ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងបិទ កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៣ និងលើកទិសដៅអនុវត្តកម្មវិធីការងារឆ្នាំ២០១៤ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស

        កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៣ និងលើកទិសដៅកម្មវិធីការងារ ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ដ្រី ក្រសួងការពារជាតិ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងវត្តមាន នាយទាហានជាន់ខ្ពស់ក្រសួងការពារជាតិ ឯកឧត្តម មេបញ្ជាការរង ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្ដ-រាជធានី នាយការិយាល័យ និងមន្រ្តីមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូបទៀត ។

        នៅក្នុងរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍បញ្ជាក់ អំពីលទ្ធផលការងារក្នុងឆ្នាំ២០១៣ លើសកម្មភាពប្រតិបត្ដិតួនាទីភារកិច្ច ក្នុងការងារបង្ការ និងចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយសង្គម ។ ជាលទ្ធផល ការងារបង្ក្រាប ស្រាវជ្រាវបទល្មើសបានចំនួន ៨៣០លើក ឃាត់ខ្លួនជនសង្ស័យ១.៧៣០នាក់ បញ្ជូនទៅតុលាការ ១.៥០៤នាក់ បានទទួលពាក្យបណ្ដឹងចំនួន៧៥០ករណី ចាត់ការរួចចំនួន៦៣១ បណ្ដឹង ទទួលដីកាចំនួន៧.៨៧៨ដីកា អនុវត្ដន៍រួចចំនួន៦.០១១ ។ ព្រមជាមួយនេះ ការងារសង្គ្រោះ គ្រោះថ្នាក់ចរាចរណ៍មានចំនួន១.៤៨២លើក អគ្គិភ័យ៣៣៨លើក គ្រោះធម្មជាតិ៤៤៦ លើក ជួយសង្គ្រោះករណីផ្សេងទៀតចំនួន ១.៥៣៧លើក ជួយដឹកជញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យចំនួន២.៣៣៧នាក់ ដឹកជញ្ជូនសាកសពទៅកាន់លំនៅឋាន ៣០សាកសព និងដឹកទៅកាន់វត្ដចំនួន២៣សាកសព ។

        ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍បន្ដទៀតថា ទាំងការងារសហការពង្រឹង អនុត្ដន៍ច្បាប់ ការងារ សកម្មភាពសង្គម ការងារសាងសង់ ពង្រឹងសន្ដិសុខសណ្ដាប់ធ្នាប់ គឺទទួលបាន លទ្ធផលជាវិជ្ជមានជាបន្ដបន្ទាប់ ហើយ សម្រាប់កម្មវិធីការងារអនុវត្ដន៍ ឆ្នាំ ២០១៤ ។ ឯកឧត្តម សៅ សុខា ក៏បានអះអាងថា នឹងបន្ដកសាង ពង្រឹងកងកម្លាំង ទាំងបរិមាណ និងគុណភាព បន្ដលើកកម្ពស់ ការងារហ្វឹកហ្វឺន បណ្ដុះបណ្ដាលជំនាញ ព័ត៌មានវិទ្យា កុំព្យូទ័រ និងអប់រំចិត្ដសាស្ដ្រ ។ បន្ដធ្វើការថែទាំ ជួសជុល និងបង្ហើយ សំណង់ដែលបាននឹងកំពុងសាងសង់ ព្រមទាំងកសាងសំណង់ថ្មីបន្ថែមទៀត ។ បន្ដធ្វើការជួសជុលសម្ភារៈ ឧបករណ៍មធ្យោបាយកំពុងគ្រប់គ្រង និង រិះរកវិធីបំពាក់ថ្មី ដើម្បីបម្រើឱ្យសំណូមពរ ការងារនិងកិច្ចប្រតិបត្ដិការ ។ បន្ដដោះស្រាយការងារចិញ្ចឹម កែលំអថវិកា និងថែទាំសុខភាពកងទ័ព ព្រមទាំងយកចិត្ដ ទុកដាក់អនុវត្ដន៍គោលនយោបាយចំពោះ បុគ្គលិក និងគ្រួសារ ។ ត្រៀមកម្លាំង ឧបករណ៍សម្ភារៈ និងមធ្យោបាយនានាដើម្បី បំពេញតួនាទីភារៈកិច្ច រ៉ាប់រងការងារថែរក្សាការពារសន្ដិសុខសណ្ដាប់ធ្នាប់រៀបរយសង្គម ពង្រឹង អនុវត្ដន៍ច្បាប់ និងអន្ដរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ។

        មានមតិនាឱកាសនោះដែរ ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់អំពីលទ្ធផលការងារ និងស្នាដៃ របស់កម្លាំងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ដែលសម្រេចបានក្នុងឆ្នាំ២០១៣ កន្លងទៅ ប្រកបដោយភាពជោគជ័យសម្រាប់ភារៈកិច្ច និងតួនាទី ពិសេសលើការងារ ទប់ស្កាត់បទល្មើស ថែរក្សាស្ថិរភាពសង្គម ជូនប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាអនុវត្ដន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ក៏បានបង្ហាញ អំពីប្រតិកម្ម ចំពោះគណបក្ស ប្រឆាំងដែលកន្លងមកបានបានធ្វើសកម្មភាពញុះញុ បង្ករឱ្យមានភាពចលាចលក្នុងសង្គម បង្កើតការគុំគួនប្រកាន់ ពូជ សាសន៍ ដែលមិនអាចទទួលយកបាន ហើយបានធ្វើការថ្កោលទោសចំពោះរាល់សកម្មភាព ទាំងឡាយណាដែលបាននឹងកំពុងធ្វើឡើងក្នុងគោលបំណងបំផ្លាញ ជាតិ សាសនា ព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

        ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ ក៏បានផ្តាំផ្ញើ និងផ្តល់អនុសាសន៍ណែនាំ ដល់កងរាជអាវុធហត្ថលើផ្ទៃប្រទេសគ្រប់ផ្នែក គ្រប់ថ្នាក់ ត្រូវអនុវត្ដន៍ ទិសដៅផែនការការងារឆ្នាំ២០១៤ ឱ្យកាន់តែមានការរីកចម្រើន និងមានប្រសិទ្ធិភាព ប្រកបដោយសក្ដានុពល និងពង្រឹង កម្លាំងបន្ដហ្វឹកហ្វឺនបណ្ដុះបណ្ដាលប្រកបដោយធនធានមនុស្ស ចូលរួមចំណែកបម្រើជាតិមាតុភូមិ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ទូទាំងប្រទេសប្រកបដោយភាពជោគជ័យ ៕