ឯកឧត្ត នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប អញ្ជើញកាន់បិណ្ឌវេនទី៧ នៅវត្តព្រះឥន្ទកោសីយ៍ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប

​​​ ​​​​នៅក្នុងរដូវបុណ្យកាន់បិណ្ឌ ឬដាក់បិណ្ឌជាបុណ្យប្រពៃណីខ្មែរ ដែលបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ១៤រោជ ខែភទ្របទ ហើយរហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ថ្ងៃបុណ្យភ្ជុំធំ ដែលបងប្អូនជាមន្ត្រីរាជការអ្នកមុខអ្នកការពុទ្ធបរិស័ទ ប្រជាពលរដ្ឋជិតឆ្ងាយបានមកជួបជុំគ្នា នាំយកនូវចង្ហាន់ ចំណីអាហារ ទៀនធូក ផ្កាភ្ញី បច្ច័យ និងទ័យទានផ្សេងៗតៀតទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមទីវត្តអារាមនានាក្នុងព្រះរាជាណាចក្រកម្ពុជានោះ ដោយឡែក ក្នុងវេនទី៧ ត្រូវនឹងថ្ងៃ៧ រោចខែភទ្របទ ឆ្នាំមមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៤ នៅខេត្តសៀមរាប ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តសៀមរាប ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង អស់លោក លោកស្រី ជាក្រុមការងារថ្នាក់ជាតិ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ បានអញ្ជើញទៅចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៧ជាមួយបងប្អូន ពុទ្ធបរិស័ទនៅវត្តព្រះឥន្ទកោសីយ៍ ស្ថិតនៅភូមិទ្រាំងសង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ។

បន្ទាប់ពីការគោរពថ្វាយភូងផ្កា បូជាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និង នមសកា ព្រះរតនត្រ័យទៅ តាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធរួចមក មានប្រសាសន៍សំណេះសំណាលជាមួយព្រះសង្ឃ សីលវ័ន្ត សីលវតី ថ្នាក់ដឹកនាំ មន្ត្រីរាជការ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានលើកឡើងថា ការប្រារព្ធធ្វើបុណ្យភ្ជុំបិណ្ឌនេះឡើង គឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្ត មាតា បិតា ជីដូនជីតា ញ្ញាតិការទាំងប្រាំពីរសណ្តាន និង បុព្វការីជន ដែលលោកបានចែកឋានទីកាន់បរលោកខាងមុខ និងដួងវិញ្ញាក្ខ័ន្តកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលី ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និងការពារអភិវឌ្ឍន៍ប្រទេសជាតិ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានបន្តទៀតថា បុណ្យភ្ជុំបិណ្ឌក៏ដូចជាបុណ្យផ្សេងៗទៀតត្រូវបានប្រារព្ធឡើងវិញ ក្រោយថ្ងៃជ័យជំនះ ៧មករាឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំទៅនោះ ក្រោមការបើកទូលាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះក៏បានធ្វើឱ្យវិស័យព្រះពុទ្ធចក្រមានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនាក្នុងជំនឿកាន់បិណ្ឌត្រូវបានប្រជាពលរដ្ឋខ្មែរនាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីសម័យបុរាណកាល រហូតមកដល់សតវត្សទី២១នេះ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានបន្តទៀតថា ការប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្ឌនេះឡើងជាគោលបំណងដើម្បីឧទ្ទិសមហាកុសល្យជូនដល់ លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិការទាំងប្រាំពីរសណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ ។ ដូច្នេះពិធីបុណ្យភ្ជុំបិណ្ឌនេះ យើងធ្វើទៅដោយសេចក្តីគោរព បង្អោនកាយវិចាចិត្ត ឆ្ពោះទៅរកប្រេតជន ជាញាតិការទាំងប្រាំពីរសណ្តានដែលបានចែកឋានទៅកាន់បរលោក និងជួយរំដោះឱ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឱ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សា កូនចៅ ឱ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ ។

នៅក្នុង ពិធីកាន់បិណ្ឌវេនទី៧នេះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់, ឯកឧត្តម ឃឹម ប៊ុនសុង និង លោកលោកស្រី ព្រមទាំងបងប្អូនជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទ បានធ្វើការវេរប្រគេននូវទ័យ្យទានវត្ថុដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា ដល់វត្តទាំង ៧ រួមមាន គ្រឿងឧបភោគបរិភោគចំនួន ១៤មុខ ។ ក្នុងនោះដែរក៏បានធ្វើការប្រគេនសាដក និង បច្ច័យដល់ព្រះសង្ឃ ៧៥អង្គនិមន្តមកពីវត្តទាំង៧ ដោយក្នុងមួយអង្គៗសាដក់១ បច្ច័យ ៨ម៉ឺនរៀល សីលវ័ន្ត សីលវតី ៥០នាក់ ម្នាក់ៗ ក្រណាត់ស០១ដុំ ថវិកា ៣ម៉ឺនរៀល និង តាអាចារ្យ ម្នាក់ៗ៥ម៉ឺនរៀល ។ ក្នុងនោះដែរបច្ច័យដែលទទួលបានពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោកលោកស្រីក្នុងឱកាសកាន់បិណ្ឌវេនទី៧នេះ ត្រូវបានវេរប្រគេនតំកល់ទុកសម្រាប់កសាងសមទ្ធិផលក្នុងវត្តនិមួយៗ ក្នុងនោះវត្តព្រះឥន្ទកោសីយ៍ នូវបច្ច័យ ចំនួន ១ពាន់ ២៦០ដុល្លា ប្រាក់ខ្មែរ ៣លាន៧៧២ពាន់៥០០រៀល និង ប្រគេនដល់វត្តទាំង០៦ ក្នុងមួយវត្តៗ ៦០០ដុល្លា ។

បន្ទាប់មកអស់លោកលោកស្រី ថ្នាក់ដឹកនាំ និង បងប្អូនញាតិមិត្ត ពុទ្ធបរិស័ទបានធ្វើពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត ចំពោះមាតាបិតាជីដូនជីតា និង ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្តដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមឱ្យមកទទួលនូវផល្លានិសង្ឃដែល ឯកឧត្តម លោកជំទាវ និង ថ្នាក់ដឹកនាំ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ និង សូមឲ្យអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់ឱ្យវិញ្ញាណក្ខ័ន្តអ្នក ទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីឃ្លៀងឃ្លាតក្នុងឋានសុគតិភពកុំបី ខានឡើយ ៕