ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្តោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារពិសោធន៍ មួយខ្នងនៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលនៃកងយោធពលខេមរភូមិន្ទ

       កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសំណង់អគារពិសោធន៍មួយខ្នង ដែលជាអំណោយរបស់វិទ្យាស្ថានសុខាភិបាលកងទ័ពប្រជាជនវៀតណាម ជូនដល់វិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាលនៃកងយោធពលខេមរភូមិន្ទ ។ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះដែរ ក៏មានការចូលរួមផងដែរ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ទោសាស្ត្រាចារ្យ ង្វៀន ទៀប៊ីញ នាយកវិទ្យាស្ថានសុខាភិបាល កងទ័ពប្រជាជនវៀតណាម ព្រមទាំងនាយទាហានជាន់ខ្ពស់ នៅក្នុងក្រសួងការពារជាតិ សិក្ខាកាមក្នុងវិទ្យាស្ថាន បានចូលរួមយ៉ាងច្រើនកុះករ ។

       នៅក្នុងរបាយការណ៍ស្វាគមន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យ លន់ សុខុន នាយកវិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាលនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ឱ្យដឹងថា វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល នៃ កងយោធពលខេមរភូមិន្ទ បានកើតឡើងផ្តើមចេញពីមជ្ឈមណ្ឌលពេទ្យសិក្សា ពេទ្យយោធា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៧៩ ដោយប្រកាសក្រសួងការពារជាតិ ក្រោមការជួយឧបត្ថម្ភ គាំទ្រទាំងសម្ភារៈ បរិក្ខា ឯកសារ និងកម្មវិធីសិក្សាពីកងទ័ពប្រជាជនវៀតណាម មកពីមន្ទីរពេទ្យ១០៣ ហើយនៅឆ្នាំ២០០៩ វិទ្យាស្ថានត្រូវបានប្រែក្លាយជាគ្រិះស្ថានសាធារណៈរដ្ឋបាល ដែលអាចបណ្ដុះបណ្តាលទាំងនិសិ្សតយោធា និងស៊ីវិលគ្រប់កំរិត គិលានុបដ្ឋាក មធ្យម និងបំប៉នគ្រូពេទ្យមធ្យមទៅជា វេជ្ជបណ្ឌិតដែលមាននិស្សិតពេទ្យយោធា សិក្សាជាប្រចាំឆ្នាំក្នុងរង្វង់៧០០នាក់ ។

       គួរបញ្ជាក់ផងដែរថា សំណង់អគារពិសោធន៍ដែលជាជំនួយឧបត្ថម្ភ របស់កងទ័ពប្រជាជនវៀតណាម ហើយបានប្រារព្ធធ្វើពិធីសម្ពោធនាពេលនេះ ឆ្លងតាមកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំង២ កម្ពុជា-វៀតណាម វិទ្យាស្ថានសុខាភិបាលកងទ័ពប្រជាជនវៀតណាម បានជួយសាងសង់អគារសំរាប់ពិសោធន៍វេជ្ជសាស្ត្រមួយខ្នង ដល់វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលនៃកងយោធពលខេមរភូមិន្ទ ដែលបានចំណាយអស់ថវិកាចំនួន២៨១.៩៨៨ដុល្លា ព្រមទាំងបន្តជួយបំពាក់ឧបករណ៍សំរាប់ពិសោធន៍ដល់វិទ្យាស្ថានបន្ថែមទៀត ។ សំណង់អគារពិសោធន៍នេះ មានចំនួន ០១ខ្នង កំពស់៣ជាន់ ចែកជា០៩បន្ទប់ ០៦បន្ទប់ជាន់ខាងលើសម្រាប់ពិសោធន៍ ០២បន្ទប់ខាងក្រោមសម្រាប់បណ្ណាល័យ (បណ្ណាល័យមួយបន្ទប់ទៀតជាបណ្ណាល័យ អេឡិចត្រូនិកបំពាក់ដោយកុំព្យូទ័រ និង ប្រព័ន្ធអ៊ីនធើណេតសម្រាប់និស្សិតសិក្សា ស្រាវជ្រាវ) ហើយមានគ្រឿងបំពាក់ផ្នែកពិសោធន៍ ឧបករណ៍ម៉ានីកាំងសម្រាប់អនុវត្ដ និងអគារស្នាក់នៅ អគារសិក្សាបន្ថែមទៀត តម្រូវតាមស្ដង់ដារថ្នាក់ជាតិដើម្បីលើកកម្ពស់សមត្ថភាព គុណភាព គុណធម៌របស់និស្សិតពេទ្យឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ។ អគារនេះចាប់ផ្ដើមសាងសង់ឡើង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៣ និងបានរៀបចំ សួនជុំវិញ ដាំស្មៅ និងរុក្ខជាតិជាឱសថមួយចំនួនថែមទៀតផង ។

       ចូលរួមមានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោសាស្ត្រាចារ្យ ង្វៀន ទៀប៊ីញ បានបញ្ជាក់ថា អគារពិសោធន៍ដែលបានដាក់សម្ភោធឲ្យប្រើបា្រស់នាពេលនេះ គឺជាសមិទ្ធិផលមួយ ដែលបានសបញ្ជាក់អំពីចំណងសាមគ្គីភាព យ៉ាងរឹងមាំរបស់ប្រទេសជាតិ និងកងទ័ពនៃប្រទេសទាំង២ ។ ឯកឧត្តម បានលើកឡើងពីទំនាក់ទំនងសាមគ្គីភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំង២កម្ពុជា-វៀតណាម ទោះបីឆ្លងកាត់ការលំបាកយ៉ាងណាក៏ដោយ នាពេលកន្លងមក ក៏កងទ័ព និងប្រជាជននៃប្រទេសទាំង២ រួមសាមគ្គីគ្នា ពុះពាររាល់ការលំបាក ឧបសគ្គទាំងឡាយ ដើម្បីថែរក្សាចំណងសាមគ្គីភាពនៃប្រទេសយើងទាំង២ ឱ្យបានឋិតថេរជាអមតៈ ។

       ថ្លែងក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាសជាផ្លូវការអគារពិសោធន៍ នៅវិទ្យសា្ថន វិទ្យាសាស្ត្រសុខាភិបាលនៃកងយោធពលខេមរភូមិន្ទនាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានសម្តែងនូវការអបអរសាទរ ចំពោះសមិទ្ធិផលថ្មីនេះ ដែលបានកើតឡើងក្នុងស្មារតី នៃកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរដ៏ល្អ ព្រមទាំងបន្តលើកកំពស់ ទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងកងទ័ព ប្រជាជននៃប្រទេសទាំង២ កម្ពុជា-វៀតណាម កាន់តែរឹងមាំថែមទៀត ។

       ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបញ្ជាក់ថា ការប្រារព្ធពិធីសម្ភោធនាពេលនេះ បានប្រព្រឹត្តិទៅ ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជា កំពុងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិ តាមកម្មវិធីនយោបាយ និងយុទ្ធ សាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលនិតិកាលទី៥ នៃរដ្ឋសភាដែលបានដាក់ចេញ ព្រមជាមួយនឹងស្មារតី ការលើកកំពស់ នៃវិស័យទំនាក់ទំនងអន្តរជាតិ ជាមួយនឹងប្រទេសជិតខាង ក្នុងតំបន់ និងលើពិភពលោក ជាពិសេសជាមួយសាធារណៈរដ្ឋសង្គមនិយមវៀតណាមជាមិត្ត ជិតខាងដ៏ល្អ ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានជំរុញឱ្យវិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តឱ្យបានជោគជ័យតាមកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក៏ដូចជាអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងកម្មវិធីកែទម្រង់កងយោធពលខេមរភូមិន្ទ ក្នុងគោលដៅធ្វើទំនើបកម្ម បង្កើនសមត្ថភាពវិជ្ជាជីវៈ ក្នុងវិស័យការពារជាតិ របស់កងយោធពលខេមរភូមិន្ទ លើកកំពស់តួនាទីភារៈកិច្ចដើម្បីធានាប្រសិទ្ធភាព ដល់កិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ក៏បានផ្តល់អនុសាសន៍ និងបណ្តាំផ្ញើមួយចំនួន ដោយបានបានក្រើនរំលឹកដល់គណៈនាយក សាស្ដ្រាចារ្យ និស្សិតវិទ្យាស្ថាន វិទ្យាសាស្ដ្រសុខាភិបាលនៃកងយោធពលខេមរភូមិន្ទ ត្រូវប្រឹងប្រែងយកចិត្ដទុកដាក់បំពេញភារៈកិច្ច សិក្សារៀនសូត្រទៅតាមមុខងារ និងតួនាទីរៀងៗខ្លួន ពេលពិនិត្យព្យាបាល សង្គ្រោះអ្នកជំងឺអាចឆ្លើយតបនឹងសេចក្ដីត្រូវការ ដែលនរណាក៏ត្រូវការគ្រូពេទ្យ នៅពេលដែលជួបរោគាព្យាធិសម្រាប់បុគ្គលម្នាក់ៗ ។

       ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានបំពាក់គ្រឿងឥស្សរយស្ស ដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោសាស្ត្រាចារ្យ ង្វៀន ទៀប៊ីញ និងគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម ដែលបានអញ្ជើញមកចូលរួមក្នុងពិធីសម្ពោធអាគារពិសោធន៍នាពេលនោះផងដែរ ។ បន្ទាប់មក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀន ទៀប៊ីញ ក៏បានអញ្ជើញទៅកាត់ខ្សែបូ បើកសម្ពោធដាក់ឱ្យប្រើបា្រស់ជាផ្លូវការនូវអគារពិសោធន៍ចាប់ពីពេលនេះតទៅ ហើយគណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ក៏បានអញ្ជើញពិនិត្យសំណង់អគារពិសោធន៍ សម្ភារៈបរិក្ខា និងគ្រឿងបំពាក់ទាំងមូលផងដែរ ៕