្សត្រ ព្រមទាំងឯកឧត្ដម ប៊ុន លើត អភិបាល នៃគណៈអភិបាលខេត្ដកោះកុង ថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់ អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ៣០០០នាក់ អញ្ជើញចូលរួមផងដែរ ។

      នៅក្នុងឱកាសនេះ ឯកឧត្ដម ប៊ុន លើត មានមតិស្វាគមន៍ ដោយរំលឹកឡើងវិញអំពីប្រវត្ដិសាស្ដ្រថ្ងៃ ៧មករា និងសោកនាដកម្មទាំងឡាយដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ឯកឧត្ដម បានបញ្ជាក់ថា បន្ទាប់ពី ប្រទេសជាតិ បានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍រយៈពេល ៣២ ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បាន ខិតខំពុះពារជំនះគ្រប់ឧបសគ្គ ធ្វើឱ្យប្រទេសជាតិមានសុខសន្ដិភាព និង ទទួលបានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និយាយរួម ដោយឡែកខេត្ដកោះកុង ក៏បានទទួលនូវសមិទ្ធផលធំៗជាច្រើនគួរឱ្យកត់សំគាល់ផងដែរ ។

      ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ទោះបី ថ្ងៃ៧មករា ១៩៧៩ បានកន្លងផុតទៅ ៣២ ឆ្នាំទៅហើយ ប៉ុន្ដែប្រជាជនកម្ពុជា ពុំអាចបំភ្លេចបានឡើយនូវអតីតកាលដ៏ខ្មៅ ងងឹត ពោរពេញទៅដោយទុក្ខសោកវេទនា ការឈឺចាប់ខ្លោចផ្សារ និងការនិរាសព្រាត់ប្រាស់គ្រួសារក្នុងរយៈពេល ៣ ឆ្នាំ ៨ខែ ២០ ថ្ងៃ ក្រោមរបបកម្ពុជាប្រជាធិបេតយ្យ (ខ្មែរក្រហម)។ ឯកឧត្ដម បានមានប្រសាសន៍បន្ដថា ក្នុងអំឡុងពេលនៃ ការកាន់អំណាច ប៉ុល ពត បានប្រព្រឹត្ដឧក្រឹដ្ឋកម្មដ៏មហាឃោឃៅយ៉ងឃ្នងកាប់សម្លាប់ ធ្វើទារុណកម្មលើប្រជាជនស្លូតត្រង់ និងបំផ្លាញសមិទ្ធិផលជាតិលើគ្រប់វិស័យដល់កម្រិតសូន្យ។ប្រជាជនកម្ពុជាបានបាត់បង់សិទ្ធិសេរីភាព ហើយរស់នៅក្នុងភាព ភ័យខ្លាចតក់ស្លុត ទទួលរងទារុណកម្ម និងការកាប់សម្លាប់យ៉ាងរង្គាល។ ក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរនោះ បណ្ដាលឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាជនដែលស្នេហាជាតិមាតុភូមិ បានរួបរួមគ្នាបង្កើតឡើងនូវរណសិរ្សសាមគ្គី សង្គ្រោះជាតិ ក្នុងឆ្នាំ១៩៧៨ ដែលបច្ចុប្បន្នមានឈ្មោះថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។

      ក្រោមការជួយឧបត្ថម្ភ គាំទ្រពីកងទ័ពស្មគ្រចិត្ដវៀតណាម ចលនាតស៊ូរបស់រណសិរ្សបានក្រោកឈរឡើងតស៊ូប្រយុទ្ធប្រឆាំង ផ្ដួលរលំរបបដ៏ព្រៃផ្សៃ នោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ បានបញ្ជាក់ថា ជ័យជំនះ៧មករា ជាសច្ចៈធម៌ នៃប្រវត្ដិសាស្ដ្រដែលបានបញ្ចប់របបកម្ពុជាប្រជាធិបតេយ្យទាំងស្រុង ហើយបើកឡើងវិញនូវសករាជថ្មីផ្ដល់សិទ្ធិសេរីភាព ជូនប្រជាជន។ បន្ទាប់ពីជ័យជំនះ៧មករា ប្រជាជនកម្ពុជាដែលនៅសេសសល់ បានក្រោយឈរឡើងស្ដារ និង កសាងមាតុភូ កម្ពុជាឡើងវិញ ដោយការលំបាកបំផុត។ ទោះបីជ័យជំនះ៧មករាបានកន្លងផុតទៅ ប៉ុន្ដែប្រជាជនកម្ពុជាដែលនៅសេសសល់ ពីការកាប់សម្លាប់នៅតែចងចាំជានិច្ច ហើយបានចាត់ទុកថ្ងៃ ៧មករា ជាថ្ងៃកំណើតទី២របស់ខ្លួន ។ ទិវាជ័យជំនះ ៧មករា បានរំលឹកឡើងវិញពីការតស៊ូប្រយុទ្ធប្រឆាំងអង់អាចក្លាហានហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ និង អាយុ ជីវិត ដើម្បីបុព្វហេតុ សង្គ្រោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ជ័យជំនះរយៈពេល ៣២ឆ្នាំកន្លងមកនេះ គឺជាសមិទ្ធផល ដែលឆ្លុះបញ្ចាំង ពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃគណបក្សប្រជាជនកម្ពុជា និង ស្ថាប័នកំពូលជាតិក្នុងការ លើកកម្ពស់ កិត្យានុភាពជាតិទាំងក្នុងតំបន់ និងលើឆាកអន្ដរជាតិ ។

      ក្នុងឱកាសនោះ ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ ព្រមទាំងជាភ្ញៀវកិត្ដិយសទាំងអស់ បានអញ្ជើញចូលរួម បង្ហោះប៉េតប៉ោងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣២ ទិវាជ័យជំនះ ៧មករា នៅខេត្ដកោះកុងផងដែរ ។