ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងវាយតម្លៃការប្រុងប្រៀបសម្រាប់កិច្ចប្រជុំអាស៊ានផ្នែកយោធា ឆ្នាំ២០១៥

         នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ នៅទីស្តីការក្រសួងការពារជាតិ មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការប្រុងប្រៀបសម្រាប់កិច្ចប្រជុំអាស៊ានផ្នែកយោធាឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សា, នាយកខុទ្ទកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ ដោយមានការចូលរួមពី ឯកឧត្តម អស់លោកជានាយទាហាន នាយទាហានរងនៃក្រសួងការពារជាតិ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ កងទ័ពជើងគោក ជើងទឹក ជើងអាកាស កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងភេរវកម្ម ទីបញ្ជាការកងអង្គរក្ស មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ផ្នែកសុខាភិបាលយោធា រួមទាំងមន្រ្តីពាក់ព័ន្ធ ដែលមានភារកិច្ចទទួលបន្ទុកកិច្ចប្រជុំអាស៊ានផ្នែកយោធា មួយចំនួនទៀត ។

          នៅក្នុងរបាយការណ៍សង្ខេបរបស់ លោកឧត្ដមសេនីយ៍ទោ ឡៃ ចិន្ដា នាយក នាយកដ្ឋានកិច្ចការអាស៊ាននៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ បានបញ្ជាក់ជូនអង្គពិធីអំពីកិច្ចប្រជុំអាស៊ានយោធា វេទិកាតំបន់អាស៊ាន តារាងសកម្មភាពកិច្ចប្រជុំអាស៊ានយោធាឆ្នាំ២០១៤ និងលទ្ធផលនៃសកម្មភាពក្នុងកិច្ចប្រជុំក្រុមការងារជំនាញ (EWGs) ទាំង៦វិស័យ រួមមាន៖ សន្តិសុខលម្ហសមុទ្រ ប្រឆាំងភេរវកម្ម សង្គ្រោះគ្រោះមហន្តរាយ ប្រតិបត្តិការរក្សាសន្តិភាព វេជ្ជសាស្រ្តយោធា និងបញ្ហាព្រំដែន និងទិសដៅអនុវត្តបន្តសម្រាប់កិច្ចប្រជុំអាស៊ានយោធាក្នុងឆ្នាំ២០១៥ ។ គួរបញ្ជាក់ថា នៅឆ្នាំ២០១៥ខាងមុខនេះ កម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានយោធា មួយ ចំនួន រួមមាន៖ កិច្ចប្រជុំកងទ័ពអាកាសអាស៊ានលើកទី១២ កិច្ចប្រជុំក្រុមការងារជំនាញ ស្តីពីប្រតិបត្តិការរក្សាសន្តភាព កិច្ចប្រជុំបណ្តាញមន្រ្តីរក្សាសន្តិភាពអាស៊ានលើកទី៣ និងកិច្ចប្រជុំមួយចំនួនទៀតផងនោះដែរ ។

          នៅក្នុងឱកាសនេះដែរ លោកវរៈសេនីយ៍ទោ សឹង្ហ រក្សា នាយរងមជ្ឈមណ្ឌលស្រាវជ្រាវចងក្រងឯកសារ នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស ក៏បានធ្វើបទបង្ហាញស្តីពីការងារប្រុងប្រៀបរៀបចំកិច្ចប្រជុំកងទ័ពជើងអាកាសអាស៊ាន លើកទី១២ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុង ឆ្នាំ២០១៥ ខាងមុខនេះ ។

          ក្នុងនោះដែរ អង្គប្រជុំក៏បានពិភាក្សាគ្នាទៅលើផែនការសកម្មភាព គុណភាព និងធនធានមនុស្ស ក៏ដូចជាខ្លឹមសារឯកសារ និងបទឧទ្ទេសនាមរបស់មន្ដ្រីជំនាញ ដែលត្រូវចូលរួមក្នុងកិច្ចប្រជុំអាស៊ានយោធា វេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្នែកយោធានៅឆ្នាំ២០១៥ រួមនឹងការងារធានាផ្សេងទៀតផងដែរ ។

          ថ្លែងនៅក្នុងអង្គពិធីនេះដែរ ឯកឧត្តម នាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ បានវាយតម្លៃខ្ពស់ចំពោះមន្ដ្រីជំនាញយោធានៃកងយោធពលខេមរភូមិន្ទ ដែលកន្លងមកបានរួមចំណែកយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះការបំពេញតួនាទីភារកិច្ចក្នុងកិច្ចការអាស៊ានផ្នែកយោធា ។ ឯកឧត្តម ណឹម សុវត្ថិ ក៏បានរំលឹកឡើងវិញផងដែរ អំពីជោគជ័យជាប្រវត្តិសាស្រ្ត ដែលកម្ពុជាក្នុងឋានៈជាម្ចាស់ផ្ទះ និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១២ កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានលើកទី៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា ឆ្នាំ២០១២ បានបង្ហាញពីសមត្ថភាព និងបទពិសោធន៍ នៃកងយោធពលខេមរភូមិន្ទដែលបាននាំមកនូវកិត្តិយស កេរ្តិ៍ឈ្មោះរបស់កងយោធពលខេមរភូមិន្ទ និយាយដោយឡែក និងនិយាយជារួមចំពោះព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ។ ទន្ទឹមនេះដែរ ឯកឧត្តម ណឹម សុវត្ថិ ក៏បានលើកពីព្រឹត្តិការណ៍ ជាតិ-អន្តរជាតិសំខាន់ៗ ដែលកំពុងតែមានការវិវត្តន៍ប្រែប្រួលឥតឈប់ឈរ ដូច្នេះយើងត្រូវខិតខំសិក្សា ស្រាវជ្រាវដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗសម្រាប់ការរួមចំណែកកសាងអភិវឌ្ឍន៍អង្គភាព និងប្រទេសជាតិទាំងមូល ។

          ឯកឧត្តម ណឹម សុវត្ថិ ក៏បានបញ្ជាក់ផងដែរ អំពីការបណ្តុះបណ្តាលធនធានមនុស្សនៃកងយោធពលខេមរភូមិន្ទ ជាពិសេសនាយទាហានវ័យក្មេងដែលមានសមត្ថភាពខ្ពស់ក្នុងការបំពេញការងារទូទាំងកងយោធពលខេមរភូមិន្ទ ស្រប ពេលដែលសមាហរណកម្មអាស៊ានឆ្នាំ២០១៥ នឹងកាន់តែខិតឈានចូលមកដល់ ។

         ជាថ្មីម្តងទៀត ឯកឧត្តម ណឹម សុវត្ថិ ក៏បានផ្តល់អនុសាសន៍បន្ថែមមួយចំនួនដល់មន្ដ្រីយោធាជំនាញដែលធ្វើការងារអាស៊ានផ្នែកយោធាទាំងអស់ត្រូវបន្តយកចិត្ដទុកដាក់បន្ថែមទៀត ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្ដិការយោធាជាមួយដៃគូបរទេស និងកិច្ចការងារអាស៊ានយោធាកាន់តែទូលំទូលាយ និងទទួលបានជោគជ័យថ្មីៗជាបន្តបន្ទាប់ទៀត ជូនកងយោធពលខេមរភូមិន្ទ និងប្រទេសជាតិ ៕