Deprecated: mysql_connect(): The mysql extension is deprecated and will be removed in the future: use mysqli or PDO instead in /home/dpmtea/public_html/includes/db/mysql.php on line 36

Warning: Cannot modify header information - headers already sent by (output started at /home/dpmtea/public_html/includes/db/mysql.php:36) in /home/dpmtea/public_html/index.php on line 161

Warning: Cannot modify header information - headers already sent by (output started at /home/dpmtea/public_html/includes/db/mysql.php:36) in /home/dpmtea/public_html/includes/usersystems/subdreamer.php on line 79
 cabinet
ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារប្រវត្តិសាស្រ្តយោធា

          អគារប្រវត្តិសាស្រ្តយោធា ដែលមានកម្ពស់២ជាន់ ជាអំណោយរបស់កងទ័ពប្រជាជនវៀតណាមត្រូវបានរៀបចំពិធីចុះហត្ថលេខា ប្រគល់-ទទួល និងកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ នៅតំបន់K៨១ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងលោកវរសេនីយ៍ឯក ង្វៀន អាញ់យ៉ុង នាយការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម អស់លោកជាអគ្គនាយករង នាយក នាយករងចំណុះអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ កងទ័ពជើងគោក ជើងទឹក ជើងអាកាស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតាមបណ្តាកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ។

         នៅក្នុងរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោពិន សេដ្ឋថុល នាយកវិទ្យាស្ថានប្រវត្តិសាស្រ្តយោធា បានរាយការណ៍ជូនអង្គពិធីជ្រាបថា អគារប្រវត្តិសាស្រ្តយោធា ដែលរៀបចំពិធីចុះហត្ថលេខាប្រគល់-ទទួល នាថ្ងៃនេះ គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនក្រោមជំនួយឧបត្ថម្ភរបស់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ លោកឧត្តមសេនីយ៍ទោ បានបន្តទៀតថា អគារប្រវត្តិសាស្រ្តនេះ សាងសង់ឡើងនៅលើផ្ទៃដីទំហំ៦០០ ម៉ែត្រក្រឡា មានកំពស់២ជាន់ រួមមាន E0, ជាន់ទី១, ជាន់ទី២ និងដំបូល ដែលមានផ្ទៃក្រឡាទំហំជាង១០០០ ម៉ែត្រក្រឡាធ្វើពីបេតុងអាកមេ និងប្រកដំបូលក្បឿងដោយមានរចនាបថជាលក្ខណៈបូរាណ និងសម័យទំនើប ហើយសាងសង់រយៈពេល ១៤ខែ ដោយចំណាយអស់ថវិកាចំនួន ៣៨៨,៨៨៨ ដុល្លារអាមេរិក ។

         លោកវរសេនីយ៍ឯក ង្វៀន អាញ់យ៉ុង នាយការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំ កម្ពុជា បានមានប្រសាសន៍ថា ប្រវត្តិសាស្រ្តយោធាគឺជាវិស័យដ៏ចំបងមួយចំពោះកងយោធពលខេមរ ភូមិន្ទដែលឆ្លុះបញ្ចាំងពីសមិទ្ធផល និងស្នាដៃសំខាន់ៗដ៏ធំធេងក្នុងការអភិវឌ្ឍកងទ័ពហើយរាល់អ្វីដែលកើតមានឡើងនាថ្ងៃនេះយើងក៏មិនអាចបំភ្លេច នូវរាល់សមិទ្ធផលដែលបន្សល់ទុកនាអតីតកាលកន្លងមកបានទេ ។

         ក្រសួងការពារប្រទេសនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានកំណត់ច្បាស់ថា ការងារប្រវត្តិសាស្រ្តគឺជាកិច្ចការយ៉ាងសំខាន់ៗសម្រាប់កងយោធពលខេមរភូមិន្ទ ដូចនេះទើបក្រសួងបានជួយកសាងអគារប្រវត្តិសាស្រ្តយោធានេះជូនដល់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។

         លោកវរសេនីយឯក ង្វៀន អាញ់យ៉ុង មានសង្ឃឹមយ៉ាងមុតមាំងថា អគារវិទ្យាស្ថាននេះនឹងរួមចំណែកជួយដល់នាយទាហាន នាយទាហានរងជំនាន់ក្រោយសម្រេចបានដោយជោគជ័យជាជំហានៗ លើវិស័យប្រវត្តិសាស្រ្តយោធា ព្រមទាំងមានការយល់ច្បាស់អំពីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏វិសេសវិសាល រវាងកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទ ដែលបានបន្សល់ទុកជាប្រវត្តិសាស្រ្តនាពេលកន្លងមក ។

         ថ្លែងនៅក្នុងពិធីប្រគល់-ទទួល និងកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារប្រវត្តិសាស្រ្តយោធា នាព្រឹកនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកនយោបាយ និងកិច្ចការបរទេស បានបញ្ជាក់ថា អគារវិទ្យាស្ថានប្រវត្តិសាស្រ្តយោធានេះ គឺជានិមិត្តរូបមួយ និងជាសមិទ្ធផលថ្មីមួយបន្ថែមទៀតក្នុងចំណោមសមិទ្ធផលនានា ដែលកើតចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ រវាងក្រសួងការពារប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលបង្ហាញពីការខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិ ក្នុងការអភិវឌ្ឍធនធានមនុស្សស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ ដែលឈរលើកិច្ចសហប្រតិបត្តិការសាមគ្គីភាព មិត្តភាព ជាមួយអន្តរជាតិ ។

         បន្ទាប់ពីទទួលបានអគារវិទ្យាស្ថានប្រវត្តិសាស្រ្ត ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាននឹងខិតខំគិតគូរដល់ការកសាងធនធានមនុស្សសម្រាប់ទ្រទ្រង់ភារៈកិច្ចនាពេលខាងមុខឱ្យបានល្អប្រសើរ ដោយជម្រុញឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ត្រូវយល់ដឹងពីតួនាទី និងភារៈកិច្ចរបស់ខ្លួន មានស្មារតីជឿជាក់លើការងារដឹកនាំ និងប្តេជ្ញាឱ្យសម្រេចគ្រប់រាល់ភារៈកិច្ច ព្រមទាំងខិតខំធ្វើការអប់រំជា ប្រចាំ តាមរយៈការបង្កើនការហ្វឹកហ្វឺន ការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈឱ្យស្របតាមសភាពការណ៍ វិវត្តន៍ថ្មីៗនាពេលបច្ចុប្បន្ន និងទៅអនាគត ។

         ម្យ៉ាងវិញទៀត ជំនួយឧបត្ថម្ភដ៏មានតម្លៃរបស់កងទ័ពប្រជាជនវៀតណាមដល់កងយោធពលខេមរភូមិន្ទ នាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ដល់ការងារអភិវឌ្ឍន៍សង្គមកិច្ច និងកិច្ចការពារជាតិកម្ពុជា ហើយឯកឧត្តម មានសេចក្តីសង្ឃឹមយ៉ាងមុតមាំងថា រាជរដ្ឋាភិបាល និងកងទ័ពប្រជាជន វៀតណាមនឹងនៅតែបន្តជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាបន្ថែមទៀត ដើម្បីរួមចំណែកដល់ការរក្សាសន្តិភាព ស្ថេរភាពក្នុងតំបន់ និងនៅលើសកលលោក ។

         ជាថ្មីម្តងទៀតឯកឧត្តម ណឹម សុវត្ថិ បានបញ្ជាក់ថា ក្នុងនាមក្រសួងការពារជាតិ និងក្នុងនាម ឯកឧត្តមផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជន ព្រមទាំងអនុព័ន្ធយោធានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ដែលជានិច្ចកាលតែងតែបានជួយឧបត្ថម្ភគាំទ្រជានិច្ចដល់ក្រសួងការពារជាតិ នៃព្រះរាជាណចក្រកម្ពុជាក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់ ។

         បន្ទាប់មកក៏មានពិធីចុះហត្ថលេខាប្រគល់-ទទួលអគារប្រវត្តិសាស្រ្តយោធា នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស រវាង លោកឧត្តមសេនីយ៍ទោ ពិន សេដ្ឋថុល នាយកវិទ្យាស្ថានប្រវត្តិ សាស្រ្តយោធា និងលោកវរសេនីយ៍ឯក ង្វៀន អាញ់យ៉ុង នាយការិយាល័យអនុព័ន្ធយោធាវៀតណាម ប្រចាំកម្ពុជា ហើយគណៈអធិបតីក៏បានអញ្ជើញពិនិត្យបន្ទប់នានានៅក្នុងវិទ្យាស្ថាននេះផងដែរ ៕