ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និង សមភាគីថៃ ឯកឧត្តម នាយឧត្តមសេនីយ៍ Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ អញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ លើកទី១០ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ នៅសណ្ឋាគារ SOFITEL PHUKEETRA រាជធានីភ្នំពេញ

        នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤នេះ ក្រសួងការពារជាតិកម្ពុជា បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី១០ កម្ពុជា-ថៃ ដែលបានប្រព្រឹត្ដទៅនៅសណ្ឋាគារ SOFITEL PHUKEETRA នៅរាជធានី ភ្នំពេញ ក្រោមអធិបតីភាពសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ Prawit Wongsuwon ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិថៃ ។ នៅក្នុងកិច្ចប្រជុំនេះភាគីកម្ពុជា មានសមាសភាពចូលរួមមកពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធចំនួន៤០រូប និង ភាគីថៃមានសមាសភាព ២០រូប ។

        កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ និងមិត្តភាព ឆ្លើយតបទៅនឹងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ ។ កិច្ចប្រជុំនេះគឺជាការអនុវត្តន៍នូវកិច្ចព្រមព្រៀងក្នុងការបង្កើតគណៈកម្មាធិការព្រំដែន រវាងប្រទេសទាំងពីរជាមួយនឹងទិសដៅនៃការបង្កើតកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព និងសន្តិសុខនៅតាមតំបន់ព្រំដែន ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងកងទ័ព និងកងឯកភាពពាក់ព័ន្ធកម្ពុជា-ថៃ ។ ឆ្លងតាមរបៀបវីរៈនានានៃកិច្ចប្រជុំរយៈពេលមួយព្រឹក គណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ ក៏បានបញ្ជាក់អំពីការប្ដេជ្ញាចិត្ដរបស់ប្រទេសទាំងពីរ ចំពោះការថែរក្សសន្ដិសុខ សន្ដិភាពតាមព្រំដែន ក៏ដូចជាកិច្ចសហប្រតិបត្ដិការក្នុងក្របខណ្ឌតំបន់ ជាពិសេសនៅពេលដែលសហគមន៍ អាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ ។

        ថ្លែងបិទសម័យប្រជុំលើកទី១០ នៃកិច្ចប្រជុំ GBC កម្ពុជា-ថៃ នាព្រឹកនេះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា រូបខ្ញុំផ្ទាល់ ព្រមទាំងសមាជិកគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ ទាំងអស់មានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលកិច្ចប្រជុំពេលនេះ បានប្រព្រឹត្ដទៅប្រកបដោយបរិយាកាស មិត្ដភាព និងការយោគយល់គ្នាទៅវិញទៅមក ព្រមទាំងសម្រេចតាមគោលការណ៍ដែលបានគ្រោងទុក ។ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ បានបញ្ជាក់ថា ការសម្រេចបានតាមគោលបំណង ដែលបានគ្រោងទុកនេះ គឺស្តែងចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ដែលបានធ្វើឱ្យតំបន់ព្រំដែនយើងទាំងពីរ ទទួលបានសុខសន្ដិភាព បើទោះបីពេលខ្លះ ស្ថានភាពមិនអំណោយផលក៏ដោយ ។ ដោយឈរលើស្មារតីយោគយល់ សាមគ្គីគ្នាល្អ ភាគីទាំងពីរ នៅតែបន្ដរួមគ្នាអត់ធ្មត់ ស្វែងរកដំណោះស្រាយដោយសន្តិវិធី ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា ។

         ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបន្ដថា យើងខ្ញុំសង្ឃឹមនិងជឿជាក់ថា កិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្ដិការ ដែលបានរៀបចំឡើងនាពេលនេះ ភាគីទាំងពីរនឹងខិតខំជម្រុញភាគីពាក់ព័ន្ធនីមួយៗ ក្នុងការអនុវត្ដឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ។

         បន្ទាប់មកឯកឧត្តមរដ្ឋមន្រ្តីសហប្រធាន ក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានអនុម័តព្រមព្រៀងគ្នា នាសម័យប្រជុំកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅ GBC កម្ពុជា-ថៃ លើកទី១០ និងបានឯកភាពចេញ សេចក្តីប្រកាសរួម ដែលមាន៥ចំណុចដូចខាងក្រោម៖

        ១-កិច្ចសហប្រតិបត្ដិការលើការបង្កើននូវសន្ដិសុខ និងថែរក្សាសន្ដិភាពនៅក្នុងតំបន់ព្រំដែន នៃប្រទេសទាំងពីរ ក្នុងប្រកបខណ្ឌរបស់គណៈកម្មាធិការព្រំដែនទូទៅ ។ ការឯកភាពទាំងនេះ រួមមាននូវកិច្ចសហប្រតិបត្ដិការក្នុងការចាត់ចែងកម្លាំងពលកម្មអន្ដោប្រវេសន៍ក្នុងប្រទេសថៃ ស្របតាមកិច្ចព្រមព្រៀង នៃអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ។

        ២-កិច្ចសហប្រតិបត្ដិការក្នុងការបង្ការ និងបង្ក្រាបការរត់ពន្ធមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងរាល់សកម្មភាពល្មើសច្បាប់ទាំងឡាយ ក្នុងតំបន់ព្រំដែនរួមមាន ការជួញដូរគ្រឿងញៀន ការកាប់ឈើខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ និងរាល់សកម្មភាពឆ្លងដែនខុសច្បាប់ ។ ភាគីទាំងពីរក៏បានឯកភាពជម្រុញនូវកិច្ចសហប្រតិបត្ដិការ លើសន្ដិសុខផ្ទៃសមុទ្រផងដែរ ។ ច្បាប់ និងនីតិវិធីនៃគោលការណ៍មនុស្សធម៌ ត្រូវតែគោរព ។

        ៣-កិច្ចសហប្រតិបត្ដិការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែន ដូចជា ការធ្វើពាណិជ្ជកម្មនៅព្រំដែន ជាពិសេសតំបន់សេដ្ឋកិច្ចពិសេស កសិកម្ម សុខភាពសាធារណៈ ទេសចរណ៍ ក៏ដូចជាអប់រំ សាសនា និងវប្បធម៌ ។ អង្គប្រជុំក៏បានស្វាគមន៍ នូវលទ្ធផលជាវិជ្ជមាន នៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ដ្រីថៃមកកាន់កម្ពុជា កាលពីថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០១៤ ដែលបាននាំមកនូវការជម្រុញ និងការពង្រឹងចំណងមិត្ដភាពដ៏ជិតស្និទ្ធ ដែលមានស្រាប់បន្ថែមទៀតរវាងប្រទេសទាំងពីរ ។

       ៤-បង្កើននូវកិច្ចសហប្រតិបត្ដិការ រវាងកងឯកភាពសន្ដិសុខតំបន់ព្រំដែននៃប្រទេសទាំងពីរ ដើម្បីថែរក្សានូវ សន្ដិភាព និងសន្ដិសុខឱ្យបានជានិច្ចនិរន្ដន៍ ។

       ៥-កិច្ចសហប្រតិបត្ដិការលើការប្រយុទ្ធប្រឆាំងភេរវកម្ម ។ ទាំងនេះរួមបញ្ចូលនូវការត្រួតពិនិត្យយ៉ាងម៉ត់ចត់ នូវរាល់សកម្មភាពរបស់ភេរវករ និងការជួញដូរអាវុធ តាមរយៈការផ្លាស់ប្ដូរព័ត៌មាន រវាងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរដើម្បីថែរក្សាសន្ដិសុខ និងសុវត្ថិភាព ក្នុងតំបន់ព្រំដែន ។

        រាជាណាចក្រថៃនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅលើកទី១១ ។ កាលបរិច្ឆេទ និងកម្ម វិធីនៃកិច្ចប្រជុំ នឹងជូនដំណឹងនៅពេលក្រោយ ៕