ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស បានអនុញ្ញាតឱ្យ លោក វរសេនីយ៍ឯក MICHELLER S LONGRONO នាយការិយាល័យអនុព័ន្ធយោធាហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅទីបន្ទប់សវនការក្រសួងការពារជាតិ

កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ វេលាម៉ោង ០៩:០០នាទី ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស បានអនុញ្ញាតឱ្យលោក វរសេនីយ៍ឯក MICHELLER S LONGRONO នាយការិយាល័យអនុព័ន្ធយោធាហ្វីលីពីន ប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម ដោយមានការចូលរួមពីសំណាក់មន្ត្រីយោធាជាន់ខ្ពស់ចំណុះឱ្យអគ្គនាយកដ្ឋានជាច្រើនរូបនៅបន្ទប់សវនការក្រសួងការពារជាតិ។

ជាកិច្ចចាប់ផ្តើម លោក វរសេនីយ៍ឯក MICHELLER S LONGRONO នាយការិយាល័យអនុព័ន្ធយោធាហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅដែល ឯកឧត្តម អគ្គនាយក បានចំណាយពេលវេលាដ៏មានតម្លៃ ឯកឧត្តម ដែលអនុញ្ញាត្តឱ្យចូលជួបសម្តែងការគួរសម និងជម្រាបលា ។ ហើយលោក MICHELLER S LONGRONO បានលើកឡើងថា តាមពិតថ្ងៃនេះអ្នកដែលបន្តវេនពីរូបលោកគឺអនុព័ន្ធយោធាហ្វីលីពីនថ្មី ក៏ត្រូវមានវត្តមានដែរ ប៉ុន្តែដោយសារជើងយន្តហោះមកដល់ភ្នំពេញនាពេលរសៀលទៅវិញ ព្រមទាំងអ៉ះអាងថា លោកអនុព័ន្ធយោធាហ្វីលីពីនថ្មី នឹងបន្តបំពេញបេសកកម្មកាទូតយោធា ឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយមើលឃើញការីកធំធាត់នៃទំនាក់ទំនង់កិច្ចសហប្រតិបត្តិការយោធាប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន រដ្ឋាភិបាលហ្វីលីពីន បានបង្កើតឱ្យមានស្ថានបេសកកម្មការិយាល័យអនុព័ន្ធយោធាជាអចិន្ត្រៃអមស្ថានទូតហ្វីលីពីននៅព្រះរាជាណាចក្រកម្ពុជា ។

ជាកិច្ចឆ្លើយតប ឯកឧត្តម ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្នុងនាម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន ហើយបានចាត់ទុកបេសកកម្មរបស់លោកនាយការិយាល័យអនុព័ន្ធយោធាជាការចូលរួមចំណែកមួយយ៉ាងធំជំរុញឱ្យកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ហ្វីលីពីន ឱ្យកាន់តែប្រសើរឡើង ។ ជាពិសេសវត្តមាននៃការចូលរួមរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន នាអំឡុងឆ្នាំ ២០១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពាជាតិអាស៊ាន(ADMM 2012) ខណៈនោះមានជំនួបទ្វេរភាគីរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន ដែលជាសក្ខីភាពបង្ហាញឱ្យឃើញពីទំនាក់ទំនងល្អនៃយោធាប្រទេសទាំងពីរផងដែរ ។ ឯកឧត្តម ណឹម សុវត្ថិ ក៏បានលើកឡើងផងដែរថា សូមអបអរសារទ នូវកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលប្រទេសហ្វីលីពីន ទើបទទួលបានថ្មីៗនេះដោយបានបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃយូយារនៅប្រទេសហ្វីលីពីន ។ ឯកឧត្តម ណឹម សុវត្ថិ ក៏បានបញ្ជាក់ថា ប្រទេសកម្ពុជា ក៏ធ្លាប់ឆ្លងកាត់សង្រ្គាមស៊ីវិលបែបនេះដែរ ហើយបានបញ្ចប់ទៅវិញដោយនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកម្ពុជាក៏ជាអ្នកផ្តួចផ្តើមនូវឯកសារចក្ខុវិស័យស្តីពី អាស៊ានជាតំបន់គ្មានសង្រ្គាមស៊ីវិល ដោយឯកសារនេះបានដាក់ចូលជារបៀបវីរៈក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពាជាតិអាស៊ាន (ADMM 2012) នៅប្រទេសកម្ពុជា ហើយ ឯកឧត្តម សង្ឃឹមថា យើងអាចរៀនសូត្រដកពិសោធន៍ អំពីបញ្ហានេះជាមួយគ្នា ។

ឯកឧត្តម ណឹម សុវត្ថិ បន្តទៀតថា កម្ពុជា-ហ្វីលីពីន សុទ្ធតែជាសមាជិកស្ថិតក្រោមដំបូលគ្រួសារតែមួយនៃអាស៊ាន ហើយយើងនឹងធ្វើកិច្ចការដ៏សំខាន់មួយជាមួយគ្នាទាក់ទងទៅនឹងវិស័យសន្តិសុខនេះក្នុងក្របខណ្ឌកសាង សហគមន៍នយោបាយសន្តិសុខអាស៊ានឆ្នាំ ២០១៥។ ជាទីបញ្ចប់ ឯកឧត្តម ណឹម សុវត្ថិ បានស្វាគមន៍នូវការដាក់ស្ថានបេសកកម្មការិយាល័យអនុព័ន្ធយោធាជាអចិន្ត្រៃយ៍អមស្ថានទូតហ្វីលីពីនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ហើយបានជូនពរឱ្យលោកអនុព័ន្ធយោធាបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ នូវរាល់បេសកកម្ម ដែលក្រសួងការពារជាតិហ្វីលីពីន បានដាក់ឱ្យ ៕