ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ និងលោកជំទាវ ម៉ត សុគន្ធ ដង្ហែអង្គកឋិនទានទៅវត្តរតនារាម ស្ថិតក្នុងខែត្រកំពង់ស្ពឺ

           ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ និងលោកជំទាវ ម៉ត សុគន្ធ ព្រមទាំងក្រុមគ្រួសារ និងនាយទាហាន នាយទាហានរង និងពលទាហាននៃ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ ព្រះចៅអធិការ ព្រះសង្ឃ រួមទាំងពុទ្ធបរិស័ទចំណុះ ជើងវត្ត និងពុទ្ធបរិស័ទទាំងប្រាំបីទិស បានស្រុះស្រួល មូលមតិគ្នាជាឯកច្ឆន្ទផ្តួចផ្តើមធ្វើបុណ្យ កឋិនទាន មួយដើម្បីដង្ហែទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តរតនារាម ស្ថិតនៅភូមិព្រៃគោកត្រប់ ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីប្រមូលបានបច្ច័យ ទៅកសាងសមិទ្ធផលផ្សេងៗក្នុងទីអារាម ។

            កម្មពិធីបុណ្យនេះ បានប្រព្រឹត្តធ្វើនៅថ្ងៃទី៣កើត ខែកត្តិក ឆ្នាំមមី ឆស័ក ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤ ម៉ោង២រសៀល ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយដើម្បីធ្វើបទនមសការសមាទានសីលនិមន្តព្រះសង្ឃចំរើន ព្រះបរិត្ត និងសំដែងធម៌ទេសនា នៅអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស តំបន់K៨១ រាជធានីភ្នំពេញ ។ លុះព្រឹកឡើងថ្ងៃទី៤កើត ខែកត្តិក ឆ្នាំមមី ឆស័ក ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី២៦ ខែឆ្នាំដដែល វេលាម៉ោង៦ ជួបជុំពុទ្ធបរិស័ទ និងសហការីនៃអគ្គនាយកដ្ឋាន រៀបចំក្បួនដង្ហែអង្គកឋិនទានសាមគ្គីឆ្ពោះទៅកាន់វត្តរតនារាម ។ លុះដល់វេលាម៉ោង១១ និង៣០នាទីព្រឹក ឯកឧត្តម ណឹម សុវត្ថិ និងលោកជំទាវ រួមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ក៏បានដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារចំនួន៣ជុំដើម្បីវេប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ ។

           បើតាមលោកគ្រូអាចារ្យវត្ដម្នាក់បានបញ្ជាក់ថាបុណ្យកឋិនទានកាលពីសម័យព្រះពុទ្ធកាលមានតែស្បង់ចីវរដែលជាសម្លៀកបំពាក់ សម្រាប់ព្រះសង្ឃក្រាលគ្រងប៉ុណ្ណោះ ។ ដោយឡែក ក្នុងសម័យបច្ចុប្បន្ននេះ អង្គកឋិនទានមានការរីកចម្រើនទៅតាមសង្គមបានសេចក្ដីថា ជាតិនិងសាសនា បានផ្សាភ្ជាប់គ្នា គឺជាតិរីកចម្រើន ព្រះពុទ្ធសាសនាក៏រីកចម្រើនដែរ ពីព្រោះរដ្ឋធម្មនុញ្ញបានចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដូច្នេះបញ្ហាប្រារឰធ្វើបុណ្យទាននានាតាមរយៈពុទ្ធសាសនា នោះក៏តែងតែមានការវិវត្ដទៅនឹងការ រីកចម្រើនរបស់សង្គមផងដែរ ។

           ដោយឡែកនៅក្នុងអង្គកឋិនទាននេះដែរ បច្ច័យសង្កត់ត្រ័យបានចំនួន៤៥លាន ០៥សែនរៀល និងប្រាក់ដុល្លារមួយចំនួនទៀត រួមទាំងគ្រឿងបរិក្ខារផ្សេងៗត្រូវបានវេរប្រគេនដល់ព្រះចៅអធិការវត្តរតនារាម និងគណៈកម្មការវត្តតម្កល់ទុកសម្រាប់កសាងសមិទ្ធផលនានាជាបន្តទៀត និងសម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងទីអារាមផងដែរ៕