សារជូនពរផ្ញើជូន កងយោធពលខេមរភូមិន្ទ

          ក្នុងឱកាសទិវា ចូលឆ្នាំសកល ឆ្នាំ២០១៤ នេះ តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ នៃកងយោធពលខេមរភូមិន្ទ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងភរិយា សូមចូលរួមអបអរសាទរដោយមនោសញ្ចេតនា សោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះជោគជ័យដ៏ត្រចះត្រចង់ ដែលកងយោធពលខេមរភូមិន្ទ យើងសម្រេចបាន ដើម្បីបុព្វហេតុសន្តិភាព ឯករាជ្យ អធិបតេយ្យភាពជាតិ ការពាររឹងមាំនូវបូរណភាពដែនដី ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ។

          ទន្ទឹមនឹងនេះដែរ កងយោធពលខេមរភូមិន្ទទាំងមូល សូមចូលរួមអបអរសាទរគាំទ្រយ៉ាងក្លៀវក្លា និងកក់ក្តៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងសម្តេចជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៥ នៃរដ្ឋសភា ដើម្បីបន្តការដឹកនាំប្រទេសជាបន្តទៅទៀត។ យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាការពាររាជរដ្ឋាភិបាលថ្មីនេះឱ្យបានគង់វង្សជារៀងរហូត។

          ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ជាប្រមុខកងយោធពលខេមរភូមិន្ទបានបំពេញតួនាទីជាស្នូល ក្នុងការការពារបូរណភាពទឹកដី សហការល្អប្រពៃជាមួយស្ថាប័ននានារបស់រដ្ឋ សង្គមស៊ីវិល ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ពង្រឹងខឿនការពារជាតិរបស់ប្រជាជន ដើម្បីការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

          ទន្ទឹមនឹងនេះ កងយោធលខេមរភូមិន្ទយើងក៏បានចូលរួមបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់ ឆាត សាធារណរដ្ឋអាហ្វ្រិកកណ្តាល លីបង់ ក្នុងគោលដៅមនុស្សធម៌ ដើម្បីបុព្វហេតុសន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិបានល្អ និងបានទទួលការកោតសរសើរយ៉ាងខ្លាំងក្លាពីអង្គការសហប្រជាជាតិ។

          ថ្មីៗនេះ កងយោធពលខេមរភូមិន្ទយើង ដែលឈរជើងការពារទីតាំងនៅសមរភូមិព្រំដែន ជួរមុខ បានអនុវត្តសិទ្ធិស្វ័យការពារខ្លូនយ៉ាងអង់អាចក្លាហាននៅលើទឹកដីរបស់ខ្លួន គោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ជាពិសេសគឺគោរព និងអនុវត្តបានត្រឹមត្រូវម៉ឺងម៉ាត់តាមបទបញ្ជា និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

          កម្ពុជាបានប្រែក្លាយខ្លួនពីអ្នកដែលទទួលកងកម្លាំងរក្សាសន្តិភាព ទៅជាអ្នកបញ្ជូនកម្លាំងរក្សាសន្តិភាព ពីប្រទេសដែលទទួលរងគ្រោះដោយសារគ្រាប់មីន ក្លាយទៅជាប្រទេសឈានមុខគេមួយក្នុងពិភពលោក ក្នុងយុទ្ធនាការប្រឆាំងគ្រាប់មីន និងប្រែក្លាយពីការផ្តោតតែលើបញ្ហាសន្តិសុខក្នុងប្រទេស ទៅជានយោបាយការទូតការពារជាតិ ដែលមានលក្ខណៈបើកចំហរទៅខាងក្រៅ ជាពិសេស ស្ថិតនៅក្នុងបរិបទអាស៊ាន។

           ទាំងនេះ គឺជាមោទនភាព និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់កងយោធពលខេមរភូមិន្ទ ហើយក៏ជាការលើកកម្ពស់ដល់កិត្យានុភាពរបស់កម្ពុជាទាំងនៅផ្ទៃក្នុងជាតិ និងនៅលើឆាកអន្តរជាតិផងដែរ។ កត្តាទាំងនេះបានបង្ហាញឱ្យឃើញថាកងយោធពលខេមរភូមិន្ទយើង បានយកចិត្តទុកដាក់អនុវត្តភារកិច្ចរបស់ខ្លួន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងប្តេជ្ញាបន្តអនុវត្តឱ្យបានជោគជ័យនូវផែនការកែទម្រង់ ៥ឆ្នាំ របស់កងយោធពលខេមរភូមិន្ទ ដែលបានដាក់ចេញឱ្យបានល្អ។ ទន្ទឹមនឹងនោះ ត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នប្រយុទ្ធ ត្រៀមប្រយុទ្ធជាប់ជានិច្ចពេលមានសភាពការណ៍កើតឡើង ប្តេជ្ញាការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងបេតិកភ័ណ្ឌជាតិឱ្យបានគង់វង្សជារៀងរហូត។ វីរភាពដ៏ឧត្តុង្គឧត្តមទាំងនេះ បានចារឹកទុកនៅក្នុងទំព័រប្រវត្តិសាស្ត្ររបស់ជាតិ ដែលមិនអាចបំភ្លេចបានឡើយ ។

          មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន គ្រប់ស្ថាប័ន កងឯកភាព នៃកងយោធពលខេមរភូមិន្ទទាំងអស់ជាទីស្នេហា ! ក្នុងឱកាសទិវា ចូលឆ្នាំសកលឆ្នាំ២០១៤នេះ ក្នុងនាមរដ្ឋ មន្ត្រីក្រសួងការពារជាតិ ខ្ញុំសូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកឳពុក អ្នកម្តាយ បងប្រុស បងស្រី ដែលបានលះបង់ កូនចៅ ប្តីសី ឱ្យចូលបម្រើក្នុងកងយោធពលខេមរភូមិន្ទ ដើម្បីការពារជាតិមាតុភូមិ។

          ទន្ទឹមគ្នានេះដែរ ខ្ញុំសូមសម្តែងនូវការនឹករលឹក ប្រកបដោយមនោសញ្ចេតនាស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅចំពោះគ្រួសារយោធិន ពលី ពិការ យោធិនរំសាយ យោធិនចូលនិវត្តន៍ និងចូលបាត់បង់សមត្ថភាពការងារ យោធិនដែលកំពុងសម្រាកព្យាបាលជម្ងឺ នៅតាមមន្ទីរពេទ្យ សូមមានសុខភាពល្អប្រកបតែនឹងសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គល។

          ដើម្បីរក្សាស្នាដៃដ៏មានតម្លៃជាបន្តទៅទៀត កងយោធពលខេមរភូមិន្ទត្រូវពុះពារសម្រេចរាល់ភារកិច្ចឱ្យបានល្អ ដោយខិតខំលើកកម្ពស់ការគោរព វិន័យ សីលធម៌ បទបញ្ជា ច្បាប់របស់រដ្ឋ ខិតខំរៀនសូត្របង្កើនសមត្ថភាពបច្ចេកទេសជំនាញឱ្យបានទូលំទូលាយ ទទួលខុសត្រូវធ្វើម្ចាស់លើសម្ភារៈ យុទ្ធោបករណ៍គ្រប់ផ្នែក ដែលអង្គភាពបំពាក់ជូន ថែរក្សាការពារសុខភាពឱ្យបានល្អ ចូលរួមបង្កបង្កើនផលចិញ្ចឹមសត្វ ដើម្បីកែប្រែលើកកម្ពស់ជីវភាពរស់នៅឱ្យបានប្រសើរឡើង។ ទន្ទឹមនឹងនេះក៏ត្រូវត្រៀមលក្ខណៈឱ្យបានល្អ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះអាសន្នមហន្តរាយផ្សេងៗ ជាពិសេសនៅក្នុងរដូវច្រូតកាត់នេះ ត្រូវចូលរួមជួយប្រមូលផលស្រូវរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានជិតទីតាំងឈរជើងរបស់ខ្លួន ឱ្យបានល្អ និងសស្រាក់សស្រាំ។

         ជាទីបញ្ចប់តាងនាមរដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី នៃកងយោធពលខេមរភូមិន្ទគ្រប់រូបគ្រប់ជំនាន់ ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ដើម្បីបុព្វហេតុ សាសនា ព្រះមហាក្សត្រ ជាពិសេស ចំពោះវិញ្ញាណក្ខន្ធនៃវិរយុទ្ធជនយើង ដែលបានធ្វើពលិកម្មបូជាអាយុជីវិតដ៏អង់អាចក្លាហាន នៅក្នុងបុព្វហេតុការពារបូរណភាពដែនដី នៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់ប្រាសាទព្រះវិហារ នាពេលថ្មីៗនេះ សូមវិញ្ញាណក្ខន្ធអស់លោកទាំងនោះ បានទៅសោយសុខឯស្ថានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

          សូមជូនពរដល់យោធិន ជម្ងឺ របួស ពិការ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា សូមឱ្យបានឆាប់ជាសះស្បើយពីជម្ងឺ មានសុខភាពល្អបរិបូរណ៍ និងប្រកបដោយសេចក្តីសុខ សេចក្តីចម្រើនគ្រប់ពេលវេលា។

          សូមជូនពរដល់យោធិនរំសាយ យោធិនចូលនិវត្តន៍ អតីតយុទ្ធជន ព្រមទាំងក្រុមគ្រួសារដែលបានរស់នៅក្នុងសង្គមស៊ីវិល សូមឱ្យមានជីវភាពរស់នៅលូតលាស់ល្អប្រសើរ និងប្រកបដោយសុភមង្គលរុងរឿង។ សូមជូនពរដល់ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងយោធពលខេមរភូមិន្ទ ទាំងមូល ព្រមទាំងគ្រួសារដែលកំពុងមមាញឹកបំពេញភារកិច្ច នៅតាមបណ្តាស្ថាប័ន កងឯកភាពនានានៅទូទាំងផ្ទៃប្រទេស និងកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស ជាពិសេស នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕

                                                                                                                            ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣

                                                                                                                              ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

                                                                                                                                     នាយឧត្តមសេនីយ៍ ទៀ បាញ់

ព័ត៌មានចុងក្រោយ