ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៤ និង ផែនការអនុវត្តន៍ ឆ្នាំ២០១៥ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស

          កាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសមានរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០១៥ ដែលបានប្រព្រឹត្តទៅក្រោមវត្ដមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ដោយមានការចូលរួមពីមន្រ្តីកងកម្លាំងគ្រប់លំដាប់ថ្នាក់មកបណ្ដាស្ថាប័នចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការ មេបញ្ជាការកងរាជអាវុធហត្ថខេត្ដ-ក្រុងជាច្រើនរូបទៀត ។

         នៅក្នុងរបាយការណ៍ដែលរបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថា ដោយមានការជួយជ្រោមជ្រែង ក៏ដូចជាការផែនការណែនាំពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ បានក្ដាប់ជាប់នូវតួនាទី ភារកិច្ចប្រកបដោយស្មារតីអង់អាចក្លាហាន លះបង់ខ្ពស់ ចេញប្រតិបត្ដិការម៉ឺងម៉ាត់ អនុវត្ដន៍បទបញ្ជា វិន័យផ្ទៃក្នុង មានសាមគ្គី ឯកភាពបានល្អ ពិសេសរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គមបានយ៉ាងប្រពៃថែមទៀត ។ ឯកឧត្តម នាយឧត្ដមសេនីយ៍ បានបន្តទៀតថា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់របស់មេបញ្ជាគ្រប់លំដាប់ថ្នាក់ បានចាត់តាំងផ្សព្វផ្សាយបទបញ្ជាសារាចរ ណែនាំនិងគោរពច្បាប់នានាជ្រួតជ្រាបដល់នាយ និងពលអាវុធហត្ថគ្រប់ ខេត្ត-ក្រុង ម្ចាស់ការកសាងកងឯកភាព ព្រមទាំងកែលម្អជីវភាពរស់នៅរបស់កងទ័ពបានល្អប្រសើរថែមទៀត ។ ក្នុងនោះដែរបានទប់ស្កាត់ និងជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបប្រទះគ្រោះមហន្ដរាយ និងគ្រោះថ្នាក់ផ្សេងៗបានទាន់ពេលវេលា ។

         សម្រាប់ឆ្នាំ២០១៥នេះ កងរាជអាវុធហត្ថក៏បានដាក់ចេញនូវវិធានការ និងទិសដៅនានាសម្រាប់អនុវត្ដន៍បន្ត មានដូចជា៖ បន្ដប្រមូលផ្ដុំ និងគ្រប់គ្រងព័ត៌មាន បម្រើឱ្យព្រឹត្ដិការណ៍សំខាន់ៗដែលបានគ្រោងទុកខាងលើ និងក្ដាប់ជាប់ទាន់ពេលវេលារាល់មហិច្ចតាបង្កអសន្ដិសុខ ភេរវកម្ម ចលាចលដែលនាំឱ្យប៉ះពាល់ដល់ស្ថិរភាព សណ្ដាប់ធ្នាប់របៀបរៀបរយសង្គម ។ បន្ដស្រាវជ្រាវបង្ក្រាបរាល់បទល្មើសព្រហ្មទណ្ឌ (ប្លន់ ឃាតកម្ម ចាប់មនុស្ស ជំរិត ជួញដូរគ្រឿងញៀន ជួញដូរមនុស្ស រំលោភសេពសន្ថវៈ) និងបណ្ដាបទល្មើសផ្សេងៗ ដោយប្រមូលភស្ដុតាងឃាត់ ចាប់ខ្លួនជនប្រព្រឹត្ដបទល្មើស កសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ ត្រៀមរៀបចំកម្លាំង មធ្យោបាយ យុទ្ធោបករណ៍ សម្ភារត្រៀមអនុវត្ដន៍បទបញ្ជាអន្ដរាគមន៍ការពារសន្ដិសុខ រក្សាសណ្ដាប់ធ្នាប់សង្គម ជួយសង្គ្រោះគ្រោះមហន្ដរាយ និងគ្រោះថ្នាក់ផ្សេងៗ ។

          មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មេបញ្ជាការ មេបញ្ជាការរង នាយនិងពលអាវុធហត្ថទាំងអស់ ដែលបានខិតខំជម្នះរាល់ការលំបាកសព្វបែបយ៉ាងក្នុងការកសាងកងឯកភាពឱ្យកាន់តែទំនើប និងមានរបៀបរៀបរយ ធ្វើការងារទទួលបានប្រសិទ្ធភាពក្នុងការចេញបំពេញប្រតិបត្ដិការតាមភារកិច្ច ដែលបានប្រគល់ឱ្យ មិនថាថ្ងៃឬយប់ ខ្យល់ភ្លៀងគឺអនុវត្ដន៍បានល្អរាល់បទបញ្ជាដែលបានប្រគល់ជូន ។

          បន្ទាប់មកគណៈអធិបតីក៏បានទស្សនា ទីបញ្ជាការថ្មីដែលកំពុងសាងសង់ ដែលគ្រោងនឹងបញ្ចប់ក្នុងបំណាច់ឆមាសទី១ ឆ្នាំ២០១៥ ដែលមានលក្ខណៈទំនើបបើប្រៀបទៅនឹងបញ្ជាការដ្ឋាននានាក្នុងកងយោធពលខេមរភូមិន្ទ ៕