ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការ (ADMM – Retreat) នៅ ទីក្រុង Bagan សាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា ១៨ ដល់ ១៩ វិឆ្ឆិកា ២០១៤

           ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានដឹកនាំគណៈប្រតិភូមន្រ្តីយោធាជាន់ខ្ពស់កម្ពុជាវិលត្រឡប់មកដល់មាតុប្រទេសដោយសុវត្ថិភាពវិញហើយ កាលពីវេលាម៉ោងជាង០៧យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បន្ទាប់ពីបានអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីការពារជាតិអាស៊ានក្រៅផ្លូវការ (ADMM-Retreat) ដែលបានធ្វើឡើងនៅទីក្រុង Bagan សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ។ អញ្ជើញអមតំណើរឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៅចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានក្រៅផ្លូវការ (ADMM-Retreat) នោះដែរ មាន ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ព្រមទាំងមន្រ្តីយោធាមួយចំនួនទៀត ។

         បន្ទាប់ពីបានអញ្ជើញទៅដល់ ទីក្រុង Bagan នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវេលាល្ងាចថ្ងៃទី១៨ ខែ វិច្ឆិកា រួចមក នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំង គណៈប្រតិភូ ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក្រៅផ្លូវការ ដែលបានប្រព្រឹត្តនៅសណ្ឋាគារ អូ រុំ ផា លេស រី សត ក្នុងទីក្រុង Bagan នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។ សូមបញ្ជាក់ថា មុននឹងចាប់ផ្តើមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅ ផ្លូវការ នាឱកាសនោះ កិច្ចប្រជុំក៏បានរៀបចំកម្មវិធីចុះហត្ថលេខាលើសេចក្តីថ្លែង ការណ៍រួម ដែលបានចេញនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី៨ ដែលបានប្រជុំកាលពី ខែឧសភា ឆ្នាំ២០១៤ នៅទីក្រុងណៃពីដោ សម្រាប់ប្រទេសឡាវ និងប្រទេសថៃ ដែលពុំទាន់បានចុះហត្ថលេខា នៅលើសេចក្តីថ្លែងការណ៍រួមនេះ។

         ថ្លែងបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកក្រៅផ្លូវការ នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក Wai Wlin រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានមានប្រសាសន៍សម្តែងនូវការស្វាគមន៍ចំពោះបណ្តាឯកឧត្តម ជារដ្ឋមន្រ្តីការពារជាតិអាស៊ាន ទាំងអស់ ដែលបានមកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ានក្រៅផ្លូវការ ក្នុងទីក្រុង Bagan តាមកម្មវិធីដែលបានគ្រោងទុក ។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា បានសម្តែងនូវសេចក្តីសង្ឃឹមថា អាស៊ានរបស់យើង នឹងចូលរួមធ្វើការជាមួយគ្នានៅក្នុងឆ្នាំ២០១៥ ។ ឯកឧត្តម បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តាប្រទេសអាស៊ាន គឺជាកំលាំងចលករមួយដ៏ខ្លាំង សម្រាប់ប្រទេសអាស៊ានទាំងអស់ ។ ទន្ទឹមនឹងការវាយតំលៃទៅលើភាពរីកចំរើនជាច្រើន ឯកឧត្តម Wai Wlin រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក៏បានបញ្ជាក់បន្ថែមថា អាស៊ាន ក៏នៅមានភាពប្រឈមជាច្រើនទៀតដែលត្រូវដោះស្រាយ ដើម្បីនាំមកនូវស្ថេភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ឱ្យ កាន់តែមានការរីកចំរើន ។ កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានក្រៅផ្លូវការ ក៏បានផ្តល់ឱកាស សម្រាប់ធ្វើការពិភាក្សា រដ្ឋមន្រ្តីការពារជាតិអាស៊ាន ដើម្បីស្វែងយល់ពីយុទ្ធសាស្រ្ត ឱ្យបានទូលំទូលាយបន្ថែមទៀត ។ ទន្ទឹមនេះដែ ក៏បានធ្វើការផ្លាស់ប្តូរទស្សនៈ ស្តីពីកិច្ចសហប្រតិបត្តិការ ការពារជាតិឆ្ពោះទៅ រកសហគមន៍អាស៊ានមួយប្រកបដោយសន្តិភាព និង វិបុលភាព ។

          នៅក្នុងការផ្លាស់ប្តូរទស្សនៈ នៅកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ក្រៅផ្លូវការនាឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានគូសបញ្ជាក់ទៅលើស្ថានភាព សន្តិសុខ ដែលមានការប្រែប្រួលនៅក្នុងតំបន់អាស៊ាន ការវិវត្តលើការប្រឈមថ្មីៗ និងវិធីដោះស្រាយដែលធ្វើឱ្យស្ថានការណ៍អាចរក្សាបាននូវស្ថេរភាពសង្គម មិនឱ្យរីកសាយ និងប៉ះពាល់ដល់ខាងក្រៅ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានចាត់ទុក ឯកសារដែលបានអនុម័ត នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាននាពេលកន្លងមកថា និងបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ឆ្ពោះទៅរកការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងគោលបំណងដើម្បីទាញយកផលប្រយោជន៍ នាពេលបច្ចុប្បន្ន និងអនាគត និងឆ្លើយតបឱ្យមានប្រសិទ្ធភាពទៅនឹងបញ្ហាប្រឈម សន្តិសុខក្នុងតំបន់ និងអន្តរជាតិ ។ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការ ដែលបានប្រារព្ធធ្វើនៅទីក្រុង Bagan នាឱកាសនោះ បន្ទាប់ពីបានតំណើរការទៅតាមរបៀបវីរៈរបស់ខ្លួនរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក Wai Wlin រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា ក៏បានធ្វើពិធីផ្ទេរប្រគល់កិច្ចប្រជុំសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបន្ទាប់ទៀតទៅឱ្យប្រទេសម៉ាឡេស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះបន្តសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៩ នៅឆ្នាំក្រោយ ២០១៥ ៕