ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានគណៈពង្រឹងការងារ គណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកអង្គរជុំ
 

           អគារស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនស្រុក ទីស្នាក់ការគណបក្សឃុំ និងសមិទ្ធផលនានាក្នុងស្រុកអង្គរជុំ ខេត្តសៀមរាបត្រូវបានធ្វើពិធីកាត់ខ្សែបូ បើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀបាញ់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្តសៀមរាប និងជាបេក្ខភាពតំណាងរាស្ត្រពេញសិទ្ធិ នៃគណបក្សប្រជាជនកម្ពុជាមណ្ឌលសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវជាបេក្ខភាពតំណាងរាស្ត្រ ប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនខេត្ត និងសមាជិកក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្ត ក្រុង ស្រុក ក៏ដូចជា ក្រុមការងារបក្សខេត្តចុះជួយស្រុកអង្គរជុំផងដែរ ។

            ក្នុងកិច្ចស្វាគមន៍របស់លោក ឈឹម ទុន ប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនស្រុកអង្គរជុំ បានធ្វើសេចក្តីរាយការណ៍ អំពីសកម្មភាព និងសមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជា ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា ធ្វើការអភិវឌ្ឍន៍បាន នៅក្នុងភូមិសាស្ត្រស្រុកអង្គរជុំ ក្នុងរយៈពេល៣៤ឆ្នាំមកនេះ លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធ លើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ តាមរយៈក្រុមការងារគណបក្ស និង សប្បុរសជនជិតឆ្ងាយ ។

 

           មានប្រសាសន៍សំណេះសំណាលជាមួយសមាជិកសមាជិកានាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក៏បានធ្វើការថ្លែង អំណរគុណចំពោះទឹកចិត្តរបស់មន្ត្រីក្រុមការងារគណបក្សប្រជាជនក៏ដូចជាបងប្អូនសប្បុរសជន ដែលបានធ្វើការបរិច្ចាគនូវធនធានរបស់ខ្លួនក្នុងការចូលរួមកសាងសមិទ្ធផលទាំងនេះឡើង ព្រមទាំងធ្វើការអភិវឌ្ឍន៍នៅគ្រប់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងស្រុកអង្គរជុំ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។ ឯកឧត្តម ក៏បានបន្តទៀតថា សមិទ្ធផល អគារស្នាក់ការបក្សស្រុក និង ឃុំ គឺជាសមិទ្ធផលថ្មី សម្រាប់បងប្អូនសមាជិកសមាជិកាគណបក្សប្រជាជន ក្នុងការមកជួបប្រាស្រ័យទាក់ទងគ្នា ហើយក៏ជាទីកន្លែងធ្វើការងាររបស់មន្ត្រីគណបក្សស្រុក និងឃុំ ហើយក្រោយពេលបានទីកន្លែងដ៏ល្អ សម្រាប់បំពេញការងារហើយនោះ មន្ត្រីបុគ្គលិកបម្រើការងារនៅក្នុងទីស្នាក់ការត្រូវមានមុខជាប្រចាំ ងាយស្រួលក្នុងការទំនាក់ទំនង និង ត្រូវចេះថែរក្សាសមិទ្ធផលទាំងនេះ ដើម្បីប្រើប្រាស់បានយូរអង្វែងទៀតផង ។ ក្នុងនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក៏បានធ្វើការក្រើនរំលឹកដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់រូប ត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋ ក្នុងការដឹកនាំកូនចៅសាច់ញាតិខ្លួនទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក៏បានបញ្ជាក់ជូនដល់អង្គពិធីផងដែរថា នៅក្នុងរយៈពេលជាង ៣៤ឆ្នាំមកនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាទាំង៣ ជាមគ្គុទ្ទេសក៍បានអនុវត្តគោលនយោបាយបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាម ផ្សះផ្សាជាតិ តាមរយៈគោលនយោបាយឈ្នះៗ ហើយរាល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តត្រូវបានធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ជាក់ស្តែងនៅក្នុងស្រុកអង្គរជុំយើងនេះ តាមរយៈក្រុមការងារគណៈកម្មាធិការកណ្តាល និងខេត្ត ចុះជួយឃុំគោលដៅ បានធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យរួមមាន សាលារៀន មន្ទីរពេទ្យ ស្ពាន ថ្នល់ វត្តអារាម អណ្តូងទឹកស្អាត ពិសេសការអនុវត្តគោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លី ជូនដល់បងប្អូនប្រជាជន នៅក្នុងឃុំមួយចំនួន បានជាបន្តបន្ទាប់ ហើយនឹងឈានទៅបញ្ចប់ការបែងចែកដីកម្មសិទ្ធិប្រើប្រាស់នាពេលអនាគតផងដែរ ។ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គមជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក៏បានអំពាវនាវដល់បងប្អូនទាំងអស់ ដែលជាសមាជិកគណបក្សប្រជាជន ត្រូវត្រៀមគ្រប់មធ្យោបាយ សុខភាព អត្តសញ្ញាណប័ណ្ណ និង លិខិតស្នាមពាក់ព័ន្ធការបោះឆ្នោត ព្រមទាំងបន្តបង្រៀនប្តី ប្រពន្ធ កូន ចៅ សាច់ញាតិឱ្យស្គាល់ពីរូបសញ្ញាគណបក្ស និងដឹកនាំកូនចៅទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី៤ រូបសញ្ញាទេវតាបាចផ្កា នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០១៣ ឱ្យបានគ្រប់ៗគ្នាសំដៅបន្តគាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៥ និង អាណត្តិបន្តបន្ទាប់ទៀត ដើម្បីបន្តការ ដឹកនាំអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត ។ ក្នុងនោះដែរគណៈអធិបតី និងភ្ញៀវកិត្តិយស បានអញ្ជើញទស្សនាពិព័រណ៍រូបភាពស្នាក់ការឃុំ និងទស្សនាអគារ ស្នាក់ការស្រុក ព្រមទាំងបានធ្វើការចុះហត្ថលេខាលើសៀវភៅក្រាំងមាសទុកជាចំណងដៃផងដែរ ៕