ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាសាលា ស្តីពីការងារធានាបច្ចេកទេស ទូទាំងកងយោធពលខេមរភូមិន្ទ
 

            នៅរសៀលថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០១៣ នៅសាលប្រជុំក្រសួងការពារជាតិ មានរៀបចំធ្វើ ពិធី បិទសិក្ខាសាលាស្តីពី ការងារធានាបច្ចេកទេស ទូទាំងកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងការពារជាតិ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពទាំងបីប្រភេទ កងអង្គរក្ស កងរាជអាវុធហត្ថ មេបញ្ជាការ មេបញ្ជាការរងគ្រប់យោធភូមិភាគ កងពលតូច កងពលធំ និងបណ្តាស្ថាប័នអគ្គនាយកដ្ឋានចំណុះក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធនានា ប្រមាណជាង ៣០០នាក់ មកពីជាង៦០អង្គភាព ។

           យោងតាមរបាយការណ៍បូកសរុបលទ្ធផលនៃអង្គសិក្ខាសាលារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចៅ ភិរុណ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ បានឱ្យដឹងថា នៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស បានទទួល និងបំពាក់នូវគ្រឿងសម្ភារៈបច្ចេកទេសគ្រប់ប្រភេទ ជូនកងទ័ព ពិសេសការបំពាក់បន្ថែមទ្វេដងនូវគ្រឿងយុទ្ធោបករណ៍ ដែលទទួលបានពីប្រភពផ្សេងៗ និងការឧបត្ថម្ភពីដៃគូអភិវឌ្ឍ ដែលរួមមានសាធារណៈរដ្ឋប្រជាមានិតចិន វៀតណាម សហរដ្ឋអាមេរិក កូរ៉េខាងត្បូង សហព័ន្ធរុស្សី អ៊ុយក្រែន និងប្រទេសឆេក ដែលរួមមានរថយន្តគ្រប់ប្រភេទប្រមាណ៩៩៩គ្រឿង ក្បាលផ្លាតឺហ្វ័ម គ្រប់ប្រភេទ៥២គ្រឿង ម៉ាស៊ីនរថយន្តGMCចំនួន១១គ្រឿង គ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទ៩៦១មុខ និង២កុងតឺន័រ ច្រវ៉ាក់ទាក់កងរថយន្តចំនួន៣៧៥កេះ រឺម៉ក់សណ្តោងគ្រប់ប្រភេទ១៨៤គ្រឿង គ្រឿងចក្រគ្រប់ប្រភេទ២១គ្រឿង ម៉ាស៊ីនភ្លើងគ្រប់ប្រភេទ១៣៥គ្រឿង និងក្រៅពីនោះរួមមានរថក្រោះ រថពាសដែក គួបផ្សំ និងគ្រឿងបន្លាស់ នាវាគ្រប់ប្រភេទ យន្តហោះ អាវុធយុទ្ធភ័ណ្ឌគ្រប់ រួមនឹងសម្ភារៈសំរាប់យោធា ដែលសម្ភារៈទាំងនោះយើងបានបំពាក់ឱ្យគ្រប់អង្គភាពកងយោធពលខេមរភូមិន្ទ ដើម្បីបំរើឲ្យសេចក្តីត្រូវការចាំបាច់ក្នុងការបំពេញភារកិច្ច ការពារជាតិ ។ ឯកឧត្តម ចៅ ភិរុណ បានបញ្ជាក់ទៀតថា ក្រៅពីការងារបំពាក់នូវសម្ភារៈឱ្យ កងយោធពលខេមរភូមិន្ទ នាពេលកន្លងមកស្ថាប័នបច្ចេកទេសក្រសួងការពារជាតិ បានសហការយ៉ាងជិតស្និទ្ធិ ជាមួយបណ្តាទ័ពជំនាញបច្ចេកទេសគ្រប់អង្គភាពកងទ័ពទាំងបីប្រភេទ រួមនឹងបណ្តាកងទ័ពជំនាញគ្រប់យោធភូមិភាគ កងពលតូច កងពលធំ តំបន់ប្រតិបត្តិការសិកខេត្ត រាជធានី ពិសេសកងទ័ពដែលឈរជើងនៅជួរមុខ ព្រំដែនក្នុងការថែរក្សា ជួសជុសគ្រប់សម្ភារៈសិក ក្នុងការធានាបំរើឲ្យភារកិច្ចការពារជាតិការពារបូរណៈភាពទឹកដីកម្ពុជាបានរឹងមាំ។ ឯកឧត្តម ចៅ ភិរុណ បានលើកឡើងដែរថា តាមរយៈនៃសិក្ខាសាលា២ថ្ងៃនេះ យើងបានផ្តល់ឱកាសឱ្យគ្រប់បណ្តាអង្គភាពកងយោធពលខេមរភូមិន្ទ បានផ្តល់ជាមតិយោបល់ ដើម្បីពិភាក្សារកភាពរីកចំរើន និងចំណុះខ្វះខាត ដែលនៅសេះសល់ ដើម្បីទទួលបានគន្លឹះល្អៗ ដាក់ចេញនូវទិសដៅអនុវត្តបន្ត៥ឆ្នាំខាងមុខឱ្យកាន់តែមានប្រសិទ្ធិភាព ។

              មានប្រសាសន៍ទៅកាន់មន្រ្តីយោធាទាំងអស់ ដែលមានវត្តមាននៅក្នុងកម្មវិធីបិទសិក្ខាសាលា ស្តីពីការងារ ធានាបច្ចេកទេស ទូទាំងកងយោធពលខេមរភូមិន្ទ នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានមានប្រសាសន៍ ក្នុងនាមឱ្យក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសំដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះអង្គសិក្ខាសាលាដែលបានដំណើរការយ៉ាងសកម្ម ប្រកបដោយលទ្ធផលផ្លែផ្កា ព្រមទាំងឯកភាពខ្ពស់ ចំពោះរបាយការណ៍បូកសរុប សមិទ្ធិផលការងារបច្ចេកទេស រយៈពេល៥ឆ្នាំ (២០០៨-២០១២) និងទិសដៅ ០៥ឆ្នាំ (២០១៣-២០១៧) ។

            ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា នៅក្នុងរយៈពេល២ថ្ងៃដ៏មមាញឹក អង្គសិក្ខាសាលាបានតំណើរការយ៉ាងរលូន ប្រកបដោយលទ្ធផលផ្លែផ្កា ដោយសមាជិកអង្គសិក្ខាសាលាទាំងអស់កាន់តែមានការយល់ដឹង និងស៊ីជម្រៅថែមទៀតនូវចំណុចនីមួយៗ ដែលបានលើកឡើងនៅលើរបាយការណ៍របស់យើង អ្វីដែលយើងអនុវត្តន៍សម្រេចបានកន្លងមក ហើយអ្វីដែលនៅសេសសល់ និងជាចំណុចខ្វះខាតអនុវត្តន៍មិនទាន់បានល្អ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានបញ្ជាក់បន្ថែមដែរថា រយៈពេលកន្លងមកនេះ កងយោធពលខេមរភូមិន្ទ យើងបានប្រមូលផ្តុំយកអស់ពីកម្លាំងកាយចិត្ត ដើម្បីអនុវត្តនូវតួនាទីរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវ ចំពោះជោគវាសនារបស់ប្រទេសជាតិ រក្សាបាននូវជំនឿទុកចិត្ត និងការគាំទ្រពីមហាជនគ្រប់មជ្ឈដ្ឋាន ។ សមិទ្ធិផលធំៗដែលកងយោធពលខេមរភូមិន្ទ សម្រេចបានគឺ រក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដីបានរឹងមាំ និងបានចូលរួមពង្រឹងការអនុវត្តច្បាប់ កសាងភូមិ-ឃុំ មានសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គមបានល្អប្រសើរ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ប្រទេសជាតិ ។ រីឯការកែទម្រង់កងយោធពលខេមរភូមិន្ទ បាននឹងកំពុងបង្កើននូវប្រសិទ្ធិភាព និងការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ។ រីឯការទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស នៅក្នុងតំបន់ និងសកលលោក ត្រូវបានពង្រឹងជាលំដាប់លើគ្រប់វិស័យ បាននាំមកនូវកិត្តិយស និងកិត្យានុភាពជូនជាតិមាតុភូមិ ព្រមទាំងទទួលបាននូវជំនួយសម្រាប់ការអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទ និងបានបញ្ជូនកងកម្លាំងទៅចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ជាបន្តបន្ទាប់ ។ ទន្ទឹមនេះ កងយោធពលខេមរភូមិន្ទ ក៏មានមោទនភាពខ្ពង់ខ្ពស់ដោយបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៦ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការ និងកិច្ចប្រជុំពាក់ព័ន្ធជាបន្តបន្ទាប់ប្រកបដោយជោគជ័យ តាមផែនការ និងកម្មវិធីដែលបានគ្រោងទុក ។ ជាមួយនឹងកិច្ចតំណើរការសិក្ខាសាលារយៈពេល២ថ្ងៃនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានក្រើនរំលឹកដល់មេបញ្ជាការ នាយពលទាហានគ្រប់លំដាប់ថ្នាក់ទូទាំងកងយោធពលខេមរភូមិន្ទ ត្រូវបន្តយកចិត្តទុកដាក់ ពង្រឹងនូវស្នាដៃដ៏ធំធេង ដែលសម្រេចបានកន្លងមក ដោយផ្តោតទៅលើអាទិភាព ការងារជាក់ស្តែងពិសេសត្រូវបន្តកិច្ចសហការឱ្យបានស្អិតរមួតរវាងស្ថាប័ន កងឯកភាពថ្នាក់លើ រហូតដល់ថ្នាក់ក្រោម តាមដានក្តាប់បរិមាណ គុណភាពគ្រឿងបំពាក់គ្រប់ប្រភេទ និងជម្រុញការថែទាំ ជួសជុល នាវាទន្លេ និងសមុទ្រ យន្តហោះ ឧទ្ធម្ភាគចក្រ រ៉ាដា រថយន្ត រថក្រោះ រថពាសដែក អាវុធគ្រប់ប្រភេទ និងគ្រឿងចក្រផ្សេងៗទៀតឲ្យបានជាប្រចាំ ដើម្បីធានាគុណភាពប្រើប្រាស់មានប្រសិទ្ធិភាព នឹងបានយូរអង្វែង ។ ជាមួយគ្នានោះក៏ត្រួវ បន្តចុះតាមដាន ត្រួងពិនិត្រ និងណែនាំលើការងាររៀបចំ ថែរក្សាទុកដាក់សម្ភារៈសឹក នៅតាមបណ្តាឃ្លាំងឲ្យមានសុវត្ថិភាព ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងធ្វើការវាយតម្លៃអាវុធ គ្រាប់ខូចគុណភាពដើម្បីប្រមូលដឹកជញ្ជូនមករក្សាទុក និងធ្វើការជួសជុល។ នឹងត្រូវយកចិត្តទុកដាក់ពង្រឹងយកចិត្តទុកដាក់ពង្រឹងលើកកម្ពស់គុណភាពហ្វឹកហ្វឺន បំពាក់បំប៉នជំនាញបច្ចេកទេសគ្រប់ផ្នែក គ្រប់កម្រិត ដល់សិក្ខាកាមនាយទាហាន នាយទាហានរង ក្រោយពីបញ្ចប់វគ្គសិក្សាត្រឡប់ទៅកងឯកភាពវិញ មានសមត្ថភាពខ្ពស់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ ក្នុងន័យនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក៏បានស្នើដល់ថ្នាក់ដឹកនាំ មេបញ្ជាការគ្រប់ជាន់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវខិតខំអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញានិងស្មារតី រួមគ្នាអនុវត្តឱ្យបានជោគជ័យ នូវរាល់ភារកិច្ចចំពោះមុខ ទិសដៅ៥ឆ្នាំបន្ត(២០១២-២០១៧) ឲ្យកាន់តែទទួលបានជោគជ័យ ។

            នារសៀលថ្ងៃនោះផងដែរ បន្ទាប់ពីបានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលា ស្តីពីការងារធានាបច្ចេកទេសទូទាំងកងយោធពលខេមរភូមិន្ទ រួចមក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងអះអាងនៅក្នុងសន្តិសិទ្ធសារព័ត៌មានមួយថា ស្ថានភាពនៅតាមបន្ទាត់ព្រំដែនមានលក្ខណៈ ជាធម្មតាទេ ជាយូរយារណាស់មកហើយគឺយើងមានការសហការគ្នាល្អ អត់មានអីទេ បើមានគឺយើងនាំគ្នាដោះស្រាយ និងចរចារតាមកម្រិតនីមួយៗ ពុំមានអ្វីប្រែប្រួលទេ បើទោះបីជាការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ជិតឈានចូលមកដល់ក៏ដោយ ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានមានប្រសាសន៍បន្តថា កងយោធពលខេមរភូមិន្ទ ពួកគេមានភារកិច្ចដ៏ជាក់លាក់មួយ ដែលមាន ភាពអព្យាក្រឹត្យអត់មានទៅកាន់បក្សខាងណាមួយទេ គឺជាសិទ្ធិសេរីភាពរបស់ពួកគេគ្រប់គ្នា ដូចទៅនឹង ប្រជាពលរដ្ឋទូទៅផងដែរ ។ បើពេញចិត្តគណបក្សមួយណានោះវាជាសិទ្ធិពួកគេ អត់មានអ្នកណាម្នាក់អាចទៅបង្ខិតបង្ខំឱ្យធ្វើតាមខ្លួនបាននោះឡើយ ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ មានតួនាទីភារកិច្ចមើលការខុសត្រូវសណ្តាប់ធ្នាប់សាធារណៈ ធ្វើយ៉ាងណាឱ្យបានល្អប្រសើរក្នុងអំឡុងពេលឃោសនាបោះឆ្នោត ក៏ដូចជាការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ ៕