ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ Tanasak Patima Pragorn មេបញ្ជាការជាន់ខ្ពស់ និងជា អនុប្រធានក្រុមប្រឹក្សាសន្ដិសុខសណ្ដាប់ធ្នាប់ថៃចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

          នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤នេះ នៅទីស្ដីការក្រសួងការពារជាតិ ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្ដមសេនីយ៍ Tanasak Patima Pragorn មេបញ្ជាការជាន់ខ្ពស់ និងជាអនុប្រធានក្រុមប្រឹក្សាសន្ដិសុខសណ្ដាប់ធ្នាប់ថៃ ដឹកនាំគណៈប្រតិភូក្រុមប្រឹក្សា សន្ដិសុខសណ្ដាប់ធ្នាប់ថៃ និងមន្រ្តីមកពីក្រសួង ស្ថាប័នស៊ីវិលមួយចំនួន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារក្នុងឱកាសដែលឯកឧត្តម ទើបនឹងទទួលការតែងតាំងកាលពីពេលថ្មីៗកន្លងមកនេះ ។ នៅក្នុងជំនួបនាឱកាសនោះដែរ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងមន្រ្តីយោធាជាន់ខ្ពស់មួយចំនួនទៀត រីឯភាគីថៃវិញគឺមានសមាសភាពរួមគ្នាទាំងមន្រ្តីយោធា និងស៊ីវិល ។

           បន្ទាប់ពីជំនួបបិទទ្វារជិត១ម៉ោង រវាងប្រមុខកងទ័ពទាំង២រួចមក ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ បាញ់ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ការមកបំពេញទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការរបស់គណៈប្រតិភូថៃ ដែលដឹកនាំដោយឯកឧត្តម នាយឧត្ដមសេនីយ៍ Tanasak PatimaPragorn លើកនេះ គឺចង់បង្ហាញអំពីទំនាក់ទំនងចំណងមិត្តភាព និង ចង់បញ្ជាក់ផងដែរពីបញ្ហាដែលបានកើតមានឡើងនៅក្នុងប្រទេសថៃកន្លងមក ដើម្បីឱ្យភាគីកម្ពុជាមានការយោគយល់ពីបញ្ហាទាំងឡាយនេះ ។ គឺជាការចាំបាច់ណាស់ដែលកន្លងមកនៅក្នុងប្រទេសថៃមានការទាស់ទែងខ្វែងគំនិតគ្នា និងមានកំដៅឡើងខ្ពស់អាចឈានទៅដល់ការបង្ហូរឈាម ដូច្នេះពួកគាត់ក៏នាំគ្នារងាប់សភាពការណ៍បានទាន់ពេលវេលា ។ ឯកឧត្តម នាយឧត្ដមសេនីយ៍ Tanasak PatimaPragorn ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់ឯកឧត្តម ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ចំពោះប្រមុខដឹកនាំកម្ពុជា ដែលបានយល់អំពីកត្តាសំខាន់នៃទំនាក់ទំនងល្អ និងការអភិវឌ្ឍសម្រាប់ប្រទេសទាំង២ ហើយថាគណៈប្រតិភូថៃទាំងមូលត្រៀមខ្លួនជានិច្ចនឹងធ្វើការជាមួយភាគីកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត ។ ក្នុងនោះផងដែរយើងក៏បានសំណូមពរដល់ប្រទេសថៃឱ្យជួយមើលថែចំពោះពលករកម្ពុជាដែលកំពុងជ្រកកោន និងប្រកបរបរទទួលទាននៅក្នុងប្រទេសថៃ ដោយ ឯកឧត្តម នាយឧត្ដមសេនីយ៍ Tanasak PatimaPragorn បានសន្យាជាឱឡារិកថានឹងជួយមើលថែពលករកម្ពុជាទាំងនោះឱ្យទទួលបាននូវគោលរបប ការពិនិត្យព្យាបាលជំងឺ ក៏ដូចជាឱ្យកូនៗរបស់ពលករទទួលបានការសិក្សាពីសំណាក់ប្រទេសថៃផងដែរ ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក៏បានបញ្ជាក់ពីដំណើរការរបស់ប្រទេសថៃ ដែលមកដល់ពេលនេះ គឺឈានដល់ដំណាក់កាលទី២នៃការរៀបចំគណៈរដ្ឋមន្ដ្រី ព្រមទាំងរាជរដ្ឋាភិបាលបានចប់សព្វគ្រប់ប្រកបដោយនិរន្ដរភាព ។ ទាក់ទងទៅនឹងបញ្ហាព្រំដែន កម្ពុជា-ថៃ ត្រូវបាន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ លើកឡើងថា មានបញ្ហាខ្លះយើងបានឯកភាពគ្នា និងបញ្ហាខ្លះទៀតត្រូវទុកមួយអន្លើសិន ។ អ្វីជាការល្អប្រពៃនោះគឺកិច្ចអភិវឌ្ឍន៍ក៏ដូចជាការរកស៊ីទទួលទានជាមួយគ្នា ព្រមទាំងនាំមកនូវសន្ដិភាព ស្ថិរភាព និងជីវភាពប្រជាពលរដ្ឋទាំង២ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើង ។ អ្វីដែលនៅសេសសល់ យើងកំពុងតែបន្ដធ្វើជាមួយគ្នា ជួបគ្នាក្នុងមនោសញ្ចេតនាល្អូកល្អិន ។ ចំពោះការអនុវត្ដសាលក្រម ICJ តើភាគីកម្ពុជា បានលើកឡើងក្នុងជំនួបនោះទេ? សាលក្រម ICJ អ្នកដែលទទួលការអធិប្បាយដ៏ជាក់លាក់មានទាំងភាគី កម្ពុជា-ថៃគេដឹងច្បាស់ណាស់ តើត្រូវធ្វើដូចម្ដេច? និងរបៀបណា? គឺទាំងអស់គ្នាបានព្រមព្រៀងទទួលយកហើយនូវសាលក្រមនោះ ។ ដូច្នេះខ្ញុំមិនបាច់បកស្រាយទេ ជួនកាលយើងបកស្រាយមិនបានល្អិតល្អន់ដូចអ្នកដែលកំពុងអនុវត្ដនោះផងទេ ។ អ្វីដែលមិនទាន់បានធ្វើ យើងកំពុងតែអនុវត្ដជាបន្ដបន្ទាប់ទៅតាមពេលវេលាជាក់ស្ដែង ។ ភារកិច្ចរបស់យើង គឺរក្សាភាពស្ងប់ស្ងាត់កុំឱ្យ មានបញ្ហាកើតឡើងរាលដាលវែងឆ្ងាយ បន្ដទៅមុខទៀតតាមអ្វីដែលបាននឹងកំពុងកើតមាន ពិសេសគឺសុខសន្ដិភាព និងការអភិវឌ្ឍ ៕