Deprecated: mysql_connect(): The mysql extension is deprecated and will be removed in the future: use mysqli or PDO instead in /home/dpmtea/public_html/includes/db/mysql.php on line 36
 cabinet
ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០១៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៥ របស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ

             ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារ ឆ្នាំ ២០១៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៥ របស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ ។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅនៅសាលប្រជុំក្រសួងការពារជាតិ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អស់លោក ដែលជាអគ្គនាយករង អគ្គនាយកដ្ឋាន នាយក នាយករងនាយកដ្ឋាន ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសប្រមាណ ២៥០ នាក់ ។

            នៅក្នុងរបាយការណ៍របស់ លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស បានឱ្យដឹងថាសិក្ខាសាលានាពេលនេះ គឺក្នុងគោលបំណងបង្ហាញពីសមិទ្ធផលនានាដែលសម្រេចបាន ទៅ តាមតួនាទីភារកិច្ចដែលក្រសួងការពារជាតិប្រគល់ជូន រួមមាន វិស័យការងារចំនួន០៥ គឺវិស័យនយោបាយ និងផែនការ វិស័យទំនាក់ទំនងអន្តរជាតិ វិស័យកិច្ចការអាស៊ាន វិស័យប្រវត្តិសាស្រ្តយោធា និងវិស័យប្រតិបត្តិការសន្តិភាព ។ ទន្ទឹមនេះ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក៏មានភារកិច្ចទ្រទ្រង់ និងសម្របសម្រួលការងារក្រៅប្រព័ន្ធ ដែលរាជរដ្ឋាភិបាល និងក្រសួងការពារជាតិប្រគល់ជូនបន្ថែម ក្រោមកិច្ចសហការយ៉ាងជិតស្នីទជាមួយស្ថាប័នពាក់ព័ន្ធមួយ ចំនួន មានជាអាទិ៍ ខិទ្ទកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ប្រចាំទីស្តីការគណៈរដ្ឋមន្រ្តី គណៈកម្មាធិការជាតិសម្របសម្រួលកងកម្លាំងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គណៈកម្មាធិការ ជាតិសន្តិសុខលម្ហសមុទ្រ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តសៀមរាប គណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ ព្រមទាំងកិច្ចការសង្គមមួយចំនួនទៀត ។

           នៅក្នុងរបាយការណ៍ដដែលបានបន្តទៀតថា សមិទ្ធផល និងស្នាដៃសំខាន់ៗដែលអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស សម្រេចបានទៅតាមវិស័យការងារនីមួយៗក្នុងឆ្នាំ២០១៤នេះ មានអាទិ៍៖

           ទី១. វិស័យនយោបាយ និងផែនការ បានរៀបចំឯកសារចំនួន ០៥ រួមមាន សៀវភៅវិវេចនាយុទ្ធសាស្រ្តការពារជាតិឆ្នាំ២០១៣ សៀវភៅណែនាំធ្វើផែនការយុទ្ធសាស្រ្ត សេចក្តីកំណត់ស្តីពីរបៀបរបបការងារសហប្រតិបត្តិការយោធា ជាមួយដៃគូបរទេសកិច្ចការងារអាស៊ាន សេចក្តីណែនាំស្តីពីកិច្ចដំណើរការប្រវត្តិសាស្រ្តយោធា និងសៀវភៅមេរៀនប្រវត្តិសាស្រ្ត ។

           ទី២. វិស័យទំនាក់ទំនងអន្តរជាតិ នាឆ្នាំ២០១៤នេះ ដោយមានកិច្ចសហប្រតិបត្តិការវិស័យយោធាបរទេស បានល្អប្រសើររវាងកងយោធពលខេមរភូមិន្ទ ជាមួយដៃគូបរទេស បានធ្វើឱ្យវិស័យទំនាក់ទំនងអន្តរជាតិ មានការរីក ចម្រើនគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៣ មានការកើនឡើង តាមរយៈគណៈប្រតភូជាតិអញ្ជើញទៅ បំពេញទស្សនកិច្ចនៅបរទេស និងចូលរួមពិធីផ្សេងៗ គណៈប្រតិភូអន្តរជាតិ អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងការជូនប្រតិភូចុលជួបសវនកា និងសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ។ល។

           ទី៣. វិស័យកិច្ចការអាស៊ានយោធា អគ្គនាយកដ្ឋានបានអនុវត្តន៍តាមកម្មវិធីរបស់កិច្ចការអាស៊ាន ដែលបានគ្រោងទុក និងបានចូលរួមប្រជុំអាស៊ាន វេទិកាតំបន់អាស៊ាន ចំនួន៦០លើក ក្នុងនោះគណៈប្រតិភូដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ រួមមាន ចូលរួមតាំងពិពរណ៍ផ្នែកការពារអាកាសសឹង្ហបុរីលើកទី៤ កិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី១៣ នៅប្រទេសសឹង្ហបុរី កិច្ចប្រជុំវេទិកាការពារជាតិ អាស៊ាន-អាមេរិក កិច្ចប្រជុំរដ្ឋមន្រ្តីការ ពារជាតិអាស៊ានលើកទី៨ និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានក្រៅផ្លូវការនៅសាធារណរដ្ឋមីយ៉ាន់ម៉ា ។

            ទន្ទឹមនេះ អគ្គនាយកដ្ឋានក៏បានរៀបចំបទបង្ហាញ និងបទឧទ្ទេសនាម ជូននាយទាហានតាមកងឯកភាពក្នុងកង យោធពលខេមរភូមិន្ទបានចំនួន ០៧លើក ជួបពិភាក្សាការងារជាមួយមន្រ្តីស្ថានទូត និងអនុព័ន្ធយោធាបរទេសប្រចាំ កម្ពុជា ចំនួន១៣ស្ថាប័ន ធ្វើការសម្របសម្រួល និងចូលរួមកិច្ចប្រជុំ បាឋកថា សន្និសីទ កិច្ចសន្ទនា ចំនួន១២លើក និង ផ្តល់យោបល់លើឯកសារទស្សនទានជូនថ្នាក់ដឹកនាំក្រសួងការពារជាតិ អញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំនានាចំនួន ១៧លើក ។

           ទី៤. វិស័យការងារប្រវត្តិសាស្រ្តយោធា អគ្គនាយកដ្ឋានបានរៀបចំក្រុមការងារចុះផ្សព្វផ្សាយការងារប្រវត្តិសាស្រ្តយោធា នៅស្ថាប័នចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន យោធភូមិភាគពិសេស យោធភូមិភាគទី៣,៤,៥ និងបានរៀបចំពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារវិទ្យាស្ថានប្រវត្តិសាស្រ្តយោធា ក្រោមជំនួយឧបត្ថម្ភរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ។

        ទន្ទឹមនេះ ក៏បានសហការជាមួយក្រុមការងារជំនាញតាមកងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ ដើម្បីពិភាក្សា ការងាររៀបចំប្រវត្តិកងឯកភាព និងប្រវត្តិឥស្សរជនសំខាន់ៗដែលមានស្នាដៃក្នុងកងឯកភាពកន្លងមក ។

         ទី៥. វិស័យប្រតិបត្តិការសន្តិភាព នៅក្នុងឆ្នាំ២០១៤នេះ អគ្គនាយកដ្ឋានបានបង្ហោះខ្លឹមសារព័ត៌មាន និងព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងគេហទំព័រ (website) របស់ឯកឧត្តម ឧបនាយករដ្ឋមន្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ចំនួន១៥៣លើក ជាភាសាខ្មែរ និងបង្ហោះសុន្ទរកថាចំនួន ១៣៦ទំព័រ ព្រមទាំងបានតាក់តែង និងស្រាវជា្រវឯកសារតាមព័ត៌មានទាន់ហេតុការណ៍ថ្មីៗជាតិ-អន្តរជាតិចំនួន ១,៧៩០ អត្ថបទ ផងដែរ ។

          នៅក្នុងរបាយកាណ៍របស់អគ្គនាយកដ្ឋាន ក៏បានបង្ហាញពីមោទនភាពនៃលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ ២១០៤កន្លងមក និងបានជម្រុញដល់នាយទាហាន នាយទាហានរង និងពលទាហាន តាមស្ថាប័នចំណុះអគ្គនាយកដ្ឋាន បន្តយកចិត្តទុកដាក់អនុវត្តន៍ការងារប្រចាំឆ្នាំ ឱ្យទទួលបានលទ្ធផលល្អប្រសើរ និងមានភាពប្រសិទ្ធិភាពបន្ថែមទៀត ។

          ក្នុងពិធីបិទ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អក្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស បានមានប្រសាសន៍ណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានឱ្យយកចិត្តទុកដាក់អនុវត្តន៍ការងារឱ្យបានគ្រប់ជ្រុងជ្រោយ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធិភាពខ្ពស់ តាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នីតិកាលតី៥ នៃរដ្ឋសភា និងផែនការកែទម្រង់កងយោធពលខេមរភូមិន្ទរយៈពេល៥ឆ្នាំបន្ត (២០១៥-២០១៩) ។ ត្រូវបន្តតាមដានសិក្សាសភាពការណ៍ថ្មីៗទាំងក្នុង-ក្រៅតំបន់ ដើម្បីធ្វើជាមូលដ្ឋានរៀបចំសៀវភៅសការពារជាតិ ឆ្នាំ២០១៨ ។ បន្តយកចិត្តទុកដាក់ការងារគ្រប់គ្រង និងពង្រឹងសមត្ថភាព នាយទាហានទទួលបន្ទុកការងារគ្រប់ផ្នែក គ្រប់វិស័យ ដើម្បីធានានិរន្តភាពការងារប្រចាំថ្ងៃឱ្យមានប្រសិទ្ធិភាព ។ ជាមួយនេះ ត្រូវបន្តយកចិត្តទុកដាក់លើការបណ្តុះបណ្តាលហ្វឹកហ្វឺន ដល់នាយទាហាន នាយទាហានរង ឱ្យមានចំណេះដឹងជំនាញវិជ្ជាជីវៈ ពិតបា្រកដ ពិសេសការកសាងកម្លាំងបន្តវេន តាមរយៈបញ្ជូនមន្រ្តីយោធាវ័យក្មេងទៅបណ្តុះបណ្តាល ហ្វឹកហ្វឺន ចូលរួមកិច្ចប្រជុំ វេទិកា សន្និសីទ សិក្ខាសាលានានា ក្នុង-ក្រៅប្រទេស និងការប្រគល់ភារកិច្ចសាកល្បង ។ បន្តលើកកម្ពល់គុណភាពនយោបាយ អប់រំចិត្តសាស្រ្ត ជំនាញវិជ្ជាជីវៈក្នុងជួរកងទ័ពផ្សព្វផ្សាយអប់រំជាប្រចាំអំពីច្បាប់រដ្ឋ បទវិន័យកងទ័ព និងបទដ្ឋានគតិយុទ្ធផ្សេងៗ របស់រាជរដ្ឋាភិបាល ។ ត្រូវបន្តកែសម្រួលរចនាសម្ព័ន្ធចាត់តាំងថ្នាក់ អគ្គនាយដ្ឋាន នាយកដ្ឋាន ការិយាល័យ ផ្នែក និងជំនួយការរបស់ស្ថាប័ន ចំណុះអគ្គនាយកដ្ឋាន ឱ្យបានសមស្របតាមសេចក្តីត្រូវការជាក់ស្តែង ព្រមទាំងពង្រឹងសមត្ថភាពដល់មន្រ្តីគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់អនុវត្តន៍ការងារ ដើម្បីជួយទ្រទ្រង់ និងសម្របសម្រួលការងារក្រៅប្រព័ន្ធតាមស្ថាប័នទាំង០៥ និងការងារផ្សេងៗមួយចំនួនទៀត ដែលរាជរដ្ឋាភិ បាល ក្រសួងការពារជាតិប្រគល់ជូនឱ្យមានប្រសិទ្ធភាពដូចមានក្នុងនយោបាយការណ៍ខាងលើ ៕