ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការយុទ្ធសិល្ប៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី រាត្រីយុទ្ធគុន  (Martial Arts Night)

          កាលពីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤នេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានរៀបចំ ព្រឹត្តិការណ៍ «រាត្រីយុទ្ធគុន» (Martial Arts Night) ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញ៉ារិទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មាធិការយុទ្ធសិល្ប៍កម្ពុជា លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងកីឡាករ កីឡាការនី មហាជនជាតិ អន្តរជាតិ ដែលស្រលាញ់គាំទ្រវិស័យយុទ្ធសិល្ប៍ក្បាច់គុនយ៉ាងច្រើនកុះករ ។

         នៅក្នុងព្រឹត្តិការណ៍នោះដែរ ក៏មានការចូលរួមសម្តែងស្នៀតក្បាច់គុន ១១ ប្រភេទ រួមមាន ល្បុក្កតោ ដែលជាក្បាច់គុនរបស់កម្ពុជា YongMudo ក្បាច់គុនរបស់កូរ៉េ, Aikido ក្បាច់គុនជប៉ុន, តេក្វាន់ដូស្ទី ITF របស់កូរ៉េខាងជើង, Wushu របស់ចិន, ការាតេដូ របស់ជប៉ុន, វ៉ូវីណាម ជាក្បាច់គុនវៀតណាម, Tong Il Moodo ក្បាច់គុនកូរ៉េ, KOBUDO ក្បាច់គុនជប៉ុន, Kendo ក្បាច់គុនជប៉ុន និង Hapkido ក្បាច់គុនកូរ៉េ ផងដែរ ។ ការសម្តែងនៃក្បាច់គុននីមួយៗ គឺសំដែងចាប់ពី២នាក់ទៅ១០នាក់ ហើយក្បាច់គុននីមួយៗត្រូវសម្តែងរយៈពេល ៧នាទី ។ ការសម្តែងមានក្បាច់គុនប្រយុទ្ធ ក្បាច់គុនការពារខ្លួនហើយប្រភេទក្បាច់គុននីមួយៗក៏ត្រូវបង្ហាញពីលក្ខណៈពិសេសរបស់ខ្លួនដែរ ។ ជាមួយគ្នានេះក៏មានការបង្ហាញពីក្បាច់គុនអាវុធ និង របៀបការពារផងដែរ ។ នៅក្នុងរាត្រីយុទ្ធគុនចម្រុះនេះ ប្រភេទក្បាច់គុនដែលជាប់ជ័យលាភីសម្ដែងជាក្រុមចំណាត់ថ្នាក់លេខ១ បានទៅក្បាច់គុនល្បុក្តតោខេត្តសៀមរាប លេខ២ តេក្វាន់ដូស្ទីល ITF និងលេខ៣ កីឡាវ៉ូវីណាម ។ ចំពោះជ័យលាភីសម្តែងជាមួយអាវុធឯកត្តជនចំណាត់ថ្នាក់លេខ១ ក្បាច់គុនគូបូដូ លេខ២ វ៉ូវីណាម និងលេខ៣ ល្បុក្កតោ ។

         លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាន៍ថា នេះគឺជាព្រឹត្តិការណ៍ លើកដំបូងរបស់គណៈកម្មការកីឡាយុទ្ធសិល្ប៍កម្ពុជា ដើម្បីផ្ដល់ឱកាសឱ្យប្រភេទក្បាច់គុននិមួយៗមានឱកាសបញ្ចេញ សមត្ថភាព និងភាពប៉ិនប្រសប់របស់ខ្លួនទៅតាមជំនាញ ក្បាច់គុននីមួយៗ ដែលពួកគេធ្វើការហ្វឹកហាត់ពីមុនមកនោះ ។ លោកបន្ដថា ព្រឹត្តិការណ៍នេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយទៀត ចាប់ពីពេលនេះតទៅ នេះជាការជួបជុំគ្នា នៃអ្នកក្បាច់គុនធំៗ របស់កម្ពុជាដែលក្នុងនោះ មានទាំងគ្រូវ័យចាស់ៗ ព្រមទាំងអ្នកក្បាច់គុន ជំនាន់ក្រោយទៀតផង ។

          ប្រធានគណៈកម្មាធិការយុទ្ធសិល្ប៍កម្ពុជា ឯកឧត្តម ណឹម សុវត្ថិ បានថ្លែងថា ព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមពាក្យស្លោក ក្បាច់គុនខុសគ្នាទស្សនវិជ្ជាតែមួយ ។ ឯកឧត្តម ណឹម សុវត្ថិ បានចាត់ទុកថា នេះជាការជួបគ្នាដ៏កម្ររវាង អ្នកក្បាច់គុន នៃកីឡាមិនអូឡាំពិក ហើយ វានឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំតែម្ដង ។

          នៅក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារិទ្ធិ ក៏បានមានប្រសាសន៍ថា ការហាត់ក្បាច់គុន គឺធ្វើឱ្យយើងមានសុខភាពល្អ រាងកាយមាំមួន ថែមទាំងអាចការពារខ្លួន នៅពេលដែលមានគ្រោះថ្នាក់បានទៀតផង ។ ឯកឧត្តម បន្តថា យើងត្រូវចាំថា បើហាត់រៀនគ្បាច់គុន គឺឱ្យចំជាអ្នកគុន ហើយត្រូវចេះគោរពអ្នកដែលខ្សោយជាងយើង និងខ្លាំងជាងយើង និងអ្នកដទៃផ្សេងទៀត ។ ប្រទេសមានសន្តិភាពអ្វីៗក៏ រីកចម្រើនដែរ ក្នុងនេះមានទាំងក្បាច់គុន និង ពេលវេលាសម្រាប់ អ្នកក្បាច់គុនជួបគ្នាទៀតផង ។