នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១១ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បាន អនុញ្ញាតឲ្យឯកឧត្តម គ្រីស ស្ទីន ភូណាន់ ឯកអគ្គរដ្ឋទូតបារាំងទើបតែងតាំងថ្មី ចូលជួបសម្តែង ការគួរសម នៅទីស្ដីការក្រសួងការពារជាតិ។

      នៅក្នុងជំនួបនាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានមានប្រសាសន៍ថា ប្រទេសបារាំងបានរួមចំណែកដ៏សំខាន់ក្នុងការកសាងកងយោធពលខេមរភូមិន្ទ ក្នុងនោះពីដំបូង បារាំង បានជួយបង្កើតកងរាជអាវុធហត្ថ ហើយជាបន្តបន្ទាប់បានជួយបណ្ដុះបណ្ដាលកងយោធពលខេមរភូមិន្ទ ថែមទៀតផង ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា តាមរយៈបេសកកម្មការទូតនៅកម្ពុជា របស់ឯកឧត្តម អគ្គរដ្ឋទូតបារាំង នឹងជម្រុញកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែល្អប្រសើរឡើងថែមទៀតរវាង កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ។

      នាឱកាសនោះ ឯកឧត្តម គ្រីស ស្ទីនភូណាន់ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកថែរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ។ ឯកឧត្តម បានមានប្រសាសន៍ថា ឯកឧត្តម នឹងបេ្តជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយ កងយោធពលខេមរភូមិន្ទ ជាពិសេសកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានហ្វឹកហ្វឺននៅឧត្តុង្គ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។