កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១១ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យលោកជំទាវ ភឺននី រីឆាត (Penny Richard) ឯកអគ្គរាជទូតអូស្ត្រាលី ចូលជួបសម្តែង ការគួរសម នៅទីស្ដីការក្រសួងការពារជាតិ។

      នៅក្នុងជំនួបនាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានសម្តែងការស្វាគមន៍ យ៉ាងកក់ក្តៅ និងចាត់ទុកថា បេសកកម្មការទូតរបស់លោកជំទាវ គឺជាការរួមចំណែកពង្រឹងកិច្ចសហប្រតិ-បត្តិការដែលមានស្រាប់ឲ្យកាន់តែល្អបន្ថែមទៀតជាមួយកម្ពុជា ។ ឯកឧត្តម បានមានប្រសាសន៍ថា កម្ពុជា និងអូស្រ្តាលីមានកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យជាច្រើនក្នុងនោះវិស័យយោធាមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ជាមួយគ្នាយ៉ាងល្អប្រសើរ ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល កងទ័ពអូស្រ្តាលី ដែលបានជួយដល់ការបណ្ដុះបណ្ដាលដល់កងយោធពលខេមរភូមិន្ទ ក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងមក នេះ ។

      ឆ្លៀតក្នុងឱកាសនោះ លោកជំទាវឯកអគ្គរាជទូតអូស្រ្តាលី ក៏បានលើកឡើងពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្រ្តាលីដែលបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អ។ លោកជំទាវបានសម្តែងការអបអរសាទរចំពោះកម្ពុជា ដែលបានបោះជំហានទៅមុខលើការងារសន្តិសុខ លម្ហសមុទ្រ ហើយក្នុងនោះកម្ពុជាបានបង្កើតគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដើម្បីអនុវត្ត ការងារនេះឲ្យដំណើរការទទួលបានលទ្ធផលល្អប្រសើរនាពេលខាងមុខ ។