ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ដឹកនាំគណៈប្រតិភូមន្រ្តីយោធាជាន់ខ្ពស់កម្ពុជា ទៅបំពេញ ទស្សនៈកិច្ចការងារ និង ចុះហត្ថលេខាលើពិធីសារកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរកម្ពុជា-វៀតណាម នៅទីក្រុងហូជីមិញសាធារណរដ្ឋសង្គមនិយមវៀតណាម ១៥ មករា ២០១៤
 

          តបតាមការអញ្ជើញរបស់ក្រសួងការពារប្រទេស នៃសារធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូមន្រ្តីយោធាជាន់ខ្ពស់កម្ពុជា ទៅធ្វើទស្សនៈកិច្ចការងារ នៅទីក្រុងហូជីមិញ នៃសារធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ ដើម្បីចុះហត្ថលេខា លើពិធីសារកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារប្រទេស នៃសារធារណរដ្ឋសង្គមនិយមវៀតណាម សំរាប់ឆ្នាំ២០១៤ ដែលបានប្រារព្ធធ្វើនៅ យោធភូមិភាគទី៧ ទីក្រុងហូជីមិញ សារធារណរដ្ឋសង្គមនិយមវៀតណាម។

         អញ្ជើញអមតំណើរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ នាឱកាសនោះដែរ មាន ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំង ឯកឧត្តម ជាអគ្គនាយក អគ្គនាយកដ្ឋាននានា នៅក្នុងក្រសួងការពារជាតិ និងនាយទាហាននៅក្នុងក្រសួងការពារជាតិមួយចំនួនទៀត។

         បន្ទាប់ពីបាន អញ្ជើញទៅដល់ទីក្រុងហូជីមិញ នៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ គណៈប្រតិភូមន្រ្តីយោធាជាន់ខ្ពស់កម្ពុជា ក៏ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊្វុង ក្វាង ថាញ់ រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម ដោយបានរៀបចំធ្វើពិធីជប់លៀងជាផ្លូវការជូនគណៈប្រតិភូក្រសួងការពារជាតិកម្ពុជាទាំងអស់ផងដែរ ដែលបានប្រព្រឹត្តិទៅនៅសណ្ឋាគារ តាន់ សឺញ៉ិត ទីក្រុងហូជីមិញ នាល្ងាចថ្ងៃទី១៥ ខែមករា ។

         នៅថ្ងែទី១៦ ខែមករា ឆ្នាំ២០១៤ គណៈប្រតិភូក្រសួងការពារជាតិកម្ពុជាដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា អមតំណើរដោយ ឯកឧត្តម ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំង ឯកឧត្តម ជាអគ្គនាយក និងសមាជិកគណៈប្រតិភូទាំងអស់ ក៏បានចូលជួបពិភាក្សាការងារ ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊្វុង ក្វាងថាញ់ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដែលបានប្រព្រឹត្តទៅនៅយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ក្នុងទីក្រុងហូជីមិញសារធារណរដ្ឋសង្គមនិយម វៀតណាម។

         នៅក្នុងជំនួបពិភាក្សាការងារ រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរ កម្ពុជា-វៀតណាម នាឱកាសនោះ ឯកឧត្តម ហ៊្វុង ក្វាងថាញ់ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានសម្តែងការស្វាគមន៍ចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ព្រមទាំងសមាជិកគណៈប្រតិភូក្រសួងការពារជាតិកម្ពុជាទាំងអស់ ដែលបានមកធ្វើទស្សនៈកិច្ច និងចុះហត្ថលេខាលើពិធីសារកិច្ចសហប្រតិបត្តិការ ឆ្នាំ២០១៤ នៅសារធារណរដ្ឋសង្គមនិយមវៀតណាម ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានបញ្ជាក់ថា តំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូក្រសួងការពារជាតិកម្ពុជានៅវៀតណាម នាពេលនេះចំពេលដែលប្រទេសទាំងពីរ បានបញ្ចប់ការអនុវត្តន៍បណ្តាខ្លឹមសារកិច្ចសហប្រតិបត្តិការ ឆ្នាំ២០១៣ និងស្របពេលដែលប្រទេសទាំងពីរ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៥ ឆ្នាំថ្ងែជ័យជំនះ៧មករា ដែលបានរំដោះប្រទេសកម្ពុជា អោយបានរួចចាកផុតពីរបបប្រល័យពូជសាស្រ្ត ប៉ុល ពត ។ ឯកឧត្តម ហ៊្វុង ក្វាង ថាញ់ បានវាយតំលៃខ្ពស់ ចំពោះការអនុវត្តបានល្អ នូវបណ្តាខ្លឹមសារកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ នៅក្នុងឆ្នាំ២០១៣ កន្លងមក ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ក៏បានលើកឡើងនូវទំនាក់ទំនងសាមគ្គីភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការល្អរវាង កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលបានធ្លាប់ រួមសុខ រួមទុក្ខ តស៊ូជាមួយគ្នាតាំងពីយូរយាណាស់មកហើយ ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា សេ្ថរភាពរបស់ប្រទេសជិតខាង ជាប់នឹងវៀតណាម រួមមានទាំងកម្ពុជាផងនោះ និងនាំមកនូវស្ថេរភាពល្អប្រសើរដល់ប្រទេសវៀតណាមផងដែរ ។ ជាមួយនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានជំរាបជូនដល់គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា អំពីតំណើរការកសាងកងទ័ពប្រជាជនវៀតណាម អោយបានរឹងមាំ ក្នុងនោះបានយកចិត្តទុកដាក់លើការងារអប់រំនយោបាយ សត្តិអារម្មណ៍ការគិតគូរដល់យោធិនចូលនិវត្តន៍ និងការពង្រឹងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ។

         ជាចុងក្រោយ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ក៏បានថ្លែងអំណរគុណដល់កងយោធពលខេមរភូមិន្ទ ដែលបានរួមសហការក្នុងការជួយស្វែងរកអដ្ឋិធាតុកងទ័ពវៀតណាម ដែលបានពលីនៅកម្ពុជាក្នុងសម័យសង្គ្រាមទទួលបានលទ្ធផលល្អនាពេលកន្លងមក ។

        មានមតិឆ្លើយតបវិញ ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ កម្ពុជា បានមានប្រសាសន៍ថា តំណើរទស្សនៈកិច្ច របស់គណៈប្រតិភូក្រសួងការពារជាតិកម្ពុជានៅវៀតណាម នាពេលនេះ មានសារៈសំខាន់សំរាប់ពង្រឹងទំនាក់ទំនងកិច្ចហប្រតិបត្តិការរវាងកងទ័ពទាំងពីរ អោយបានល្អប្រសើរ ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបញ្ជាក់ទៀតថា កន្លងមកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ គ្រប់ផ្នែកទាំងអស់ក៏ដូចជាវិស័យការពារជាតិផងដែរ បានតំណើរការទៅមុខដោយរលូន ទោះបីជាមាន មហិច្ឆិតារារាំងពីប្រភពណាក៏ដោយ ក៏យើងនៅតែតំណើរការបានដោយរលូន និងទទួលបានលទ្ធផលល្អ ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តថា ទំនាក់ទំនងដ៏ល្អ ដែលកងទ័ពប្រទេសទាំងពីរ បានអនុវត្តជាមួយគ្នាកន្លងមក បានបង្ហាញអោយឃើញពីប្រវត្តិសាស្រ្តលេចធ្លោ រវាងយោធាទាំងពីរ កម្ពុជា-វៀតណាម ។

         ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក៏បានជំរាបជូនអំពីសភាពការណ៍វិវត្តន៍ចុងក្រោយនៅកម្ពុជា នៅដើមខែមករា ឆ្នាំ២០១៤ កន្លងមកនេះ ដែលបានបង្កឡើង ដោយ គណៈបក្សប្រឆាំង ដែលបានធ្វើអោយ បាត់បង់សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញ ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុវត្តច្បាប់ដ៏ពេញលេញមួយ ដើម្បីបញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនោះ ហើយធ្វើអោយសភាពការណ៍ បានវិលត្រឡប់មករកភាពប្រក្រតី ឡើងវិញរហូតមកដល់ពេលនេះ ។ ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបញ្ចាក់ថា នៅក្នុងឆ្នាំ២០១៣ កន្លងមក យើងបានអនុវត្តប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលល្អនូវបណ្តាខ្លឹមសារទាំងឡាយដែលជាការរួមចំណែកមួយដ៏ធំធេង ក្នុងការពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទអោយកាន់តែមានភាពរឹងមាំ។

         បន្ទាប់ពីបានធ្វើពិភាក្សាការងារ ផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមករួចមក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ និង ឯកឧត្តម ហ៊្វុង ក្វាងថាញ់ ក៏បានចុះហត្ថលេខាលើពិធីសារកិច្ចសហប្រតិបត្តិការឆ្នាំ២០១៤ ដើម្បី អោយកងទ័ពនៃប្រទេសទាំងពីរ ចាប់ផ្តើមអនុវត្តខ្លឹមសារពិធីសារកិច្ចសហប្រតិបត្តិការឆ្នាំ២០១៤ ចាប់ពីពេលនេះ តទៅ ។

        គួរកត់សំគាល់ថា ឆ្លងតាមរយៈខ្លឹមសារពិធីសារកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលរដ្ឋមន្ត្រី ក្រសួងការពារជាតិទាំងពីរបានចុះហត្ថលេខា ជាមួយគ្នាជារៀងរាល់ឆ្នាំនោះ កងទ័ពប្រជាជនវៀតណាម តែងតែបានជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនដល់ កងយោធពលខេមរភូមិន្ទទាំងស្មារតី សំភារៈពិសេស លើការបណ្តុះបណ្តាលធនធានមនុស្សដល់កងយោធពលខេមរភូមិន្ទ ការកសាងអង្គភាពដល់កងយោធពលខេមរភូមិន្ទ និងការរៀនសូត្រ ដកបទពិសោធន៍ការងារពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូទស្សនៈកិច្ចរវាងកងទ័ពនៃប្រទេសទាំងពីរ ដែលតាមរយៈកិច្ចសហប្រតិបត្តិការនេះ បានជួយជំរុញអោយកងយោធពលខេមរភូមិន្ទ មានការរីកចំរើនទៅមុខជាលំដាប់ ដោយពង្រឹងបានទាំងសមត្ថភាព និង គុណភាព ក្នុងការបំពេញភារកិច្ចរបស់ខ្លួនជូនជាតិមាតុភូមិកម្ពុជា ៕