ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Yuji Kumamaru ឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

 

         នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣ នៅទីស្តីការក្រសួងការពារជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Yuji Kumamaru ឯកអគ្គរាជ ទូត ជប៉ុន តែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមាន ការចូលរួម ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ វណ្ណថន អគ្គលេខាធិការក្រសួងការពារជាតិ ឯកឧត្តម ឧត្តម សេនីយ៍ឯក ណឹម សុវត្ថិ ទីប្រឹក្សា នាយកខុទ្ទកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ ព្រមទាំងនាយទាហាន ជាន់ខ្ពស់ជាច្រើនរូបទៀត ។

        ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានមាន ប្រសាសន៍ សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម Yuji Kumamaru និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ដែលជានិច្ចកាលតែងតែ បានជួយឧបត្តម្ភគាំទ្រគ្នាទៅវិញទៅមក សំដៅរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែ រឹងមាំជារៀង រហូត ។

        ជាការឆ្លើយតប ឯកឧត្តម Yuji Kumamaru បានមានប្រសាសន៍សម្តែងអំណរគុណយ៉ាង ជ្រាល ជ្រៅចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃ និងមមាញឹកអនុញ្ញាតឱ្យ រូបឯកឧត្តម បានចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នាឱកាសនេះ ។ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានលើកឡើងបន្ដទៀតថា នាពេលខាងមុខ ជាថ្ងៃរំលឹកខួបលើកទី៦០ចំណងការទូត នៃប្រទេសទាំង២ កម្ពុជា-ជប៉ុន ហើយខែនៅតុលា ឆ្នាំ២០១៣ នាវាកងស្វយ័ការ ពារជប៉ុននៅកម្ពូជា នឹងចូលសំចត នៅកំពង់ផែខេត្ដព្រះសីហនុ ហើយក្នុងនោះ ក៏មានក្រុមតន្ដ្រីនៃកងកំលាំងស្វ័យការពារជប៉ុន មកប្រគំនៅរាជធានីភ្នំពេញ ដើម្បីបង្ហាញទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការរវាងកងទ័ពនឹងប្រជាជនទាំង២ ជាពិសេស លើទំនាក់ទំនងយោធារវាងប្រទេសទាំង២ ក្នុងរយៈពេល១-២ឆ្នាំចុង ក្រោយនេះ កាន់តែត្រូវបានពង្រឹងពង្រីក ។ ឯកឧត្តម បានបន្ថែមទៀតថា ចំពោះ កិច្ចសហប្រតិបត្ដិការក៏មានបណ្ដាក្រុមហ៊ុន ឯកជននានាជាច្រើន បានចូលមកបោះទុនវិនិយោគជាបន្ដបន្ទាប់ ដើម្បីបង្ហាញពីការចូលរួម ចំណែក ក្នុងការគាំទ្រ និងស្ដារ អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីក លូតលាស់ទៅមុខ ។ ឯកឧត្តម Yuji Kumamaru បានបញ្ជាក់ជាចុងក្រោយថា ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានកំពង់តាមដាននូវរាល់សកម្មភាពឃោសនាបោះឆ្នោត និងការបោះឆ្នោតនៅកម្ពុជា ក្នុងនោះ ឯកឧត្តម សង្ឃឹមថា តំណើរការបោះឆ្នោតនៅកម្ពុជា នឹងប្រព្រឹត្តិទៅដោយគ្មានអំពើហឹង្សា ហើយមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។

         ជាការឆ្លើយតបវិញ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានថ្លែងអំណរគុណ ចំពោះការចូលរួមចំណែករបស់ប្រទេសជប៉ុន ដែលជួយកម្ពុជា ចាប់តាំងពីក្រោយ កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ រហូតដល់បច្ចុប្បន្ន ហើយជប៉ុននៅតែឈរលំដាប់ខ្ពស់ក្នុងការផ្ដល់ជំនួយចូលរួម ចំណែកស្ដារអភិវឌ្ឍន៍មាតុភូមិច្រើនផ្នែក ច្រើនវិស័យសម្រាប់កម្ពុជា ។ ទាក់ទងទៅនឹងតំណើរការបោះឆ្នោតនេះ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ បាននឹងកំពង់បំពេញភារកិច្ចរបស់ខ្លួនឋិតនៅក្នុងភាពអាព្យាក្រិត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ដើម្បីឱ្យតំណើរការបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បាន សន្យាថា នឹងត្រៀមធ្វើកិច្ចសហប្រតិបត្តិការ ក្នុងពេលដែលនាវាកងស្វ័យការពារជប៉ុនចូលចតនៅខេត្តព្រះសីហនុ នៅចុងឆ្នាំនេះ៕