ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងពិធិជូនដំណើរកងអនុសេនាធំវិស្វកម្មសំណង់លេខ៩៤៥ ទៅចូលរួមបំពេញបេសកកម្មពហុខ្នាតរួមគ្នានៃអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល

        ដោយបានការឯកភាពជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា និងការយល់ព្រមរបស់អង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤នេះ នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង មានរៀបចំពិធីជូនដំណើរ កងអនុសេនាធំវិស្វកម្មសំណង់លេខ៩៤៥ ទៅចូលរួមបំពេញបេសកកម្មពហុខ្នាតរួមគ្នានៃអង្គការសហប្រជាជាតិ ដើម្បីស្ថេរនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ។

       ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា និងលោក Roger Carter មន្រ្តីសម្របសម្រួលការងារសន្តិសុខអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូត អនុព័ន្ធយោធាប្រចាំកម្ពុជា ពុក ម៉ែ បង ប្អូន កូន ក្មួយកងអនុសេនាធំវិស្វកម្មសំណង់លេខ៩៤៥ យ៉ាងច្រើនកុះករ ។

        នៅក្នុងរបាយការណ៍សង្ខេបរបស់ឯកឧត្តម ប្រាក់ សុខុន ប្រធានគណៈកម្មាធិការជាតិ បានរាយការណ៍ជូនអង្គ ពិធីជ្រាបថា កងអនុសេនាធំវិស្វកម្មសំណង់លេខ ៩៤៥ មានសមាជិកចំនួន ២១៦នាក់ ក្នុងនោះមាននារី ០៩នាក់ ហើយកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤កន្លងមក កម្លាំងនាំមុខចំនួន ២០នាក់របស់កងនេះ បានចេញដំណើរទៅដល់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ប្រកបដោយសុវត្ថិភាព ដើម្បីទៅរៀបចំការងារគ្រប់ផ្នែកសម្រាប់ទទួលកម្លាំងចេញ ដំណើរនាថ្ងៃនេះ ។

ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់បន្ថែមអំពីការងារត្រៀមរៀបចំគ្រប់ផ្នែកនូវ សម្ភារៈ ឧបករណ៍ មធ្យោបាយ និងការហ្វឹកហ្វឺនកម្លាំង ព្រមទាំងភារកិច្ចរបស់កងអនុសេនាធំវិស្វកម្មសំណង់លេខ ៩៤៥ ផងដែរ។ ការបញ្ជូនកម្លាំង នាពេលនេះ មានទ្រង់ទ្រាយធំជាងកងមុនៗ ព្រមទាំងមានការបំពាក់ដោយឧបករណ៍ មធ្យោបាយ សម្ភារៈជាច្រើន ស្របតាមនិយាមរបស់អង្គការសហប្រជាជាតិ ហើយត្រូវទទួលបេសកកម្មផ្នែកសាងសង់ សំណង់បញ្ឈរ សំណង់ផ្តេក និងជីកអណ្តូង ព្រមទាំងអន្តរាគមន៍លើការប្រឆាំងនឹងគ្រឿងផ្ទុះកែច្នៃ និងកំទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងករណីបេសកកម្មមានតម្រូវការជាក់ស្តែង ។

       នៅក្នុងឱកាសនោះផងដែរ លោក Roger Carter មន្រ្តីសម្របសម្រួលការងារសន្តិសុខរបស់អង្គការសហប្រជា ជាតិ ប្រចាំកម្ពុជា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា កងយោធពលខេមរភូមិន្ទ ដែលបានបរិច្ចាគកម្លាំងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពមនុស្សធម៌របស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ ២០០៦ ដល់ឆ្នាំ២០១៤នេះ មានចំនួន ២,៤៨១នាក់ ហើយបាននាំមកនូវកិត្តិយស និងកេរ្តិ៍ឈ្មោះជូនជាតិមាតុភូមិ សមស្របជាប្រទេសមួយដែលមានការប្តេជ្ញាយ៉ាងមុតមាំ ដើម្បីនាំមកនូវមិត្តភាព សន្តិសុខ និងសន្តិភាពលើឆាកអន្តរ ជាតិ ។

       ថ្លែងទៅកាន់អង្គពិធីទាំងមូលនាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ពិធីជូនដំណើរកងអនុសេនាធំវិស្វកម្មសំណង់លេខ ៩៤៥នាថ្ងៃនេះ គឺជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីមួយបន្ថែមទៀត លើសមិទ្ធផលនានា ដែលកងយោធពលខេមរភូមិន្ទសម្រេចបាន នាពេលកន្លងមក។ សមិទ្ធផលនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីឆន្ទៈដ៏មោះមុត របស់រាជរដ្ឋាភិបាលក្នុងការបន្តគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជា ឱកាសសម្រាប់កងយោធពលខេមរភូមិន្ទពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួន ដើម្បីចូលកិច្ចសហប្រតិបតិ្តជាមួយ មិត្តភក្រ្តជិតឆ្ងាយ ក្នុងការស្វែងរកសុខសន្តិភាព ភាពសុខដុមរមនា និងសុខមាលភាព ជូនប្រជាជននៃបណ្តាប្រទេស នានាផងដែរ ។

        ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបន្តទៀតថា អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេ ជោ នាយករដ្ឋមន្រ្តី និងដោយមានការគាំទ្រ ឧបត្ថម្ភ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័ន និងបណ្តាប្រទេសដៃ គូអភិវឌ្ឍន៍ និងដៃគូសន្តិសុខ នៅក្នុងរយៈពេល ០៨ឆ្នាំមកនេះ បានធ្វើឱ្យកងយោធពលខេមរភូមិន្ទ កសាងស្នាដៃជា ប្រវតិ្តសាស្រ្តជាច្រើន ជូនជាតិមាតុភូមិ តាមរយៈសមត្ថភាពប្រកបដោយវិជ្ជាជីវៈពិតប្រាកដ មានវិន័យ មានគុណធម៌ និងភាពអង់អាចក្លាហាន។ ជោគជ័យ និងសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ បានធ្វើឱ្យអង្គការសហប្រជាជាតិ លើកជាសំណូមពរមករាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ ដើម្បីស្នើសុំបញ្ជូនកម្លាំងបន្ថែមទៅចូលរួមបំពេញ បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដូចមានកងអនុសេនាធំវិស្វកម្មសំណង់លេខ ៩៤៥ នាថ្ងៃនេះ ជាសក្ខីភាពស្រាប់ ។

        សមិទ្ធផលដែលសម្រេចបាននាពេលកន្លងមកនេះ គឺជាស្នាដៃរបស់កងយោធពលខេមរភូមិន្ទ ដែលបានលះ បង់ខ្ពស់ ក្នុងការបំពេញបេសកកម្មរក្សាសន្តិភាព ដែលជាភារកិច្ចដ៏មានកិត្តិយសសម្រាប់ប្រជាជាតិកម្ពុជា ។ ការ សម្រេចជោគជ័យដ៏ធំធេងនេះ ក៏មិនអាចកាត់ផ្តាច់បានពីការចូលរួមគាំទ្រពីក្រសួង ស្ថាប័នជាតិ និងបណ្តាប្រទេសជា មិត្ត ដែលជានិច្ចកាលតែងតែជួយបង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្តដល់កងកម្លាំងរក្សាសន្តិភាពនៃកងយោធ ពលខេមរភូមិន្ទ ។ ស្របពេលជាមួយនេះ កងយោធពលខេមរភូមិន្ទ បាននឹងកំពុងពង្រឹងការបង្កើនទំនាក់ទំនងល្អ ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាមួយដៃគូសន្តិសុខ ដើម្បីលើកស្ទួយកិត្យានុភាពរបស់ខ្លួនក្នុងការចូល រួមចំណែកនូវកិច្ចខិតខំប្រឹងប្រែងពង្រឹងសន្តិសុខ និងសន្តិភាពក្នុង និងក្រៅតំបន់ ។

         បច្ចុប្បន្នកងយោធពលខេមរភូមិន្ទ បាននឹងកំពុងបន្តការអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ ដើម្បីត្រៀមកម្លាំង ដោះស្រាយនូរាល់គ្រប់សភាពការណ៍ដែលកើតឡើងជាយថាហេតុ មានជាអាទិ៍ គ្រោះមហន្តរាយធម្មជាតិ ដែលនឹង បង្កឱ្យខូចខាតទ្រព្យសម្បត្តិ ផលប្រយោជន៍ជាតិ និងប្រជាជន ដោយមិនអាចគិតទុកជាមុន ហើយតម្រូវឱ្យយើងត្រូវ មានការឆ្លើយតបក្នុងប្រតិបត្តិការឱ្យបានទាន់ពេលវេលា ។ ក្នុងនោះដែរ កងយោធពលខេមរភូមិន្ទ បានខិតខំប្រឹងប្រែងក្នុងការអនុវត្តកម្មវិធីកែទម្រង់នានាលើគ្រប់វិស័យ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល សម្រាប់បន្តពង្រឹង និងពង្រីកសមត្ថភាព ការធ្វើទំនើបកម្ម ការកសាងសំណាញ់សុវត្ថិភាព ដើម្បីបំពេញភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ចូលរួមក្នុងបេសកកម្មនានាប្រកបដោយ ជោគជ័យ និងទទួលបានផ្លែផ្កាបន្ថែមទៀត ។

         ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ផ្តាំផ្ញើជូន ដល់យោធិនគ្រប់រូបនៃកងអនុសេនាធំវិស្វកម្មសំណង់លេខ ៩៤៥ ដូចតទៅ ៖

        ១. ត្រូវប្រកាន់ខ្ជាប់ និងអនុវត្តន៍ឱ្យបានដាច់ខាតនូវអនុសាសន៍ ដែលជាបទបញ្ជា ០៤ចំណុច ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើង ក្នុងពិធីសំណេះសំណាល នៃការជូនដំណើរកងអនុសេនាធំលេខ ១៣៥ ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅប្រទេសស៊ូដង់ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៦ ដែលបានចងក្រងជាឯកសារសម្រាប់ចែកជូនគ្រប់គ្នា ។

       ២. ត្រូវយកចិត្តទុកដាក់អំពីរបៀបរបបរាយការណ៍ និងផ្តល់ព័ត៌មានជាប្រចាំទាន់ពេលវេលា អំពីភារកិច្ច និង ការប្រែប្រួលផ្សេងៗ ដើម្បីដោះស្រាយបានទាន់ពេលវេលាគ្រប់យថាហេតុ ។

       ៣. ត្រូវប្រតិបត្តិនូវបទបញ្ញត្តិច្បាប់នានាដែលបានរៀនសូត្រ ដូចជាច្បាប់អន្តរជាតិ ច្បាប់សង្រ្គាម ការប្រើប្រាស់អាវុធជាដើម ។

       ៤. មិនត្រូវធ្វើសកម្មភាព ឬអំពើអ្វីនាំឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ ទំនៀមទំលាប់ និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋ ក៏ដូចមជ្ឈដ្ឋាននានា នៃប្រទេសម្ចាស់ផ្ទះ ។

       ៥. ត្រូវរួបរួបគោរពស្រលាញ់គ្នា សាមគ្គីឯកភាពគ្នាជាធ្លុងមួយ ជានិច្ចកាលត្រូវចេះជួយគ្នាឱ្យសម្រេចបាន ភារកិច្ចរៀងៗខ្លួន និងភារកិច្ចរបស់ក្រុម ទន្ទឹមនឹងការមើលថែទាំគាំពារគ្នា ហើយត្រូវចងចាំជានិច្ចនូវសុភាសិតខ្មែរ យើងថា «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ» ។

       បន្ទាប់ពី ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ និងលោក Roger carter អ្នកសម្របសម្រួលការងារសន្តិសុខរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានប្រគល់ទង់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជា និងទង់អង្គការ សហប្រជាជាតិ រួចមក កងអនុសេនាធំវិស្វកម្មសំណង់លេខ ៩៤៥ ក៏បានធ្វើសច្ចាប្រណិធានក្នុងការបំពេញភារកិច្ចរក្សា សន្តិភាពនៃអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ផងដែរ ៕