បន្ទាប់ពីសិក្ខាសាលាបានដំណើរការអស់រយៈពេលពេញមួយថ្ងៃប្រកបដោយជោគជ័យរួចមក នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១១ ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទ សិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១០ និងទិសដៅអនុវត្ដបន្ដ ឆ្នាំ២០១១ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក (ជ្រោយចង្វា) ។

      នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម នាយឧត្ដមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ ព្រមទាំងឯកឧត្ដម អគ្គនាយក អគ្គនាយករង មេបញ្ជាការ មេបញ្ជការរងកងទ័ពជើងគោក កងទ័ព-ជើងទឹក កងទ័ពជើងអាកាស និងកងរាជអាវុធហត្ថអញ្ជើញចូលរួមផងដែរ ។

      ក្នុងសុន្ទរកថាស្វាគមន៍របស់ឯកឧត្ដម ឧត្ដមនាវីឯក ទៀ វិញ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាមេបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងទឹក បានមានប្រសាសន៍ថា ថ្ងៃនេះ គឺជាទិវាដ៏មហោ- នក្ខឬក្ស ដែលបញ្ជាការដ្ឋានកងទ័ពជើងទឹក បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១០ និងទិសដៅ អនុវត្ដបន្ដ ឆ្នាំ២០១១ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹកថ្មី ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១០កន្លងមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយថ្ងៃទី១៨ ខែមករានេះ ក៏ជាថ្ងៃទិវារំលឹកខួបការបង្កើតកងទ័ពជើងទឹកសារជាថ្មី ក្រោយថ្ងៃ មហាជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ផងដែរ។ ឯកឧត្ដម មេបញ្ជាការកងទ័ពជើងទឹក បានមានប្រសាសន៍បន្ដថា តាមរយៈ អង្គសិក្ខាសាលានេះ បានធ្វើឱ្យកងទ័ពជើងទឹក ធ្វើការអភិរក្សដកបទពិសោធន៍រៀនសូត្រពីគ្នាទៅវិញទៅមក លើការងារដឹកនាំ- បញ្ជា ការគ្រប់គ្រងកម្លាំង ការហ្វឹកហ្វឺន សម្ភារៈ ការជួសជុលថែទាំបច្ចេកទេស ការកសាងអង្គភាព និងបានលើកសំណូមពរ ផ្សេងៗ ដើម្បីដាក់ចេញនូវទិសដៅសម្រាប់បន្ដអនុវត្ដការងារក្នុងឆ្នាំ ២០១១នេះ ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ បន្ថែមទៀត ។

      តាមរយៈអង្គសិក្ខាសាលានេះ តាងនាមឱ្យបញ្ជាការដ្ឋានកងទ័ពជើងទឹក ក៏ដូចជានាយនាវី នាយនាវីរង ពលនាវី ទាំងអស់ ឯកឧត្ដម ទៀ វិញ បានសម្ដែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចជាកាលតែងតែជួយឧបត្ថម្ភគាំទ្រគ្រប់បែប យ៉ាងដល់កងទ័ពជើងទឹក ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពដែនទឹក កោះ ឆ្នេរ សម្បត្ដិធម្មជាតិ។ នាយនាវី នាយនាវីរង និងពលនាវឹកនៃកងទ័ពជើងទឹកទាំងអស់សូមគាំទ្របេក្ខភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជា នាយករដ្ឋមន្ដ្រី សម្រាប់អណត្ដិក្រោយៗទៀត ។ នៅក្នុងពិធីបិទសិក្ខាសាលា ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ បានមានប្រសាន៍ថា សិក្ខាសាលានេះពិតជាមាន សារៈសំខាន់ណាស់ សម្រាប់កងទ័ពជើងទឹកទាំងមូល ដើម្បីធ្វើការពិនិត្យឡើងវិញនូវសមិទ្ធផល និងស្នាដៃទាំងឡាយ ដែលសម្រេចបានក្នុងឆ្នាំកន្លងមក ដើម្បីពិនិត្យវាយតម្លៃអំពីបញ្ហាប្រឈមនានា និងរកឱ្យឃើញនូវគន្លឹះ ទាំងឡាយដែលជា យុទ្ធសាស្ដ្រថ្មីៗសម្រាប់អនុវត្ដការងារនាពេលខាងមុខ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ក្នុងការបំពេញភារកិច្ច ជូន ជាតិមាតុភូមិ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ។ ឯកឧត្ដម បានសម្ដែងការអបអរសាទរ កោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះលទ្ធផលការងារសម្រេចបាននៅក្នុងឆ្នាំ២០១០កន្លងមក របស់កងទ័ពជើងទឹក ដែលបានឆ្លុះបញ្ចាំងពីស្នាដៃ បទ ពិសោធន៍ល្អៗ ហើយបានដាក់ចេញទិសដៅការងារសម្រាប់អនុវត្ដបន្ដ ឱ្យសម្រេចបានជោគជ័យថ្មីៗ ថែមទៀតនាពេលខាង មុខ ។

      ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ បានបញ្ជាក់ថា ភារកិច្ចរបស់កងទ័ពជើងទឹកគឺត្រៀម ខ្លួនរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី ការពារឱ្យបានដាច់ខាតនូវដែនសមុទ្រក្នុងព្រះរាជាណាចក្រកម្ពុជាទាំងដែនគោក ដែនកោះ ដែនទឹក និងដែនអាកាសឱ្យបានគង់វង្ស ដោយមិនឱ្យពួកមច្ចាមិត្ដរំលោភបំពានកាន់កាប់បានឡើយ ។ ទន្ទឹមនឹងនេះ ក៏ត្រូវ យកចិត្ដទុកដាក់លើបញ្ហាសន្ដិសុខរួមលើផ្ទៃសមុទ្រ ដូចជាបញ្ហារត់ពន្ធគ្រឿងញៀន ការជួញដូរមនុស្ស បញ្ហានេសាទខុស ច្បាប់ ការពារមច្ចាជាតិ រួមទាំងបញ្ហាបរិស្ថានផងដែរ ។ ឯកឧត្ដម បានមានប្រសាសន៍សង្កត់ធ្ងន់ថា ភារកិច្ចសំខាន់មួយទៀត របស់ កងទ័ពជើងទឹកនាពេលខាងមុខ គឺការការពារលើការវិនិយោគរុករកប្រេងឧស្ម័ន អាជីវកម្ម ប្រេងលើផ្ទៃសមុទ្រកម្ពុជា ដែលភារកិច្ចនេះគឺជាអាទិភាពសំខាន់បំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។

      ដើម្បីឱ្យកងទ័ពជើងទឹកអនុវត្ដការងារឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលលទ្ធផលល្អប្រសើរ នាពេលខាងមុខ ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានផ្ដល់អនុសាសន៍មួយចំនួន ដល់គ្រប់កងឯកភាពកងទ័ពជើងទឹក ត្រូវបន្ដការងារកសាងអង្គភាព ដឹកនាំហ្វឹកហ្វឺនលើកកម្ពស់សមត្ថភាពឱ្យបានរឹងមាំ ចូលរួមថែរក្សានូវសម្ភារៈគ្រឿងបំពាក់ គ្រប់ប្រភេទដែលរាជរដ្ឋាភិបាលក្រសួងការពារជាតិ អគ្គបញ្ជាការ ប្រគល់ជូន ជាពិសេសអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ ដែលបានផ្ដល់ជូន ត្រូវប្រើប្រាស់ឱ្យបានយូរអង្វែងទៅថ្ងៃអនាគត ។ ឯកឧត្ដម ក៏បានរំលឹកឡើងវិញ នូវអនុសាសន៍ទាំង ១០ចំណុច របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយនាវី នាយនាវីរង និងពល នាវឹកកងទ័ពជើងទឹកទាំងអស់ ត្រូវគោរពអនុវត្ដតាមឱ្យបានម៉ឺងម៉ាត់ ទប់ស្កាត់ ជៀសវាងការប្រព្រឹត្ដអំពើផ្សេងៗ ដែលផ្ទុយ នឹងច្បាប់រដ្ឋ ដែលនាំឱ្យជះឥទ្ធិពលមិនល្អដល់កងយោធពលខេមរភូមិន្ទ។

      នៅក្នុងពិធីបិទនេះ ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ បានបំពាក់គ្រឿងឥស្សរយស ប្រគល់ប័ណ្ណសរសើរ ជូនដល់នាយនាវីអង្គភាពបញ្ជាការដ្ឋានកងទ័ពជើងទឹក ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិកន្លងមក ផងដែរ ។