ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ផ្តល់បាឋកថាស្តីពី ការវិវឌ្ឍកំណែទំរង់កងយោធពលខេមរភូមិន្ទ

       នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពាជាតិ បានអញ្ជើញធ្វើបទបាឋកថា ស្តីពី ការវិវឌ្ឍនៃកំណែទំរង់ កងយោធពលខេមរភូមិន្ទ ។ អញ្ជើញចូលរួមក្នុងកម្មវិធីនេះដែរ រួមមាន ឯកឧត្តម រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម អគ្គនាយក អគ្គនាយកដ្ឋាន នាយក នាយកដ្ឋានចំណុះឱ្យក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការកងទ័ពជើងគោក ជើងអាកាស ជើងទឹក និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្មសិក្សាការី មន្រ្តីជាន់ខ្ពស់ មន្រ្តីមធ្យម និងសិស្សនៃសាលាភូមិន្ទរដ្ឋបាលប្រមាណជាង ២៥០នាក់ ។

      នៅក្នុងឱកាសនោះដែរ តំណាងសាលាភូមិន្ទរដ្ឋបាល បានលើកឡើងថា នេះគឺជាលើកទី២ហើយដែលថ្នាក់ដឹកនាំ មន្រ្តី កម្មសិក្សាការី និងសិស្សនៃសាលាភូមិន្ទរដ្ឋបាល ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹក ចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ ដែលកើតចេញពីជីវិតការងារជាក់ស្តែងដ៏វែងឆ្ងាយរបស់ឯកឧត្តមផ្ទាល់ ជូនកម្មសិក្សាការី និងសិស្សទាំងអស់របស់សាលាភូមិន្ទរដ្ឋបាល ។ ក្នុងនាមសាលាភូមិន្ទរដ្ឋបាល និងមន្រ្តីទាំងអស់របស់សាលាភូមិន្ទរដ្ឋបាល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួម ចំណែកដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងដំណើរការនៃការអភិវឌ្ឍធនធានមនុស្ស សម្រាប់វិស័យសាធារណៈ ដែលឆ្លើយតបទាំងស្រុងទៅនឹងគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបានចាត់ទុកសកម្មភាពដ៏មានតម្លៃរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នាពេលនេះថា បាននឹងកំពុងចូលរួមដោយផ្ទាល់ ក្នុងការជួយជម្រុញ និងពង្រឹងដំណើរការបណ្តុះបណ្តាលក្នុងក្របខណ្ឌសាលាភូមិន្ទរដ្ឋបាលឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ទាក់ទងទៅនឹងការវិវឌ្ឍនៃកំណែទំរង់កងយោធពលខេមរភូមិន្ទ ។

       ថ្លែងនៅក្នុងបទបាឋកថានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពាជាតិ បានគូសបញ្ជាក់ថា កំណែទំរង់កងយោធពលខេមរភូមិន្ទ ជាមុំមួយនៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដែលទាមទារនូវកិច្ចដំណើរការអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបានទាំងស្រុងនូវសន្តិភាព ស្ថេរភាព សន្តិសុខ អធិបតេយ្យ បូរណភាពទឹកដី និងការអភិវឌ្ឍប្រទេសជាតិ ដោយផ្អែកលើគោលនយោបាយជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ព្រមជាមួយនោះកំណែទំរង់ និងការបន្តលើកកំពស់សមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ កំពុងត្រូវបានដំណើរការទៅតាមផែនការប្រកបដោយប្រសិទ្ធភាពក្នុងគោលបំណងសំរាប់ការអភិវឌ្ឍលើវិស័យសង្គមកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក៏បានលើកឡើងនូវប្រវត្តិនៃការកែទំរង់ កងយោធពលខេមរភូមិន្ទ ដោយបានបញ្ជាក់ថា កងកំលាំងប្រដាប់អាវុធកម្ពុជា មានដើមកំណើតពីកំលាំងប្រយុទ្ធដណ្ដើមឯករាជ្យពីបារាំង ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្ដេចព្រះមហាវីរៈក្សត្រ នរោត្តមសីហនុ បន្ទាប់មកមានរដ្ឋប្រហារ ១៨ មីនា ១៩៧០ និងឆ្នាំ១៩៧៥ បន្ទាប់ពី ប៉ុល ពត ឡើងកាន់អំណាច បានធ្វើឱ្យកងទ័ពក្លាយទៅជាសត្រូវជាមួយប្រជាជន និងសំលាប់គ្នាឯង ។ ការដួលរលំនៃរបប ប៉ុល ពត នាថ្ងៃទី៧ មករា ១៩៧៩ បានលេចចេញនូវកងទ័ពប្រជាជនបដិវត្តកម្ពុជា ដែលប្រកាន់យក ទស្សនៈ កងទ័ពគឺជារបស់ប្រជាជន ជាកូនចៅប្រជាជន និងជាអ្នកបំរើប្រជាជន ។ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងបន្ទាប់ពីមាននយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កងយោធពលខេមរភូមិន្ទ ត្រូវបានធ្វើសមាហរណកម្មកំលាំង ហើយបានធ្វើកំណែទំរង់ជាបន្តបន្ទាប់ទៅតាមដំណាក់កាលនីមួយៗផងដែរ ។

       ចំពោះទស្សនវិស័យនៃកំណែទំរង់ កងយោធពលខេមរភូមិន្ទ នាពេលខាងមុខ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពាជាតិបានលើកឡើងថា តួនាទីរបស់កងយោធពលខេមរភូមិន្ទ គឺត្រូវរក្សាឱ្យបាននូវ សុវត្ថិភាព សន្តិសុខជាតិ និងធ្វើឱ្យមានស្ថេរភាពក្នុងសង្គម ។ ហើយបានដាក់ចេញនូវយុទ្ធសាស្រ្តការពារជាតិក្នុងនោះរួមមាន កិច្ចការពារព្រំដែន កំណែទំរង់យោធា ការហ្វឹកហ្វឺនបណ្ដុះបណ្ដាល ប្រតិបត្តិការរក្សាសន្តិភាព ការប្រឆាំងភេរវកម្ម សន្តិសុខលំហសមុទ្រ ជំនួយមនុស្សធម៌ និងការឆ្លើយតបគ្រោះមហន្តរាយ កិច្ចសហប្រតិបត្តិការអន្តរជាតិ ការគ្រប់គ្រងធនធានធម្មជាតិ និងការចូលរួមចំណែកអភិវឌ្ឍន៍ជាតិ ។

       នៅក្នុងទស្សនវិស័យបន្ថែម ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបញ្ជាក់លើការកើតឡើងនូវសន្តិសុខ សមុទ្រ ត្រូវមានការប្រឈមនឹងការធ្វើទំនើបភាវូបនីយកម្ម ការដោះស្រាយគោលនយោបាយវ័យចូលនិវត្តន៍ ជំរុញ វិស័យសំភារៈបច្ចេកទេសយោធាដើម្បីបង្កើនសមត្ថភាពការពារជាតិ ការហ្វឹកហ្វឺនត្រូវស្របតាមបច្ចេកវិទ្យាទំនើប ជំរុញការធានាឱ្យបានខ្លាំងក្លា និងបន្តអនុវត្តលើការបញ្ជូនកំលាំងរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ៕