ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាសមាជិកគណៈ អចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា និងជា ប្រធានគណៈពង្រឹងការងារ ខេត្តសៀមរាប បានអញ្ជើញ ប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃ
 

            កាលពីព្រឹកថ្ងៃ១រោច ខែអាសាឍ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស២៥៥៧ ត្រូវនឹងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៣ ដែលជាថ្ងៃព្រះសង្ឃ ពុទ្ធបរិស័ទ នៃប្រទេសដែលកាន់ប្រពៃណីព្រះពុទ្ធសាសនា កំណត់ចូលព្រះវស្សា ។ ក្នុងថ្ងៃដែលព្រះសង្ឃ ពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យចូលកាន់ព្រះវស្សានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជន កម្ពុជា និងជាប្រធានគណៈពង្រឹងការងារ ខេត្តសៀមរាប ព្រមទាំង ឯកឧត្តម លោកឧកញ៉ា លោកជំទាវ សមាជិកព្រឹទ្ធសភា បេក្ខជនអ្នកតំណាងរាស្ត្រ គណៈអភិបាលខេត្ត និង អស់លោក លោកស្រីមន្ត្រីអ្នកមុខអ្នកការ បាននាំយកទៀនព្រះវស្សាទៅវេរប្រគេនព្រះសង្ឃ និងថ្វាយព្រះអង្គចេកព្រះអង្គចម ដើម្បីប្រើប្រាស់ដុតបំភ្លឺរៀនសូត្រលើគម្ពីរព្រះត្រៃយ៍បិដក ក្នុងឱកាសដែលព្រះសង្ឃ ប្រារឰពិធីបុណ្យចូលកាន់ព្រះវស្សាអស់កាលត្រីមាសដែលឈានចូលមកដល់ថ្ងៃនេះ នៅក្នុងបរិវេណព្រះវិហារ ព្រះអង្គចេកព្រះអង្គចម ក្នុងខេត្តសៀមរាប ដោយមានការចូលរួម ពីសំណាក់បងប្អូនពុទ្ធបរិស័ទ និងសីលវន្ត័សីលវតី ប្រជាពលរដ្ឋផងដែរ ។

           បន្ទាប់ពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ មន្ត្រីថ្នាក់ដឹកនាំ និង អ្នករួមដំណើរបានថ្វាយនូវភួងផ្កា និងបូជាទៀន ធូបដល់ព្រះពុទ្ធរូប ព្រះអង្គចេក ព្រះអង្គចម ដើម្បីសុំនូវសេចក្តីសុខចម្រើនជូនដល់ប្រជាជាតិទាំងមូល និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំង ក្រុមគ្រួសារ និងសូមក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា បានកំពុងធ្វើយុទ្ធនាការឃោសនា ស្វែងរកនូវសម្លេងគាំទ្របោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ របស់គណបក្សនយោបាយនានា ឱ្យប្រកបទៅដោយសុវត្ថិភាព គ្មានអំពើហិង្សាអ្វីកើតឡើងនៅក្នុងខេត្តសៀមរាប ទាំងពេលឃោសនា និងថ្ងៃបោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោត ។ បន្ទាប់មកព្រះសង្ឃនិមន្ត សូត្រមន្ត ចម្រើនព្រះបរិត ប្រោះព្រហ្មជូនដល់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ និងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព និងមន្ត្រីរាជការមន្ទីរជុំវិញខេត្ត ព្រមទាំងវេរប្រគេន ដល់ព្រះសង្ឃ នូវទៀនព្រះវស្សា ក្នុងការឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ដែលមានជីដូនជីតាមាតាបិតាញាតិកាទាំង ៧សណ្ឋាន ជាសំខាន់ចំពោះកម្មាភិបាល យុទ្ធជនយុទ្ធនារី ដែលបានពលីដើម្បីបុព្វហេតុការពារជាតិមាតុភូមិ ទៅ តាមគន្លងប្រពៃណីសាសនា ។

            សូមបញ្ជាក់ផងដែរថា ការប្រារឰពិធីបុណ្យចូលកាន់ព្រះវស្សារបស់ព្រះសម្មា សម្ពុទ្ធជាអង្គម្ចាស់ ដែលបានចងក្រងទៅតាមព្រះគម្ពីរព្រះត្រៃយ៍បិដក ហើយត្រូវបានប្រជាពុទ្ធបរិស័ទខ្មែរ យើងបានគោរពបដិបត្តិតរៀងមក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តន៍នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព បន្ថែមទៀតសំដៅធានាដល់ព្រះសង្ឃ បងប្អូនពុទ្ធបរិស័ទ សីលវ័ន្ត សីលវតី ប្រារឰពិធីបុណ្យចូលកាន់ព្រះវស្សាឱ្យបានអធិកអធមនៅគ្រប់មូលដ្ឋានក្នុងខេត្ត និងសូមទទួលយកមនុញ្ញផលដែលកើតចេញពីសទ្ធាជ្រះថ្លា ក្នុងការវេរប្រគេនទៀនព្រះវស្សានាពេលនេះឱ្យបានគ្រប់ៗគ្នា ដោយមិនប្រកាន់និន្នាការគណបក្សនយោបាយ ពោលគឺធ្វើការសង្គ្រោះដល់ប្រជាពលរដ្ឋឱ្យរួចចាក់ផុតពីគ្រោះមហន្តរាយផ្សេងៗផងដែរ ។ នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តម លោកឧកញ៉ា លោកជំទាវ និង អស់លោក លោកស្រី ថ្នាក់ដឹកនាំ បានប្រគេននូវសាដក ដល់ព្រះសង្ឃ ទាំង៧អង្គ ដោយមួយៗអង្គ សាដក១ និងបច្ច័យ៧ម៉ឺនរៀល ។

           គួរបញ្ជាក់ផងដែរថា កាលពី២៤ ខែមិថុនា ឆ្នាំ២០១៣កន្លងទៅនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈពង្រឹងការងារចុះជួយខេត្តសៀមរាប និងលោកជំទាវ តៅ តឿន ព្រមទាំងគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ក៏បាននាំយកទៀនព្រះវស្សាចំនួន១១៤គូ អង្ករ បច្ច័យ ទ័យវត្ថុជាច្រើនទៀត ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្តចំនួន១១៤វត្ត មកពី៥ក្រុងស្រុករបស់ខេត្តសៀមរាប ដែលពិធីនេះបានប្រារព្ធធ្វើនៅក្នុងទីអារាមវត្តព្រះឥន្ទកោសីយ៍ ក្នុងសង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ៕