នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១១ នៅទីស្ដីការក្រសួងការពារជាតិ ឯកឧត្តម ដាទូក ភែនជីរ៉ាហា ជីបូសេន ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ទើបតែងតាំងថ្មី បានចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ។

      នៅក្នុងជំនួបសវនការនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី បានមានប្រសាសន៍ថា ទំនាក់ទំនង មិត្តភាពកម្ពុជា-ម៉ាឡេស៊ី គឺមានតាំងពីយូរណាស់មកហើយ ហើយបច្ចុប្បន្ននេះ ប្រទេសទាំងពីរនៅតែ បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អប្រសើរ ។ ឯកឧត្តម បានបន្តថា ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១០កន្លងមក បាននាំមកនូវអ្នកវិនិយោគទុនយ៉ាង ច្រើនមកកាន់កម្ពុជា ។ ឯកឧត្តម មានជំនឿជឿជាក់ និងសង្ឃឹមថា ការវិនិយោគរបស់ម៉ាឡេស៊ីនៅកម្ពុជា នឹងនាំមកនូវ ផលប្រយោជន៍ ដល់ប្រជាជនកម្ពុជាជាច្រើន ។ ជាមួយគ្នានេះផងដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី បានលើកឡើងអំពីគោលបំណងចង់ឲ្យមានការផ្លាស់ប្តូរនាយទាហានវ័យក្មេងរវាងកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី ដើម្បីបំពេញទស្សនកិច្ចស្វែងយល់ និងដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ។

      ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីទៀ បាញ់ បានមានប្រសាសន៍ថា កម្ពុជា និង ម៉ាឡេស៊ី មានកិច្ចសហប្រតិបត្តិការជាមួយគ្នាលើគ្រប់វិស័យ ។ ឯកឧត្តម បានចាត់ទុកថា ការធ្វើឲ្យមាន ការផ្លាស់ប្តូរនាយទាហានទៅវិញទៅមក គឺមានសារសំខាន់ណាស់ ក្នុងការដកយកបទពិសោធន៍ពីគ្នាទៅ វិញទៅមក សម្រាប់ជម្រុញការបណ្តុះបណ្ដាលធនធានមនុស្សដល់កងទ័ពឲ្យបានកាន់តែប្រសើរ។