ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ, ប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តសៀមរាប និងជាបេក្ខភាពតំណាងរាស្ត្រមណ្ឌលសៀមរាប អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ សម្ពោធទីស្នាក់ការបក្សឃុំ និងសមិទ្ធផលនានា ក្នុងស្រុកជីក្រែង
 

          នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៣ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តសៀមរាប និងជាបេក្ខភាពតំណាងរាស្ត្រមណ្ឌលសៀមរាប នីតិកាលទី៥ បានអញ្ជើញជួបសំណោះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋ សមាជិក សមាជិកា ស្រុកប្រាសាទបាគងប្រមាណជាង២.៥០០នាក់ និងធ្វើពិធីសម្ពោធសមិទ្ធផលនានា និងទីស្នាក់ការគណបក្សប្រជាជនឃុំចំនួន៦ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ។ នៅក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជាបេក្ខជនតំណាងរាស្ត្រមណ្ឌលសៀមរាប និងអស់ លោក លោកស្រីក្រុមការងារបក្សចុះពង្រឹងមូលដ្ឋាន ព្រមទាំងសមាជិក សមាជិកាបក្ស ប្រមាណជាង ២.៥០០ នាក់ ចូលរួមផងដែរ ។

         បន្ទាប់ពី លោក ប៉ោក សេរីរតន៍មុនី ប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនស្រុកជីក្រែង បានធ្វើកិច្ចស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍ពីសមិទ្ធផលនានា ដែលគណបក្សស្រុក និងក្រុមការងារថ្នាក់កណ្តាល និងខេត្តបានកសាង រួចមក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តសៀមរាប និងជាបេក្ខភាពតំណាងរាស្ត្រមណ្ឌលសៀមរាប នីតិកាលទី៥ បានមានប្រសាសន៍ ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាទាំងបី ថ្នាក់ដឹកនាំគណបក្សប្រជាជនជូនដល់ប្រជាពលរដ្ឋ សមាជិក សមាជិកាបក្ស ជាទីនឹករលឹករាប់អានអស់ពីដួងចិត្តផងដែរ ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបន្តទៀតថា ក្នុងរយៈពេលជាង៣៤ឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាទាំងបី ជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន ជានាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍ មានភាពរីកចម្រើនលើគ្រប់វិស័យ ជាពិសេសនៅខេត្តសៀមរាប មានការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ និងវិស័យកសិកម្ម ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានគូសបញ្ជាក់ថា ក្នុងនោះ ខេត្តសៀមរាប បាននឹងកំពុងពង្រីកនូវសក្ដានុពលរបស់ខ្លួន លើវិស័យទេសចរណ៍ ដែលជាប្រភពចំណូលមិនចេះរីងស្ងួត ដោយខេត្តប្រវត្តិសាស្ត្រមួយនេះ បានកំពុងទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ជាពិសេសអ្នកវិនិយោគិនជាតិ អន្តរជាតិ មកវិនិយោគផ្នែកសេវាកម្មទេសចរណ៍ និងអាជីវកម្មនានាក្នុងខេត្ត ដើម្បីបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ឱ្យកាន់តែល្អ ភាពងាយស្រួល និងឆាប់រហ័ស ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក៏បានមានប្រសាសន៍ទៀតថា ផ្ដើមចេញពីកិច្ចខិតខំប្រឹងប្រែង របស់គណបក្សប្រជាជនកម្ពុជា ក្នុងគោលដៅលើកកម្ពស់កិត្យានុភាពប្រទេសជាតិផងនោះ បានធ្វើឱ្យកម្រិតជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ក្រោមដំបូលសន្តិភាព ស្ថិរភាព សន្តិសុខ និងមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់អនុវត្តឱ្យបាន នូវទិសដៅចក្ខុវិស័យ៤ គឺ ផ្លូវ ទឹក ភ្លើង និងធនធានមនុស្ស ជាទិសដៅអាទិភាព ដែលយើងកំពុងតែអនុវត្តឱ្យមានគុណភាព ប្រសិទ្ធភាពខ្ពស់ នៅគ្រប់បណ្តាលមូលដ្ឋានជនបទ ។ នៅក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក៏បានលើកឡើងថា សមិទ្ធផលនានាដែលកើតមាននៅពេលនេះ ក្នុងភូមិសាស្ត្រស្រុកជីក្រែង គឺក្រោមស្មារតីសាមគ្គីភាពរបស់មន្ត្រីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ ដែលជាសមិទ្ធផលថ្មី នៃចំណងដៃសម្រាប់ប្រជាជនស្រុកជីក្រែង ។ ម្យ៉ាងទៀតកន្លងមកនេះ រាជរដ្ឋាភិបាលយើង បានកសាងប្រឡាយបង្ហូរទឹកស្រោចស្រប់គ្រប់មូលដ្ឋាន បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋធ្វើការបង្កបង្កើនផលគ្រប់ប្រភេទ សម្រាប់ប្រជាពលរដ្ឋស្រុកជីក្រែង ប្រកបរបរកសិកម្មទាំងប្រាំង វស្សា អាចរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ មានជីវភាពធូរធារពីមួយថ្ងៃទៅមួយថ្ងៃ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក៏បានលើកឡើងថា ក្រោមកិច្ចដឹកនាំរបស់ សម្តេច អគ្គមហាទាំងបី បានធ្វើឱ្យវិស័យអប់រំ សុខាភិបាលយើងមានមណ្ឌលសុខភាពគ្រប់មូលដ្ឋាន អាចជួយសង្គ្រោះពលរដ្ឋបានទាន់ពេល វេលា ហើយវិស័យអប់រំបង្កើតបានចាប់តាំងពីថ្នាក់ មត្តេយ្យរហូតដល់មហាវិទ្យាល័យ ធ្វើឱ្យកូនចៅបងប្អូនប្រជាជនយើងបានទៅរៀនសូត្រចេះដឹង មានទាំងចំណេះទូទៅ ជំនាញផ្សេងៗ រួមទាំងភាសាបរទេសទៀតផង។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបន្តទៀតថាក្នុងសម័យតេជោ ហ៊ុន សែន ចំពោះវិស័យទេសចរណ៍ គឺមានសក្ខណៈបើកចំហជើងមេឃឱ្យភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ចូលមកទស្សនាប្រាង្គប្រាសាទបូរាណ ដែល ជាវប្បធម៌មរតកដូនតាខ្មែរយើងបានបន្សល់ទុកនៅ និងជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិលើសកលលោក ហើយបានកំពុងទាក់ទាញភ្ញៀវទេសចរបរទេសចូលមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករ កើនឡើងជារៀងរាល់ឆ្នាំ ។ ក្នុងរយៈពេលកន្លងមកនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានកសាងនូវសមិទ្ធផលធំៗជាច្រើន ហើយនៅក្នុងអាណត្តិទី៥ខាងមុខនេះ យើងនឹងបានទទួលសមិទ្ធផលដ៏ធំធេង មិនអាចកាត់ថ្លៃបាន របស់គណបក្សប្រជាជនកម្ពុជាបន្ថែមទៀត គណបក្សប្រជាជនកម្ពុជា ហ៊ានថា ហ៊ានធ្វើ ដើម្បីបម្រើផល ប្រយោជន៍ប្រជាពលរដ្ឋទូទាំងប្រទេស ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលពី៥ យើងទាំងអស់គ្នា ជាពលរដ្ឋខ្មែរត្រូវមានកាតព្វកិច្ចជ្រើសរើសតំណាងរបស់ខ្លួនក្នុងការដឹកនាំប្រទេសរយៈ ពេល៥ឆ្នាំម្តង ហើយជាកិច្ចតបស្នងសងគុណផងនោះ សូមបងប្អូន អ៊ុំ ពូ មីង ប្រជាពលរដ្ឋទាំងអស់សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កានៅលំដាប់លេខរៀងទី៤ ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីអាណត្តិទី៥ និងអាណត្តិក្រោយៗទៀត ។

           ជាចុងក្រោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានផ្តាំផ្ញើថា បើស្រឡាញ់ បើអាណិត គោរពជឿទុកចិត្ត សម្តេចតេជោ ហ៊ុន សែន សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដូចបោះឆ្នោតឱ្យខ្លួនឯង ហើយ ឯកឧត្តម ក៏បានបើកប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា និង ទីស្នាក់ការបក្សឃុំ ចាប់ពីពេលនេះ តទៅផងដែរ ៕