ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ Udomdej Sitabutr អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាអគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

         នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ Udomdej Sitabutr អនុរដ្ឋមន្ត្រីការពារជាតិ និងជាអគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ ដឹកនាំគណៈប្រតិភូយោធាថៃចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងការពារជាតិ ។

         នៅក្នុងជំនួបនោះដែរ ប្រមុខកងទ័ពប្រទេសទាំង២ បានបង្ហាញពីមនោសញ្ចេតនាស្វាគមន៍គ្នាទៅវិញទៅមក ក្នុងបរិយាកាសកក់ក្តៅ មិត្តភាព សាមគ្គីភាព ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ជិតស្និតរវាងកងទ័ពប្រទេសទាំង២ ។

         នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានមានប្រសាសន៍ដោយបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃនាពេលនេះថា ពិតជាបាននាំមកនូវចំណងមិត្តភាព សាមគ្គីភាព និងការពង្រឹងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនៃប្រទេសទាំង២ ដែលគោលបំណងសំខាន់គឺ បង្កើនកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព និងសន្តិសុខក្នុងនាមជាអ្នកជិតខាងល្អ និងការជម្រុញតំបន់ព្រំដែនឱ្យក្លាយជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និង ទេសចរ ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបន្តថា វាជាការ ល្អដែលយើងបានជួបគ្នាជជែកដោះស្រាយបញ្ហានានាដែលមានភាពរកាំរកុសនឹងគ្នានាពេលកន្លងមក ក្នុងមនោសញ្ចេត នាបងប្អូនអ្នកភូមិផងរបងជាមួយគ្នា ។

         មានមតិឆ្លើយតបវិញ ឯកឧត្តម Udomdej Sitabutr អនុរដ្ឋមន្ត្រីការពារជាតិ និងជាអគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ដែលបាន ចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តម មានឱកាសដឹកនាំគណៈប្រតិភូយោធាថៃចូលជួបសម្តែងការគួរ សមនាឱកាសនេះ ។ ឯកឧត្តម Udomdej Sitabutr បានបន្តថ្លែងអំណរគុណផងដែរដល់ភាគីកម្ពុជាដែលកន្លងមក មានការយោគយល់ចំពោះស្ថានការណ៍នយោបាយនៅប្រទេសថៃ និងបានបន្តកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា បើទោះបីមានពេលខ្លះនៅមានបញ្ហាកើតឡើងនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរក៏ដោយ តែយើងបានរួមគ្នាដោះ ស្រាយដោយសន្តិវិធីក្នុងនាមជាអ្នកជិតខាងល្អជាមួយគ្នា ។

         ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់ ឯកឧត្តម Prawit Wongsuwan ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាក្រថៃ ជូន ចំពោះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងនាយទាហាននៃកងយោធពលខេមរភូមិន្ទ ផងដែរ ។

         បន្ទាប់មកប្រមុខដឹកនាំយោធានៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍ឱ្យគ្នាទៅវិញទៅមកផងដែរ ៕