ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញជាអធិបតី ក្នុងពិធីមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ៦១ ថ្ងៃកំណើត កងយោធពលខេរភូមិន្ទ ០៩ វិច្ឆិកា ១៩៥៣ - ០៩ វិច្ចិកា ២០១៤

         នៅពីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលប្រជុំក្រសួងការពារជាតិ បានប្រារព្វពិធីមិទ្ទីញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦១ ទិវាកំណើតកងយោធពលខេរភូមិន្ទ០៩ វិច្ឆិកា ១៩៥៣ - ០៩ វិច្ឆិកា ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ។ នៅក្នុងពិធីនេះដែរក៏មានការចូលរួមដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ, អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង គ្រប់ប្រភេទទ័ព ព្រមទាំងនាយទាហាន នាយទាហានរង តាម បណ្តាភូមិភាគ និងមន្រ្តីមកពីក្រសួង ស្ថាប័នពាក់ព័ន្ធប្រមាណជិត៣០០នាក់ ។

         ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេរភូមិន្ទ បានលើកឡើងនិងឧទ្ទិសទិវាប្រវត្ដិសាស្ដ្រថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ដើម្បីរំលឹកឡើងវិញនូវប្រពៃណីដ៏ល្អផូរផងពីគំរូវីរភាពដ៏អង់អាចក្លាហាន និងស្មារតីពលិកម្មដ៏ធំធេងរបស់យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋជំនាន់មុនក្នុងបុឰហេតុតស៊ូប្រឆាំងសត្រូវឈ្លានពាន ដណ្ដើមបានឯករាជ្យជូនមាតុភូមិ ព្រមទាំងស្មាដៃរួមចំណែក កសាងអភិវឌ្ឍន៍ប្រទេស គ្រប់ដំណាក់កាលនៃប្រវត្ដិសាស្ដ្រសង្គម ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានរំឮកឡើងវិញពីប្រវត្តិនៃការកកើតឡើងរបស់កងយោធពលខេមរភូមិន្ទ ដែលរហូតមកទល់ពេលបច្ចុប្បន្ននេះ មានអាយុកាល៦១ ឆ្នាំ (០៩ វិច្ឆិកា ១៩៥៣ - ០៩ វិច្ឆិកា ២០១៤) ដោយសម្រេចបានជោគជ័យជាបន្តបន្ទាប់ក្នុងកាតព្វកិច្ចការពារ កសាង និងអភិវឌ្ឍន៍មាតុភូមិគួរជាទីមោទនភាពក្រៃលែង ។ ព្រឹត្ដិការណ៍ដ៏ឧត្ដុង្គឧត្ដមនៃមហាមិទ្ទិញ អបអរសាទរខួបលើកទី៦១ទិវាកំណើតកងយោធពលខេរភូមិន្ទដ៏វិសេសវិសាលឆ្នាំនេះ ពិតជាបានបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅធំធេងដែលកងយោធពលខេមរភូមិន្ទ បាននឹងកំពុងប្ដេជ្ញាចិត្ដអនុវត្ដឱ្យបានជោគជ័យធំធេងជាបន្ដបន្ទាប់ ដែលសម្រេចបានក្នុងរយៈពេល៤ឆ្នាំកន្លងមក ក្នុងផែនការកែទម្រង់កងយោធពលខេរភូមិន្ទ ៥ឆ្នាំកន្លងទៅនៃដំណាក់កាលទី៣ ២០១០-២០១៥ ស្របពេលដែលប្រជាជាតិទាំងមូលរីករាយស្វាគមន៍បុណ្យប្រពៃណីជាតិអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ។

          ថ្លែងនៅក្នុងអង្គមិទ្ទីញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦១ ទិវាកំណើតកងយោធពលខេមរភូមិន្ទ ០៩ វិច្ឆិកា ១៩៥៣ - ០៩ វិច្ឆិកា ២០១៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានរំលឹក និងឧទ្ទិសនូវទិវាដ៏មានអត្ថន័យជាប្រវត្ដិសាស្ដ្រ ក្នុងនាមរាជរដ្ឋាភិបាល ប្រជាពលរដ្ឋកម្ពុជា និងកងយោធពលខេមរភូមិន្ទទាំងមូល សូមសម្ដែងកត្ដញ្ញូតាធម៌ និងក្ដីអាឡោះអាល័យក្រៃលែង ចំពោះព្រះអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរដែលព្រះអង្គទ្រង់យាងចូលទិវង្គត់ មកដល់ពេលនេះមានរយៈពេល២ឆ្នាំមកហើយ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបន្តថា ដោយឡែកការប្រារព្ធទិវាជាប្រវត្តិសាស្ត្រ នៃថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ នាពេលនេះ គឺដើម្បីសំដែងនូវមនោសញ្ចេតនា សោមនស្សរីករាយ អបអរសាទរ និងគោរពដឹងគុណប្រកបដោយមោទនភាពរបស់ប្រជាជាតិខ្មែរយើង នៅក្នុងកម្លាំងមហាសាមគ្គីជាតិទាំងមូល ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាឧត្តុង្គឧត្តម នៃព្រះបរមរតនកោដ្ឋ ក្នុងការទាមទារឯករាជ្យ ពីពួកអាណានិគមនិយមបារាំង នាខែវិច្ឆិកា ឆ្នាំ១៩៥៣ និងនៅក្នុងដំណាក់កាលក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា ព្រមទាំងស្មារតីគោរពដឹងគុណដ៏ជ្រាលជ្រៅ ចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលបានលះបង់កូនចៅ ប្តីសី និងសាច់ញាតិជាទីស្រលាញ់របស់ខ្លួនឱ្យចូលបម្រើក្នុងជួរកងទ័ព ដើម្បីការពារមាតុភូមិនៅគ្រប់ជំនាន់ និងសូមផ្តាំផ្ញើការសាកសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាគោរពស្រលាញ់ ដឹងគុណនិងនឹករលឹកចំពោះវីរកងកម្លាំងប្រដាប់អាវុធ យុទ្ធជន យុទ្ធនារីនៃកងយោធពលខេមរភូមិន្ទយើង ដែលបានប្រយុទ្ធធ្វើពលិកម្ម ប្រកបដោយវីរភាព ដ៏ឧត្តុង្គឧត្តមបំផុត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិនៅគ្រប់ជំនាន់ ។

            ក្នុងឱកាសរំលឹក ខួបលើកទី៦១នេះ ដែរ ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ បាញ់ ក៏បានក្រើនរំលឹកដល់នាយទាហាន មេបញ្ជាការគ្រប់កងឯកភាពត្រូវយកចិត្ដ ទុកដាក់ថែរក្សាឱ្យបានគង់វង្ស ស្ថិតស្ថេរ នូវសមិទ្ធផលដែលយើងសម្រេចបាន នាពេលនេះ ។ ការរីកចម្រើនរបស់សង្គមនីមួយៗវាតែងតែមានការមិនស្កប់ស្កល់ របស់មនុស្សមួយចំនួនជាមួយនឹងហិច្ចតា ហើយតែងប្រៀបធៀបប្រទេសមួយចំនួន ឬស្រុកខ្លះថាអ៊‌ីចេះអ៊‌ីចុះជាដើម ។ ត្រូវពង្រឹងទស្សនៈរបស់យើងឱ្យបានរឹងមាំ ធ្វើអ្វីៗទៅតាមបែបបទនៃការវិវត្ដរបស់សង្គម ពិសេសត្រូវថ្លឹងថ្លែងពីជីវភាពរស់នៅរបស់មនុស្សក្នុងសង្គម ។ កងយោធពលខេមរភូមិន្ទ បានតស៊ូជម្នះរាល់ឧបសគ្គជាច្រើនអស់រយៈពេលជាច្រើនទសវត្សន៍មកហើយ ទំរាំបានសុខសន្តិភាព និងមានការអភិវឌ្ឍ រហូតដល់បច្ចុប្បន្ននេះ ហើយក្រសួងការពារជាតិ ប្រឆាំងដាច់ខាតចំពោះបុគ្គល ដែលចង់ផ្តួលរលំរាជរដ្ឋាភិបាល និងធ្វើឱ្យសង្គមវិលទៅក្រោយវិញនោះ។

            គួរំលឹកផងដែរថា ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ កម្ពុជាបានធ្លាក់ក្នុងសង្គ្រាមផ្ទៃក្នុងរាំរ៉ៃ មាតុភូមិទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមកាន់អំណាច បានកំទេចដល់ឬសគល់ហេដ្ឋារចនាសម្ព័ន្ធសង្គម អាយុជីវិត ទ្រព្យសម្បត្តិ ក្នុងនោះកងយោធពលខេមរភូមិន្ទ ក៏ត្រូវបានបាត់បង់សក្ខណៈសម្បត្តិ អត្តចរិក និងឈ្មោះជាកងយោធពលខេមរភូមិន្ទ ចាប់ពីពេលនោះមក ។ ចាប់ពីខែឧសភា ឆ្នាំ១៩៩៣ គឺជាដំណាក់កាលនៃការកសាងកងយោធពលខេរភូមិន្ទឡើងវិញ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅពេលនោះកងយោធពលខេមរភូមិន្ទត្រូវបានដំណើរការកសាងឡើងវិញ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ១៩៩៣ ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កងយោធពលខេមរភូមិន្ទ បានបំពេញតួនាទីរបស់ខ្លួនជាកងកម្លាំងអព្យាក្រិត្យ ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសអនុវត្តន៍ គោលនយោបាយ ឈ្នះ=ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅចម្បង ដើម្បីបញ្ចប់ការបង្ហូរឈាមគ្នា ធ្វើការបង្រួបបង្រួមស្វែងរកសន្តិភាពពេញបរិបូរណ៍ ជូនប្រទេសជាតិ ។ ដោយឡែកលើការកែទម្រង់កងយោធពលខេរភូមិន្ទ ពុះពារអនុវត្តទទួលបានលទ្ធផលយ៉ាងល្អប្រសើរគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងការកែទម្រង់អំពីបរិមាណ ការកាត់រំសាយកងទ័ព ការកែទម្រង់រចនាសម្ព័ន្ធក្បាលអង្គភាព ស្ថាប័ន ។ល។ ទន្ទឹមនោះដែរការកែទម្រង់ អំពីផ្នែកគុណភាពកងយោធពលខេរភូមិន្ទ ក៏បានពង្រឹង និងពង្រីកប្រព័ន្ធការងារហ្វឹកហ្វឺន តាមរូបភាពបង្កើនសាលាហ្វឹកហ្វឺន វិទ្យាស្ថាន សកលវិទ្យាល័យគ្រប់ជំនាញតាមលំដាប់ថ្នាក់ ចាត់បញ្ជូននាយទាហាន ពលទាហាន ឱ្យទៅហ្វឹកហ្វឺនរៀនសូត្របំប៉ន បណ្តុះបណ្តាលអំពីជំនាញ បច្ចេកទេសវិទ្យាសាស្រ្ត យុទ្ធវិធី បច្ចេកវិជ្ជា និងព័ត៌មានវិទ្យា ទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្កើនសមត្ថភាព ក្នុងការសម្រេចភារកិច្ចស្នូលប្រកបដោយប្រសិទ្ធភាព និងធ្វើសមាហរណកម្មកងយោធពលខេមរភូមិន្ទ ក្នុងសហគមន៍តំបន់ និងពិភពលោក ។

           ដោយឡែកនៅក្នុងបរិបទនៃដំណើរវិវត្តន៍សភាពការណ៍សំខាន់ៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញឱ្យឃើញថា កម្ពុជាបានឆ្លងកាត់ដំណាក់កាលប្រែប្រួលយ៉ាងឆាប់រហ័ស ទាំងក្នុងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ចសង្គម ទំនាក់ទំនងផ្លូវច្បាប់អន្តរជាតិ និងការទូត ដែលបាននឹងកំពុងបោះជំហានយ៉ាងខ្លាំងក្លា ។ ជាមួយគ្នានេះ ភារកិច្ចជាអាទិភាពរបស់កងយោធពលខេរភូមិន្ទយើង គឺការកសាង និងពង្រឹងខឿនការពារជាតិ ការពារ អធិបតេយ្យភាព បូរណភាពទឹកដីដ៏បរវរុងរឿងមិនឱ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រឡើយ ។ ដោយឡែក បណ្តាប្រទេសក្នុងតំបន់អាស៊ាន ក៏កំពុងបង្កើនប្រសិទ្ធភាព និងកិច្ចសហប្រតិបត្តិទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និង ពហុភាគី ដើម្បីដំណើរការកសាងសហគមន៍អាស៊ាន នៅឆ្នាំ២០១៥ ខាងមុខ ។ រីឯ សភាពការណ៍ជាតិវិញ ឃើញថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យយ៉ាងធំធេងជាអាទិ៍ៈ ការថែរក្សានិងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមទូទាំងប្រទេស ធានាបាននូវភាពអនុគ្រោះជាមូលដ្ឋាន ដើម្បីបន្តជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការកែលម្អជីវភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព កំពុងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងការគាំទ្រចូលរួមយ៉ាងសកម្មពីប្រជាជន និងពីគ្រប់មជ្ឈដ្ឋាន រួមចំណែកយ៉ាងច្រើន ដល់ការកាត់បន្ថយបទល្មើសនានា ធានាសន្តិសុខមូលដ្ឋានបានល្អប្រសើរ ។ ទទឹមនឹងនេះ យើងបានត្រៀមលក្ខណៈ និងចូលរួមយ៉ាងសកម្ម ក្នុងការកសាងហេដ្ឋារចនា សម័្ពន្ធផ្លូវថ្នល់ បោសសំអាតមីន ព្រមទាំងបានចូលរួមសកម្មភាព ជាលក្ខណៈអន្តរជាតិនានានៅក្នុងលំហាត់ហ្វឹកហ្វឺន ក៏ដូចជាការធ្វើសមយុទ្ធនៅលើទីលានភូមិសាស្រ្តទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់ផ្នែកមនុស្សធម៌ និងការថែរក្សាសន្តិភាពជាមួយបណ្តាប្រទេសក្នុងតំបន់ និងប្រទេសជាដៃគូនៅលើសកលលោក ។ លើសពីនេះទៀត ការចូលរួមនៅក្នុងបេសកកម្មកងកម្លាំងរក្សាសន្តិភាពក្របខ័ណ្ឌអង្គការសហប្រជាជាតិ បានលើកកម្ពស់មុខមាត់របស់ប្រទេសជាតិ ក៏ដូចជាកិត្យានុភាព និងសេចក្តីថ្លៃថ្នូរ របស់កងយោធពលខេរភូមិន្ទនៅលើឆាកអន្តរជាតិ ព្រមទាំងធ្វើឱ្យកម្លាំងរបស់យើងកាន់តែមានបទពិសោធន៍ល្អៗ ក្នុងការជួយសង្គ្រោះផ្នែកមនុស្សធម៌អន្តរជាតិ ដោយទទួលបាននូវការកោតសរសើរ និងវាយតម្លៃខ្ពស់ពីសំណាក់អន្តរជាតិនានា ជាពិសេសលើផ្នែកវិស្វកម្ម ការបោសសំអាតគ្រាប់មីន និងកាកសំណល់សង្គ្រាម នៅប្រទេសស៊ូដង់ លីបង់ ប្រទេសឆាត និងអាហ្វ្រិកកណ្តាល នាពេលកន្លងមក ។

            ឆ្លៀតក្នុងឱកាសនេះ ដើម្បីចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៦១ ទិវា កំណើតកងយោធពលខេរភូមិន្ទ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ ជំនួសមុខឱ្យអគ្គបញ្ជាការ នៃកងយោធេពលខេរភូមិន្ទ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានធ្វើការផ្តាំផ្ញើ និងផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដើម្បីពិនិត្យឡើងវិញ និងបន្តអនុវត្តភារកិច្ច ចំពោះមុខរបស់កងយោធពលខេរភូមិន្ទ ដូចតទៅ៖

១-បន្តគាំទ្រ និងចូលរួមអនុវត្ត នូវគោលដៅជាអាទិភាពនៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជ រដ្ឋាភិបាល ជាពិសេសការធានាសន្តិភាព ស្ថិរភាព សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ សំដៅការពារជីវភាពរស់នៅដ៏សុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ ។

           ២-បន្តកសាង និងពង្រឹងខឿនការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដីនៅគ្រប់កាលៈទេសៈ ។ ពង្រឹងយន្តការប្រមូលផ្តុំគ្រប់គ្រងព័ត៌មាន និងចាត់ វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលានូវរាល់បទល្មើស ភាពអនាធិបតេយ្យផ្សេងៗ រួមមាន៖ អំពើឃាតកម្ម ប្លន់ប្រដាប់អាវុធ បទល្មើសព្រៃឈើ ជលផល ជួញដូរគ្រឿងញៀន អំពើជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ ។ល។

          ៣-ត្រូវបន្តយកចិត្តទុកដាក់ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារពង្រឹងស្ថិរភាព នយោបាយសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រួមចំណែកកសាងភូមិ-ឃុំមានសុវត្ថិភាព ។

          ៤-ត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានល្អប្រសើរថែមទៀត លើការកែទម្រង់កងយោធពលខេរភូមិន្ទ ជាអាទិ៍ៈ ការលើកកម្ពស់ការហ្វឹកហ្វឺន បណ្តុះបណ្តាលវិជ្ជាជីវៈ យុទ្ធវិធី ប្រយុទ្ធ និងជំនាញបច្ចេកទេស ឯកទេសរបស់កងទ័ពទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បន្តយកចិត្តទុកដាក់លើការងារ ធានាផ្គត់ផ្គង់ សម្ភារៈយោធបរិក្ខា ក៏ដូចជាមធ្យោបាយសម្ភារៈ សម្រាប់បម្រើឱ្យការងារប្រយុទ្ធ ត្រៀមប្រយុទ្ធ ធានាការផ្គត់ផ្គង់ស្បៀងអាហារ ក៏ដូចជាការថែ ទាំសុខភាពរបស់កងទ័ពឱ្យកាន់តែប្រសើរឡើង អនុវត្តការងារដោះស្រាយគោលនយោបាយ ចំពោះកងទ័ព រួមមានយោធិនពិការ គ្រួសារយោធិនពលី មរណៈ ចូលនិវត្តន៍ ចូលបាត់បង់ សមត្ថភាពការងារ ព្រមទាំងការផ្តល់សម្បទានដីសង្គមកិច្ចផងដែរ ។ បន្តចូលរួមជាមួយរាជ រដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ អភិបាលកិច្ចល្អ ជាពិសេសក្នុងការប្រយុទ្ធ ប្រឆាំងអំពើពុករលួយ ។

          ៥-ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយអនុវត្តខ្ជាប់ខ្លួនតាម គោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយបណ្តាកងទ័ពជាមិត្តជិតឆ្ងាយ លើសកលលោក និងក្នុងតំបន់ ជាពិសេសជាមួយកងទ័ពនៃបណ្តាប្រទេសជាមិត្តជិតខាង ដែលមានព្រំដែនជាប់ជាមួយនឹងកម្ពុជា ។

         ៦-បន្តលើកកម្ពស់យកចិត្តទុកដាក់ដល់ការបំពេញតួនាទី ភារកិច្ចរបស់ កងយោធពលខេរភូមិន្ទ នៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ខិតខំបណ្តុះបណ្តាល ធនធានកងកម្លាំងរបស់យើងសម្រាប់ចេញទៅបំពេញភារកិច្ចនៅក្រៅប្រទេស ជាពិសេសនៅ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីទាញយកបទពិសោធន៍ល្អៗ សម្រាប់អភិវឌ្ឍន៍ ក៏ដូច ជាការធ្វើសមាហរណកម្ម កងយោធពលខេរភូមិន្ទនៅក្នុងតំបន់អាស៊ាន និងនៅលើសកលលោក ។

         ក្នុងឱកាសប្រារព្ធពីធីមិទ្ទិញនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក៏បានបំពាក់នូវគ្រឿងឥស្សរិយយស ជូនដល់នាយទាហានជាន់ខ្ពស់ជាច្រើនរូប ដែលមានគុណបំណាច់ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ ផងដែរ៕