ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវាយតម្លៃសកម្មភាពការងាររយៈមួយឆ្នាំរបស់ កងយោធពលខេមរភូមិន្ទ ក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋា ភិបាលនីតិកាលទី៥នៃរដ្ឋសភា និងទិសដៅបន្ត

          នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ នៅសាលប្រជុំធំក្រសួងការពារជាតិ បានបើកកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃសកម្មភាពការងាររយៈពេល១ឆ្នាំរបស់កងយោធពលខេមរភូមិន្ទ ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នីតិកាលទី៥នៃរដ្ឋសភា និងទិសដៅបន្ត ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានវត្តមានផងដែរពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងអស់លោកជាមេបញ្ជាការ មេបញ្ជាការរងស្ថាប័ន កងឯកភាពនៃកងយោធពលខេមរភូមិន្ទ ជាច្រើនរូបទៀត ។

         ក្នុងរបាយការណ៍ត្រួតពិនិត្យ វាយតម្លៃសកម្មភាព ការងាររយៈពេល១ឆ្នាំរបស់កងយោធពលខេមរភូមិន្ទ ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា និងទិសដៅបន្ត ដែលអានដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បានឱ្យដឹងថា រយៈពេល១ឆ្នាំកន្លងមកកងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ជម្រុញ ពង្រឹងការអនុវត្តនូវតួនាទីភារកិច្ច ស្នូលយ៉ាងស្រួចស្រាលបំផុតនៃរដ្ឋសភា ដែលបានដាក់ចេញនៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង និងផ្អែកតាមលទ្ធផលកិច្ចប្រជុំបើកទូលាយក្នុងកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ ធ្វើជាត្រីវិស័យលើកកម្ពស់ការអនុវត្តភារកិច្ច ដោយសម្រេចបាននូវសមិទ្ធិផលការងារធំៗគួជាទីមោទនៈ ។ ទោះបីជានៅតាមព្រំដែនមានបញ្ហានិងភាពមិនប្រក្រតីមួយចំនួនកើតឡើង ដោយការរំលោភបំពាន តាមរូបភាពផ្សេងៗ ប៉ុន្តែកងយោធពលខេមរភូមិន្ទការពារបាននូវអធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបានគង់វង្ស ។ ជាកម្លាំងមិនអាចខ្វះបាន ដែលបានចូលរួមយ៉ាងសកម្មបំផុតនៅក្នុងការគ្រប់គ្រង់ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារស្ថិរភាពនយោបាយ ទប់ស្កាត់និងបង្រ្កាបសកម្មភាពល្មើសគ្រប់ប្រភេទ និងភាពអនាធិបតេយ្យផ្សេងៗ ។ ដោយបានកំណត់ឱ្យមានការហ្វឹកហ្វឺន បណ្តុះបណ្តាលនិងបំពាក់បំប៉នជំនាញផ្សេងៗជាប្រចាំទាំងនៅតាមសាលា និងកងឯកភាព និងមួយចំនួនបានបញ្ជូនទៅសិក្សានៅក្រៅប្រទេស ជាពិសេសកសាងយោធាចារ្យ និងនាយទាហានវ័យក្មេងដែលជ្រើស ចេញពីនិស្សិត សិស្ស ។ អនុវត្តន៍វិធានការគ្រប់គ្រង ថែរក្សា ជួសជុល និងការធានាគ្រឿងបន្លាស់សម្ភារៈ បច្ចេកទេសគ្រប់ប្រភេទ ត្រូវបានធ្វើឡើងជាប្រចាំនៅទូទាំងកងយោធពលខេមរភូមិន្ទ ។ ក្រៅពីការបំពេញភារកិច្ចស្នូលកងយោធពលខេមរភូមិន្ទ គឺជាកម្លាំងនាំមុខដែលបានចូលរួមនៅក្នុងការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ ស្ពាន លូ សំណង់ផ្សេងៗ និងការងារបោសសំអាតគ្រាប់មីននៅទូទាំងប្រទេស ជាពិសេសនោះ បច្ចុប្បន្នកងទ័ពមានកន្លែង ស្នាក់នៅល្អសមរម្យ និងមានសំណង់ប្រភេទរឹងមាំជាច្រើនរីកដុះដាលនៅតាមបណ្តាកងឯកភាព ។ ដោយមានសំណូមពរពីអង្គការសហប្រជាជាតិ ប្រមុខរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រសួងការពារជាតិ បញ្ជូនកម្លាំងនៃកងយោធពលខេមរភូមិន្ទ ទៅចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាបន្តបន្ទាប់ ។ នៅក្នុងអាណត្តិបេសកកម្ម កងយោធពលខេមរភូមិន្ទ ជានិច្ចកាលទទួលបាននូវការកោតសរសើរពីមន្ត្រីអង្គការសហប្រជាជាតិ និងបណ្តាប្រទេសនានា ធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កងយោធពលខេមរភូមិន្ទ ត្រូវបានល្បីរន្ទឺពាសពេញពិភពលោក ។ បច្ចុប្បន្នកម្លាំងកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញបេសកកម្មមានចំនួន ៦៦៣នាក់ នៅប្រទេសម៉ាលី លីបង់ ស៊ូដង់ខាងត្បូង ស៊ូដង់ និងអាហ្វ្រិកកណ្តាល ។

          មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្តែងនូវកាកោតសរសើរចំពោះ នាយទាហាន ពលទាហានរង បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ដែលកន្លងមកនេះបានខិតខំ ប្រឹងប្រែងពុះពារជំនះនូវរាល់ឧបសគ្គសម្រចបាននូវស្នាដៃដ៏ត្រចះត្រចង់ជាច្រើន នៅក្នុងកិច្ចការការពារជាតិមាតុភូមិ អធិបតេយ្យភាព បូរណៈភាពទឹកដី ការកសាងអភិវឌ្ឍន៍ជាតិ ការចូលរួមការរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងនាំមកនូវសេចក្តីសុខសាន្តជូនប្រជាជន ។

          ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា កងយោធពលខេមរភូមិន្ទ ក្រៅពីការបំពេញភារកិច្ចស្នូល ការពារអធិបតេយ្យភាព និងបូរណៈភាពទឹកដី ត្រូវធ្វើយ៉ាងណាឱ្យមានជំនឿទុកចិត្តពីប្រជាពលរដ្ឋ និងបង្កើនការគាំទ្រពីប្រជាពលរដ្ឋមកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយឥតងាករេនៅក្នុងស្ថានភាពប្រទេសជាតិប្រកាន់ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។ បច្ចុប្បន្នមានបញ្ហាប្រឈមជាច្រើនដែលត្រូវបន្តធ្វើការកែទម្រង់ទៅមុខទៀត ហើយការកែទម្រង់គ្រប់ជ្រុងជ្រោយ ត្រូវបានអនុវត្តន៍នៅគ្រប់ស្ថាប័នរដ្ឋទាំងអស់មិនថានៅតែក្នុងកងយោធពលខេមរភូមិន្ទ តែមួយនោះទេ ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបញ្ជាក់ថាកងយោធពលខេមរភូមិន្ទ មិនមែនជាស្ថាប័នដែលរកចំណូលចូលរដ្ឋនោះទេ តែជាកម្លាំងគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល និងរក្សាសន្តិសុខសន្តិភាពប្រទេសជាតិ និងការពារដល់ការអនុវត្តច្បាប់ ។

          ក្នុងឱកាសនោះ ក៏មានកិច្ចពិភាក្សាវេទិកាសាធារណៈផ្ទៃក្នុងកងយោធពលខេមរភូមិន្ទ ក្នុងនោះបានលើកឡើងពីបញ្ហាប្រឈមនានាមួយចំនួន និងចំណុចសេសសល់កន្លងមកនៅក្នុងកងយោធពលខេមរភូមិន្ទ ដើម្បីឆ្លុះបញ្ចាំងបន្តអនុវត្តភារកិច្ចរបស់ខ្លួនតាមទិសដៅការងារខាងមុខ ៕