ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍របស់កងអនុសេនាធំវិស្វកម្មលេខ៦២១ ដែលបានបញ្ជប់បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ (UNFIL)

          បន្ទាប់ពីបានបំពេញបេសកកម្មរក្សាសន្តិភាពក្រោមទង់អង្គការសហប្រជាជាតិ នៅប្រទេសលីបង់ អស់រយៈពេល១ឆ្នាំ ប្រកបដោយជោគជ័យ កងទ័ពមួកខៀវកម្ពុជា ចំនួន១៨៤នាក់ នៃកងអនុសេនាធំវិស្វកម្មលេខ៦២១ បានវិល ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤នេះ តាមជើងយន្តហោះពិសេសរបស់អង្គការសហប្រជាជាតិ ប្រកបដោយសុវត្ថិភាពខ្ពស់ ។

          ដំណើរនិវត្តន៍មកដល់មាតុប្រទេស របស់កងកម្លាំងអនុសេនាធំវិស្វកម្ម ៦២១ ទទួលបានការទទួលដំណើរ និង ស្វាគមន៍យ៉ាងកក់ក្តៅ ពីឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលបញ្ជូនកងកម្លាំងទៅចូលរួមបេសកកម្មថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ និងលោកស្រី Wan-Hea Lee តំណាងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំ នៅកម្ពុជា ព្រមទាំងក្រុមគ្រួសារ និងសាច់ញាតិ នៃកងកម្លាំងមួកខៀវជាច្រើននាក់ផ្សេងទៀត ។

         នៅក្នុងសុន្ទរកថាស្វាគមន៍របស់ឯកឧត្តម ប្រាក់ សុខុន ប្រធានគណៈកម្មាធិការជាតិ បានរាយការណ៍ជូនអង្គពិធីជ្រាបថា នៅក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ កងកម្លាំងវិស្វកម្ម៦២១ បានបំពេញបេសកកម្មនៅប្រទេសលីបង់ ទទួលបានលទ្ធផលល្អប្រសើរ លើការងារសាងសង់ផ្នែកវិស្វកម្ម សំណង់ស៊ីវិល ដូចជា ការសាងសង់បង្គោល កំណត់តំបន់ស ការសាងសង់ព្រលាន ការសាងសង់របងការពារកន្លែងផ្ទុកជាតិផ្ទុះ ។ល។ ទន្ទឹមនេះ កងកម្លាំងកម្ពុជាក៏បានបោសសំអាតមីន និងកាកសំណល់សង្រ្គាម ព្រមទាំងផលិតទឹកស្អាតរាប់ម៉ឺនម៉ែត្រគូប សម្រាប់ជួយដល់កងកម្លាំង រួមកិច្ចសហប្រតិបត្តិការ និងជួយពិនិត្យព្យាបាលជំងឺជូនប្រជាជនលីបង់ផងដែរ ។

          នៅក្នុងសុន្ទរកថារបស់លោកស្រី Wan-Hea Lee តំណាងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំ នៅកម្ពុជា បានថ្លែងថា ការបញ្ចប់បេសកកម្មដោយជោគជ័យរបស់កងកម្លាំងកម្ពុជា ពិតជាពន្លឺដ៏ត្រចះត្រចង់ដល់ការតាំងចិត្តដើម្បីសន្តិភាព សន្តិសុខ និងសាមគ្គីភាព ហើយសកម្មភាពនេះ ជាទង្វើផ្តល់នូវតម្លៃដែលជាស្នូលរបស់អង្គការសហ ប្រជាជាតិ រៀបចំឡើងសម្រាប់ជួយសង្រ្គោះដល់មនុស្សជំនាន់ក្រោយៗពីសង្រ្គាមដ៏រុំារ៉ៃ ។ លោកស្រី Wan-Hea Lee បានបន្តទៀតថា ក្នុងនាមតំណាងឱ្យអង្គការសហប្រជាជាតិ អ្នកស្រីសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះរាជរដ្ឋា ភិបាលកម្ពុជា ដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្មមនុស្សធម៌តាមសំណូមពរ របស់អង្គការសហប្រជាជាតិនាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន និងសូមថ្លែងការកោតសរសើរអស់ពីដួងចិត្ត ចំពោះ កង កម្លាំងកម្ពុជា ដែលបានជម្នះលើរាល់គ្រោះថ្នាក់ និងការលំបាកនានារហូតទទួលបានជោកជ័យដ៏ធំធេង ។

          ថ្លែងនៅក្នុងពិធីនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា សមិទ្ធិផលដ៏ថ្លៃថ្លាដ៏ថ្លៃថ្លាដែលកងអនុសេនាធំវិស្វកម្មលេខ៦២១ ទទួលបាននាពេលនេះ កត្តាសំខាន់គឺយើងរក្សាបាននូវសុវត្ថិភាពទាំងស្រុងគឺ « ទៅគ្រប់មកគ្រប់ » ។ ទន្ទឹមនេះ កងកម្លាំងមួកខៀវ កម្ពុជាទាំង១៨៤ នាក់ ក៏បានលើកកម្ពស់កិត្តិយសជាតិ កិត្តិស័ព្ទ កងយោធពលខេមរភូមិន្ទ និងប្រជាជនកម្ពុជាមាន មោទនភាពប្រកបដោយកិត្តិយសដ៏ឧត្តុង្គឧត្តម ល្បីរន្ទឺលើឆាកអន្តរជាតិ ហើយបានប្រែក្លាយចំណុចសំខាន់ ស្ថិតក្នុង ទស្សនៈវិញ្ញាណរបស់ប្រទេសជាមិត្តទាំងក្នុងតំបន់ និងលើសកលលោក យកចិត្តទុកដាក់ទទួលស្គាល់ និងផ្តល់តម្លៃ ខ្ពស់លើការងាររក្សាសន្តិភាពនេះ ។

           ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តថា អ្វីដែលជាមោទនភាព និងកិត្តិយសបំផុតនោះ គឺទង់ជាតិកម្ពុជា បានបង្ហូតយ៉ាងខ្ពស់ត្រដែតជាមួយបណ្តាប្រទេសដែលចូលរួមបំពេញបេសកកម្មសន្តិភាព ហើយបានធ្វើឱ្យមជ្ឈដ្ឋានជាតិ អន្តរជាតិ ទទួលស្គាល់ថា កម្ពុជាជាប្រទេសដែលមានឆន្ទៈមុះមុត ក្នុងការចូលរួមចំណែករក្សាសន្តិភាពក្នុងក្របខណ្ឌមនុស្សធម៌លើសកលលោក ។

            ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបន្ថែមទៀតថា សមិទ្ធផលដែលកងកម្លាំងកម្ពុជាទទួលបានពីការ បំពេញបេសកកម្មនាពេលនេះ គឺបានកើតឡើងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលលើវិស័យរក្សាសន្តិភាព មនុស្សធម៌ ក្នុងគោលដៅដើម្បី សន្តិភាព សន្តិសុខ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្តា ប្រទេសក្នុង-ក្រៅតំបន់ និងលើពិភពលោកទាំងមូល ។ ទន្ទឹមនឹងសមិទ្ធផលខាងលើ កងយោធពលខេមរភូមិន្ទ បាននឹងកំពុងខិតខំប្រឹងប្រែងគិតគូរពិចារណា ក្នុងការរៀបចំផែនការកែទម្រង់រយៈពេល ០៥ឆ្នាំ (២០១៥-២០១៩) ឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពយោធិន ក្លាយជាកងកម្លាំងមួយមានវិជ្ជាជីវៈជំនាញពិតប្រាកដ មានសមត្ថភាពពេញលេញសម្រាប់ធានាលើការបំពេញភារកិច្ចនានាលើគ្រប់វិស័យ ឱ្យកាន់តែមានប្រសិទ្ធិភាព ស្របតាមកម្មវិធី នយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ដើម្បីប្រែក្លាយជា កម្លាំងស្នូល សម្រាប់ទទួលរ៉ាប់រងលើកិច្ចសហការរក្សាសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ការងារថែទាំការពារអធិបតេយ្យ បូរណភាពទឹកដី ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ព្រមទាំងត្រៀមខ្លួនចូលរួមសហការយ៉ាងសកម្មក្នុងកិច្ចការតំបន់ និង អន្តរជាតិ ។

          សូមបញ្ជាក់ថា កងកម្លាំងមួកខៀវកម្ពុជាទាំង ១៨៤នាក់ខាងលើនេះ បានចេញទៅបំពេញបេសកកម្មមនុស្សធម៌នៅប្រទេសលីបង់ កាលពីខែធ្នូ ឆ្នាំ២០១៣ ។ ហើយតាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាល កម្ពុជា បានបញ្ជូនកងទ័ពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានចំនួន ១៤លើក ស្មើនឹងជាងពីរពាន់នាក់ ហើយទៅកាន់ប្រទេសចំនួន៧ ដូចជាប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល លីបង់ ស៊ីរី ឆាដ និងម៉ាលី ជាដើម ។

          នៅក្នុងពិធីនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក៏បានបំពាក់គ្រឿងឥស្សរិយយសជូនកងកម្លាំងកង អនុសេនាធំវិស្វកម្មលេខ៦២១ទាំង១៨៤រូប ផងដែរ ៕